កត្តា​ដែល​ធ្វើ​ឲ្យ​ការ​វិនិយោគ​លើ​វិស័យ​​ចម្រៀង​បរាជ័យ




ការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​នៅ​ប្រទេស​កម្ពុជា​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ទទួល​ផល​ចំណេញ​​ត្រឡប់​មក​វិញ។ ក្រៅ​ពី​កត្តា​លួច​ចម្លង​ស្នាដៃ​អ្នក​​និពន្ធ ក៏​មាន​​កត្តា​​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​ទទួល​បរាជ័យ​ដែរ។ កត្តា​ទាំង​នោះ រួម​មាន​គុណភាព​បទ​ភ្លេង និង​ទំនុក​ច្រៀង​​នៅ​អន់​ខ្សោយ​ ឬ​​មិន​មាន​ការ​បង្កើត​ថ្មី​ជាដើម។ ម៉្យាង​វិញ​ទៀត ចម្រៀង​​ភាគ​ច្រើន​ចម្លង​ពី​បរទេស និង​​ចម្លង​អត្ថន័យ​គ្នា​ស្ទើរ​គ្រប់​ផលិតកម្ម​ទាំង​អស់​ដែល​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា។ការ​​តែង​​​និពន្ធ​បទ​ចម្រៀង​ថ្មី​មួយ​ទាមទារ​ពេល​វេលា ទេពកោសល្យ និង​ធនធាន​ហិរញ្ញវត្ថុ។

ប៉ុន្តែ​បទចម្រៀង​ដែល​តែង​ថ្មី​​នា​ពេល​បច្ចុប្បន្ន​ តែង​តែ​ទទួល​ពាក្យ​រិះគន់​ថា ជា​បទ​ដែល​ស្លាប់​ចោល​ម្ចាស់។ មាន​ន័យ​ថា​ បទ​ចម្រៀង​ថ្មី​ទទួល​បាន​ការ​គាំទ្រ​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​បាត់​បង់​ទៅ​វិញ។ បទ​ចម្រៀង​សម័យ​ថ្មី​តែង​ទទួល​ពាក្យ​រិះគន់​ពី​​ស្រទាប់​ប្រជាពលរដ្ឋ​​វ័យ​កណ្ដាល ប៉ុន្តែ​យុវវ័យ​​ដែល​មាន​ចំនួន​ជាង ៤​​លាន​​នាក់​វិញ ភាគ​ច្រើន​បំផុត​មិន​ចង់​ស្ដាប់​បទ​ចម្រៀង​ពី​ជំនាន់​ដើម​​ឡើយ។
ទោះ​បី​ជា​មាន​​ការ​លើក​ឡើង​ផ្ទុយ​គ្នា​នេះ ប៉ុន្តែ​​អ្នក​ដែល​វិនិយោគ​លើ​វិស័យ​​ចម្រៀង​បច្ចុប្បន្ន​ផ្ដោត​លើ​ការ​ផលិត​​ចម្រៀង​​បែប​សម័យ​ថ្មី។ ការ​ផលិត​ចម្រៀង​​បែប​​សម័យ​ទំនើប​នេះ នឹង​ទទួល​បាន​ផល​ចំណេញ​ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​ស្រទាប់​​យុវវ័យ​ច្រើន បើ​ធៀប​នឹង​មនុស្ស​វ័យ​កណ្ដាល។
អ្នក​គ្រប់​គ្រង​ផលិតកម្ម ភ្លេង រីខត (Phleng Record) លោក សុខ ជំនោរ បាន​អះអាង​ថា ការ​តែង​​និពន្ធ​បទ​ចម្រៀង និង​ទំនុក​ច្រៀង​ត្រូវ​​ស្រប​ទៅ​តាម​​អ្នក​គាំទ្រ។ បច្ចុប្បន្ន​យុវវ័យ​​ភាគ​ច្រើន​ចូល​ចិត្ត​អ្វី​ដែល​ថ្មី ដោយសារ​តែ​ពួកគេ​ទាំង​នោះ​បាន​ទទួល​លំហូរ​ចូល​ពី​វប្បធម៌​បរទេស​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ និង​ការ​ស្រាវ​ជ្រាវ​តាម​អ៊ីនធឺណិត​ជា​ដើម។ លោក​​បញ្ជាក់​ទៀត​ថា អាយុកាល​បទ​ចម្រៀង​ថ្មី​ងាយ​នឹង​បាត់​បង់​ដោយសារ​តែ​ផលិតកម្ម​ដែល​ដំណើរការ​មួយ​​ចំនួន​ប្រឹង​ផលិត​តែ​បរិមាណ និង​បោះ​បង់​ចោល​​គុណភាព​នៃ​បទ​ចម្រៀង។ ម៉្យាង​វិញ​ទៀត ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​ដល់​អ្នក​គាំទ្រ​ក៏​នៅ​មាន​កម្រិត​ទាប។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ពាក់ព័ន្ធ​លើ​វិស័យ​ចម្រៀង​នៅ​កម្ពុជា បាន​អះអាង​ថា បទ​ចម្រៀង​ភាគ​ច្រើន​នៅ​​​ស្ទើរ​គ្រប់​ផលិតកម្ម​ទាំង​​អស់​​​​មើល​តាម​ការ​ថត​ចម្លង​ពី​បរទេស។
ផលិតករ​និង​ជា​អ្នក​ចម្រៀង លោក ម៉ិញ សុធីវណ្ណ មាន​ប្រសាសន៍​ថា ការ​ចម្លង​ចម្រៀង​ពី​បរទេស​ ដោយសារ​តែ​កត្តា​សំខាន់​ពីរ គឺ​បញ្ហា​ធនធាន​មនុស្ស និង​បញ្ហា​ថវិកា។ លោក​បញ្ជាក់​ថា បទ​ចម្រៀង​​បច្ចុប្បន្ន​ភាគ​ច្រើន​បាន​​ចម្លង​ពី​ប្រទេស​នានា​ ដូច​ជា​ប្រទេស​ថៃ វៀតណាម ចិន និង​ប្រទេស​​ជា​ច្រើន​ទៀត។ ការ​ចម្លង​ពី​គេ​នោះ គឺ​មាន​​ងាយ​ស្រួល​ក្នុង​ការ​ផលិត​ចម្រៀង​ថ្មី និង​​ទទួល​បាន​ផល​ចំណេញ​​បាន​កាត់​តែ​ឆាប់​ដែរ។
បន្ថែម​លើ​​នេះ ប្រធាន​សមាគម​​សិល្បករ​ខ្មែរ លោក សុះ ម៉ាច មាន​ប្រសាសន៍​ថា ការ​លួច​ចម្លង​បទ​ចម្រៀង​បរទេស​ នឹង​ប៉ះពាល់​ដល់​​កេរ្តិ៍ឈ្មោះ និង​វប្បធម៌​ជាតិ។ ប្រទេស​ជា​ច្រើន​ រួម​មាន​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រិះគន់​ផលិតកម្ម​ចម្រៀង​របស់​កម្ពុជា ថា​បាន​លួច​ចម្លង​ស្នាដៃ​របស់​ពួកគេ ដោយ​ពុំ​មាន​ការ​អនុញ្ញាត។ លោក​បញ្ជាក់​ថា បទ​ចម្រៀង​រាប់​ពាន់​បទ​បាន​ចម្លង​ពី​បរទេស ដែល​ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម និង​អ្នក​ចម្រៀង​ទទួល​បាន​ផល​ប្រយោជន៍​​ច្រើន​ពី​ការ​លួច​ចម្លង​ពី​បរទេស​នោះ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​វិស័យ​ចម្រៀង​​មួយ​ចំនួន​បាន​អះអាង​ថា បទ​ចម្រៀង​ពី​សម័យ​ដើម ជា​ពិសេស​​​ជំនាន់​លោក ស៊ីន ស៊ីសាមុត រួម​ទាំង​រូប​លោក​ផង ក៏​បាន​ច្រៀង​និង​​ចម្លង​បទ​ភ្លេង​​ពី​បរទេស​ដែរ។ បទ​ចម្រៀង​​មួយ​ក្នុង​ចំណោម​បទ​ចម្រៀង​ជា​ច្រើន​ទៀត ដែល​មាន​ឈ្មោះ​ថា "រថភ្លើង​អាធ្រាត្រ​ឃ្លាត​សង្សារ" និពន្ធ​​ទំនុក​​ច្រៀង​តែង​បទ​ភ្លេង​តាម​លំនាំ​​ហុងកុង និង​ច្រៀង​ដោយ​លោក​​ផ្ទាល់​​នៅ​​ទសវត្សរ៍​ទី​៦០។
យ៉ាង​ណា​ក៏ដោយ​អ្នក​ស្រាវជ្រាវ​​​បទភ្លេង​និង​ចម្រៀង​ បាន​អះអាង​ថា​ ទោះ​បី​​​សម័យកាល​ចម្រៀង​ពី​ជំនាន់​មុន​មាន​ការ​ចម្លង​ពី​​បរទេស​មែន ប៉ុន្តែ​អ្នក​និពន្ធ​បាន​យក​មក​កែច្នៃ​​ក្នុង​ការ​តែង​ទំនុក​ច្រៀង និង​ប្រើ​​ឧបករណ៍​តែង​​បទ​ភ្លេង​​មាន​លក្ខណៈ​ខ្មែរ។
បន្ថែម​លើ​នេះ ប្រធាន​សមាគម​​សិប្បករ​ខ្មែរ លោក សុះ ម៉ាច មាន​​ប្រសាសន៍​ថា លោក​យល់​ស្រប​​​​ថា មាន​ការ​ចម្លង​គ្នា​ពី​​ជំនាន់​ដើម​មែន​ ប៉ុន្តែ​មិន​មែន​​ជា​ការ​លួច​​ទេ គឺ​ការ​យល់​ព្រម​ពី​​អ្នក​តែង​និពន្ធ​រវាង​​ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ទៀត។ ​មូលហេតុ​នៃ​ការ​យក​បទ​ចម្រៀង​ពី​បរទេស​នៅ​សម័យ​កាល​នោះ ដោយសារ​តែ​ពាណិជ្ជកម្ម​ចិន ឬ​ប្រទេស​នានា​ដែល​មក​រក​ស៊ី​នៅ​ក្នុង​សម័យ​ចង់​ស្ដាប់​ និង​ឲ្យ​មាន​លំនាំ​ចម្រៀង​របស់​ប្រទេស​ខ្លួន។ លោក​បញ្ជាក់​ថា​ ដើម្បី​ធ្វើ​ផលិតកម្ម​ចម្រៀង​មួយ​ជោគជ័យ​បាន លុះ​ត្រា​ចម្រៀង​នោះ​បង្ហាញ​ពី​ពណ៌​​​សម្បុរ​ជាតិ​សាសន៍​​របស់​ជាតិ​ខ្លួន​ឯង។
ទោះ​ជា​​យ៉ាង​ណា​ក៏ដោយ​​ មាន​ផលិតកម្ម​ចម្រៀង​មួយ​ចំនួន​បាន​ប្រឹង​ផលិត​បទ​ភ្លេង​​ថ្មី​​ជា​បណ្ដើរៗ​ដើម្បី​កាត់​បន្ថយ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា។
បទ​ចម្រៀង​ថ្មី​​មួយ​បទ​ដែល​តែង​បទ​ភ្លេង​ដោយ លោក សួន ពិសិដ្ឋ និង​ទំនុក​ច្រៀង​ដោយ​លោក ស៊ឹម ស៊ូយុង មាន​ចំណង​ជើង​ថា "ស្រា​អាល័យ"៖ (ចម្រៀង)។ បទ​នេះ ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស។
អ្នក​និពន្ធ​ទំនុក​ច្រៀង​ឲ្យ​ផលិតកម្ម​រស្មី​ហង្សមាស លោក សុខ ចាន់ផល មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក បទ​ពី​សង្គម​ចាស់​តែង​គិត​ពី​គុណភាព ប៉ុន្តែ​បច្ចុប្បន្ន​គេ​គិត​ពី​បរិមាណ។ លោក​បញ្ជាក់​ថា​​ ស្រប​​ពេល​ដែល​ផលិតកម្ម​ភាគ​ច្រើន​បាន​លួច​ចម្លង​បរទេស​ ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​​​ដណ្ដើម​ទីផ្សារ​រៀងៗ​ខ្លួន ការ​តែង​និពន្ធ​​បទ​ចម្រៀង​មួយ​​ល្បី​បាន ត្រូវ​មាន​ចំណង​ជើង​ និង​សាច់​រឿង​ឲ្យ​ត្រូវ​នឹង​ផ្នត់​មនុស្ស​ទូទៅ ជា​ពិសេស​ស្រទាប់​យុវវ័យ។
បន្ថែម​លើ​នេះ អ្នក​គ្រប់គ្រង​ផលិតកម្ម​ភ្លេង រីខត លោក សុខ ជំនោរ មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ចម្រៀង​មួយ​ជោគជ័យ​​​មាន​កត្តា​សំខាន់​ពីរ។ ទី​មួយ គឺ​ផលិត​ចម្រៀង​ឲ្យ​មាន​គុណភាព និង​ទីពីរ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ស្គាល់​ពី​បទ​ចម្រៀង​នោះ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ផលិតកម្ម​បទ​ចម្រៀង​នៅ​កម្ពុជា​​ស្ទើរ​តែ​ទាំង​ស្រុង​បាន​បរាជ័យ។ តាម​ការ​ប៉ាន់​ដោយ​សមាគម​អ្នក​សិល្បករ​ខ្មែរ​​បាន​បង្ហាញ​ថា​ ផលិតកម្ម​ចម្រៀង​បាន​បិទ​ទ្វា​​ជា​បន្ត​បន្ទាប់ ដែល​ថយ​ចុះ​ពី​ចំនួន​​ជាង ១០០​ផលិតកម្ម​មក សល់​ប្រមាណ ៣០​ផលិតកម្ម​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន។ បទចម្រៀង​​ប្រមាណ ៥​ពាន់​បាន​ថត​ចម្លង​ពី​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ម៉្យាង​វិញ​ទៀត ផលិតកម្ម​​ដែល​កំពុង​​​ដំណើរការ​​អាជីវកម្ម ​របស់​ខ្លួន​ភាគ​ច្រើន​នៅ​​បរទេស៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors