ការវិនិយោគលើវិស័យចម្រៀងនៅប្រទេសកម្ពុជា មានហានិភ័យខ្ពស់ក្នុងការទទួលផលចំណេញត្រឡប់មកវិញ។ ក្រៅពីកត្តាលួចចម្លងស្នាដៃអ្នកនិពន្ធ ក៏មានកត្តាផ្សេងទៀតដែលធ្វើការវិនិយោគលើវិស័យចម្រៀងទទួលបរាជ័យដែរ។ កត្តាទាំងនោះ រួមមានគុណភាពបទភ្លេង និងទំនុកច្រៀងនៅអន់ខ្សោយ ឬមិនមានការបង្កើតថ្មីជាដើម។ ម៉្យាងវិញទៀត ចម្រៀងភាគច្រើនចម្លងពីបរទេស និងចម្លងអត្ថន័យគ្នាស្ទើរគ្រប់ផលិតកម្មទាំងអស់ដែលប្រកបអាជីវកម្មនៅប្រទេសកម្ពុជា។ការតែងនិពន្ធបទចម្រៀងថ្មីមួយទាមទារពេលវេលា ទេពកោសល្យ និងធនធានហិរញ្ញវត្ថុ។
ប៉ុន្តែបទចម្រៀងដែលតែងថ្មីនាពេលបច្ចុប្បន្ន តែងតែទទួលពាក្យរិះគន់ថា ជាបទដែលស្លាប់ចោលម្ចាស់។ មានន័យថា បទចម្រៀងថ្មីទទួលបានការគាំទ្រតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយបាត់បង់ទៅវិញ។ បទចម្រៀងសម័យថ្មីតែងទទួលពាក្យរិះគន់ពីស្រទាប់ប្រជាពលរដ្ឋវ័យកណ្ដាល ប៉ុន្តែយុវវ័យដែលមានចំនួនជាង ៤លាននាក់វិញ ភាគច្រើនបំផុតមិនចង់ស្ដាប់បទចម្រៀងពីជំនាន់ដើមឡើយ។
ទោះបីជាមានការលើកឡើងផ្ទុយគ្នានេះ ប៉ុន្តែអ្នកដែលវិនិយោគលើវិស័យចម្រៀងបច្ចុប្បន្នផ្ដោតលើការផលិតចម្រៀងបែបសម័យថ្មី។ ការផលិតចម្រៀងបែបសម័យទំនើបនេះ នឹងទទួលបានផលចំណេញដោយសារតែមានការគាំទ្រពីស្រទាប់យុវវ័យច្រើន បើធៀបនឹងមនុស្សវ័យកណ្ដាល។
អ្នកគ្រប់គ្រងផលិតកម្ម ភ្លេង រីខត (Phleng Record) លោក សុខ ជំនោរ បានអះអាងថា ការតែងនិពន្ធបទចម្រៀង និងទំនុកច្រៀងត្រូវស្របទៅតាមអ្នកគាំទ្រ។ បច្ចុប្បន្នយុវវ័យភាគច្រើនចូលចិត្តអ្វីដែលថ្មី ដោយសារតែពួកគេទាំងនោះបានទទួលលំហូរចូលពីវប្បធម៌បរទេសតាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍ និងការស្រាវជ្រាវតាមអ៊ីនធឺណិតជាដើម។ លោកបញ្ជាក់ទៀតថា អាយុកាលបទចម្រៀងថ្មីងាយនឹងបាត់បង់ដោយសារតែផលិតកម្មដែលដំណើរការមួយចំនួនប្រឹងផលិតតែបរិមាណ និងបោះបង់ចោលគុណភាពនៃបទចម្រៀង។ ម៉្យាងវិញទៀត ការផ្សព្វផ្សាយបទចម្រៀងថ្មីដល់អ្នកគាំទ្រក៏នៅមានកម្រិតទាប។
ទោះជាយ៉ាងណាក៏ដោយ អ្នកពាក់ព័ន្ធលើវិស័យចម្រៀងនៅកម្ពុជា បានអះអាងថា បទចម្រៀងភាគច្រើននៅស្ទើរគ្រប់ផលិតកម្មទាំងអស់មើលតាមការថតចម្លងពីបរទេស។
ផលិតករនិងជាអ្នកចម្រៀង លោក ម៉ិញ សុធីវណ្ណ មានប្រសាសន៍ថា ការចម្លងចម្រៀងពីបរទេស ដោយសារតែកត្តាសំខាន់ពីរ គឺបញ្ហាធនធានមនុស្ស និងបញ្ហាថវិកា។ លោកបញ្ជាក់ថា បទចម្រៀងបច្ចុប្បន្នភាគច្រើនបានចម្លងពីប្រទេសនានា ដូចជាប្រទេសថៃ វៀតណាម ចិន និងប្រទេសជាច្រើនទៀត។ ការចម្លងពីគេនោះ គឺមានងាយស្រួលក្នុងការផលិតចម្រៀងថ្មី និងទទួលបានផលចំណេញបានកាត់តែឆាប់ដែរ។
បន្ថែមលើនេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច មានប្រសាសន៍ថា ការលួចចម្លងបទចម្រៀងបរទេស នឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងវប្បធម៌ជាតិ។ ប្រទេសជាច្រើន រួមមានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង បានរិះគន់ផលិតកម្មចម្រៀងរបស់កម្ពុជា ថាបានលួចចម្លងស្នាដៃរបស់ពួកគេ ដោយពុំមានការអនុញ្ញាត។ លោកបញ្ជាក់ថា បទចម្រៀងរាប់ពាន់បទបានចម្លងពីបរទេស ដែលធ្វើឲ្យម្ចាស់ផលិតកម្ម និងអ្នកចម្រៀងទទួលបានផលប្រយោជន៍ច្រើនពីការលួចចម្លងពីបរទេសនោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវវិស័យចម្រៀងមួយចំនួនបានអះអាងថា បទចម្រៀងពីសម័យដើម ជាពិសេសជំនាន់លោក ស៊ីន ស៊ីសាមុត រួមទាំងរូបលោកផង ក៏បានច្រៀងនិងចម្លងបទភ្លេងពីបរទេសដែរ។ បទចម្រៀងមួយក្នុងចំណោមបទចម្រៀងជាច្រើនទៀត ដែលមានឈ្មោះថា "រថភ្លើងអាធ្រាត្រឃ្លាតសង្សារ" និពន្ធទំនុកច្រៀងតែងបទភ្លេងតាមលំនាំហុងកុង និងច្រៀងដោយលោកផ្ទាល់នៅទសវត្សរ៍ទី៦០។
យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបទភ្លេងនិងចម្រៀង បានអះអាងថា ទោះបីសម័យកាលចម្រៀងពីជំនាន់មុនមានការចម្លងពីបរទេសមែន ប៉ុន្តែអ្នកនិពន្ធបានយកមកកែច្នៃក្នុងការតែងទំនុកច្រៀង និងប្រើឧបករណ៍តែងបទភ្លេងមានលក្ខណៈខ្មែរ។
បន្ថែមលើនេះ ប្រធានសមាគមសិប្បករខ្មែរ លោក សុះ ម៉ាច មានប្រសាសន៍ថា លោកយល់ស្របថា មានការចម្លងគ្នាពីជំនាន់ដើមមែន ប៉ុន្តែមិនមែនជាការលួចទេ គឺការយល់ព្រមពីអ្នកតែងនិពន្ធរវាងប្រទេសកម្ពុជា និងប្រទេសមួយទៀត។ មូលហេតុនៃការយកបទចម្រៀងពីបរទេសនៅសម័យកាលនោះ ដោយសារតែពាណិជ្ជកម្មចិន ឬប្រទេសនានាដែលមករកស៊ីនៅក្នុងសម័យចង់ស្ដាប់ និងឲ្យមានលំនាំចម្រៀងរបស់ប្រទេសខ្លួន។ លោកបញ្ជាក់ថា ដើម្បីធ្វើផលិតកម្មចម្រៀងមួយជោគជ័យបាន លុះត្រាចម្រៀងនោះបង្ហាញពីពណ៌សម្បុរជាតិសាសន៍របស់ជាតិខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ មានផលិតកម្មចម្រៀងមួយចំនួនបានប្រឹងផលិតបទភ្លេងថ្មីជាបណ្ដើរៗដើម្បីកាត់បន្ថយការរិះគន់ពីមជ្ឈដ្ឋាននានា។
បទចម្រៀងថ្មីមួយបទដែលតែងបទភ្លេងដោយ លោក សួន ពិសិដ្ឋ និងទំនុកច្រៀងដោយលោក ស៊ឹម ស៊ូយុង មានចំណងជើងថា "ស្រាអាល័យ"៖ (ចម្រៀង)។ បទនេះ ច្រៀងដោយលោក ព្រាប សុវត្ថិ ប្រចាំផលិតកម្មរស្មីហង្សមាស។
អ្នកនិពន្ធទំនុកច្រៀងឲ្យផលិតកម្មរស្មីហង្សមាស លោក សុខ ចាន់ផល មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់លោក បទពីសង្គមចាស់តែងគិតពីគុណភាព ប៉ុន្តែបច្ចុប្បន្នគេគិតពីបរិមាណ។ លោកបញ្ជាក់ថា ស្របពេលដែលផលិតកម្មភាគច្រើនបានលួចចម្លងបរទេស ដែលពោរពេញដោយការប្រកួតប្រជែងដណ្ដើមទីផ្សាររៀងៗខ្លួន ការតែងនិពន្ធបទចម្រៀងមួយល្បីបាន ត្រូវមានចំណងជើង និងសាច់រឿងឲ្យត្រូវនឹងផ្នត់មនុស្សទូទៅ ជាពិសេសស្រទាប់យុវវ័យ។
បន្ថែមលើនេះ អ្នកគ្រប់គ្រងផលិតកម្មភ្លេង រីខត លោក សុខ ជំនោរ មានប្រសាសន៍ថា ដើម្បីធ្វើចម្រៀងមួយជោគជ័យមានកត្តាសំខាន់ពីរ។ ទីមួយ គឺផលិតចម្រៀងឲ្យមានគុណភាព និងទីពីរការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យស្គាល់ពីបទចម្រៀងនោះ។
ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មបទចម្រៀងនៅកម្ពុជាស្ទើរតែទាំងស្រុងបានបរាជ័យ។ តាមការប៉ាន់ដោយសមាគមអ្នកសិល្បករខ្មែរបានបង្ហាញថា ផលិតកម្មចម្រៀងបានបិទទ្វាជាបន្តបន្ទាប់ ដែលថយចុះពីចំនួនជាង ១០០ផលិតកម្មមក សល់ប្រមាណ ៣០ផលិតកម្មប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ បទចម្រៀងប្រមាណ ៥ពាន់បានថតចម្លងពីប្រទេសថៃ វៀតណាម និងប្រទេសកូរ៉េខាងត្បូង។ ម៉្យាងវិញទៀត ផលិតកម្មដែលកំពុងដំណើរការអាជីវកម្ម របស់ខ្លួនភាគច្រើននៅបរទេស៕