ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ ឲ្យដឹងថា ព្រៃឈើដែលសម្បូរទៅដោយជីវចម្រុះនេះ ត្រូវក្រុមឈ្មួញកាប់បំផ្លាញដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ ហើយពលរដ្ឋសាមញ្ញក៏ពុំអាចទាញអនុផលពីព្រៃឡង់នេះបានជាលក្ខណៈគ្រួសារដូចមុនទៀតឡើយ។ ពួកគេចាប់ផ្តើមយុទ្ធនាការព្រៃរយៈពេល ៥ថ្ងៃ ដើម្បីល្បាតការពារព្រៃឡង់ ដោយចាប់ផ្ដើមកាលពីថ្ងៃទី២៧ ខែវិច្ឆិកា និងបញ្ចប់ទៅវិញនៅថ្ងៃទី១ ខែធ្នូ។
ក្រុមអ្នកល្បាតដើម្បីការពារព្រៃឡង់ បានឲ្យដឹងថា រយៈពេល ៤ថ្ងៃមកនេះ ឈើដែលចាប់បានដោយការកាប់បំផ្លាញខុសច្បាប់ជិត ៣០ម៉ែត្រគូប បានបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើ ចំណែកឈើដែលសេសសល់ផ្សេងទៀត ត្រូវដុតបំផ្លាញនៅនឹងកន្លែង ព្រោះតែស្ថានភាពផ្លូវពិបាកដឹកចេញ។
តំណាងសហគមន៍ការពារព្រៃឡង់ លោក ស្វាយ ភឿន បញ្ជាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ថា គិតចាប់ពីល្បាតកាលពីថ្ងៃទី២៧ មកត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឈើដែលក្រុមសហគមន៍ចាប់បានរាប់ម៉ែត្រគូប ជាប្រភេទឈើធ្នង់ បានបញ្ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ចាត់វិធានការតាមផ្លូវច្បាប់។ ចំណែក ១០ភាគរយផ្សេងទៀត ក្រុមសហគមន៍បានដុតបំផ្លាញនៅនឹងកន្លែងផ្ទាល់ ព្រោះតែពិបាកក្នុងការនាំចេញមកខាងក្រៅ។
អ្នករស់នៅស្រុករវៀង ខេត្តព្រះវិហារ លោក ស្វាយ ភឿន បន្តថា ឈើដែលក្រុមសហគមន៍ចាប់បាន គឺជាឈើរបស់ពលរដ្ឋទទួលស៊ីឈ្នួលបន្តពីឈ្មួញក្នុងតំបន់ជាមន្ត្រីរបស់រដ្ឋាភិបាល និងអ្នកមានលុយ។ លោកឲ្យដឹងទៀតថា ក្រុមសហគមន៍ពិតជាពិបាកក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនេះណាស់ ព្រោះតែក្រុមអ្នករកស៊ីឈើភាគច្រើនសុទ្ធតែមានអាវុធក្នុងដៃ។
គិតមកដល់ពេលនេះ សហគមន៍ឲ្យដឹងថា សកម្មភាពនៃការចុះបង្ក្រាបនេះ ត្រូវបានបែងចែកជាពីរក្រុម ដែលមួយក្រុមៗ មានគ្នាជិត ១០០នាក់នេះ នឹងបន្តសកម្មភាពរបស់ខ្លួនរហូតដល់ថ្ងៃទី១ ខែធ្នូ ទើបបិទបញ្ចប់។ ក្រុមសហគមន៍អះអាងថា ឈើដែលចាប់បានជិត ៣០ម៉ែត្រគូប នៅចំណុចអូរដានេះ គឺជាបទល្មើសកម្រិតស្រាលនៅឡើយ។ ចំណែកសកម្មភាពនៅចំណុចអូរថ្លាន់ គឺមានទ្រង់ទ្រាយធំ។ ចំនួនឈើដែលត្រូវបានឈ្មួញកាប់បំផ្លាញមិនតិចជាង ៣០០ម៉ែត្រគូបទេ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបញ្ហានេះពីលោក អ៊ិត ភូមិរា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានទេ ដោយលោកអះអាងថា សេវាទូរស័ព្ទពិបាកទាក់ទង រួចក៏ផ្ដាច់ទៅវិញ។
ឆ្លើយតបបញ្ហានេះ អភិបាលរងស្រុកជ័យសែន ខេត្តព្រះវិហារ លោក វ៉ាន់ សុខ ចាត់ទុកថា ខាងស្រុកពុំមានសិទ្ធិចាប់បង្ខំអ្នកប្រព្រឹត្តបទល្មើសក្រៅពីជំនាញរដ្ឋបាលព្រៃឈើទេ។ លោកបន្តថា ការពិតខាងសាលាស្រុកបានប្រឹងប្រែងអប់រំពលរដ្ឋដែរ ប៉ុន្តែបទល្មើសនៅតែបន្តកើតមាន ព្រោះតែយន្តការពង្រឹងច្បាប់ក្នុងមូលដ្ឋាននៅមិនបានទូលំទូលាយ។
លោក សេង សុខហេង មន្ត្រីចងក្រងបណ្ដាញកសាងសន្តិភាពសហគមន៍ចាត់ទុកថា អ្វីដែលមន្ត្រីជំនាញពុំអាចទប់ស្កាត់បទល្មើសព្រៃឈើបាននៅពេលនេះ ទំនងជាជំនាញរដ្ឋបាលព្រៃឈើ សមត្ថភាពក្នុងការចុះបង្ក្រាបនៅមានកម្រិត និងអាចមន្ត្រីដែលអ្នកអនុវត្តច្បាប់ផ្ទាល់ រួមចំណែកក្នុងបទល្មើសព្រៃឈើនេះដែរ។
សហគមន៍ការពារព្រៃឡង់ រកឃើញថា ប្រភេទឈើដែលក្រុមបណ្ដាញការពារព្រៃឡង់ រឹបអូសបាន និងដុតបំផ្លាញចោល ភាគច្រើនគឺជាប្រភេទឈើធ្នង់រាប់រយម៉ែត្រគូប ដែលមានមុខកាត់ជាងមួយម៉ែត្រឡើងទៅ៕
ប្រភព៖RFA
ប្រភព៖RFA