នេះជាដំណាក់កាលថ្មីមួយនៃការឈានឆ្ពោះទៅសម្រេចមហិច្ឆតាអវកាសរបស់ចិន ! នៅថ្ងៃអាទិត្យទី ១ ធ្នូ វេលាម៉ោង ១៧និង៣០នាទី ម៉ោងសកល ត្រូវនឹងម៉ោង១កន្លះព្រឹកថ្ងៃចន្ទទី២ធ្នូ ម៉ោងនៅក្នុងស្រុក ចិននឹងបង្ហោះយានអវកាសដើម្បីបញ្ជូនយានយន្តបញ្ជាពីចម្ងាយឱ្យទៅធ្វើការរុករកនៅឋានព្រះចន្ទ។ យានយន្តដែលចិនប្រសិទ្ធិនាមថា “ទន្សាយហ្គិច”។
បេសកកម្ម “ចង់អ៊ី-៣” (Chang'e-3)នឹងត្រូវបង្ហោះចេញពីមជ្ឈមណ្ឌលផ្កាយរណបស៊ីឆង់ នៃខេត្តស៊ីឈន់ នាថ្ងៃទីពីរឆ្នូឆ្នាំ២០១៣។ នេះជាការប្រកាសជូនដំណឹងរបស់ភ្នាក់ងារសារព័ត៌មានផ្លូវការចិន ដោយគូសបញ្ជាក់ថា ការរៀបចំត្រៀមលក្ខណៈបង្ហោះមានដំណើរការគួរឱ្យពេញចិត្ត ឯរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលក៏នៅថ្មីៗ។ ឯការប្រសិទ្ធិនាម គឺធ្វើឡើងស្របទៅតាមជំនឿនិទានរបស់ចិន ដែលថាទន្សាយព្រះចន្ទ ជាតំណាងភាពអមតៈ បានរួមរស់ជាមួយទេពធីតាឋានព្រះចន្ទ ព្រះនាងចង់អ៊ី។
ថ្វីដ្បិតតែចិនមានការយឺតយ៉ាវខ្លាំង បើប្រៀបទៅនឹងសហរដ្ឋអាមេរិកនិងរុស្ស៊ី មែន ប៉ុន្តែបេសកកម្មចង់អ៊ី-៣នេះ គឺជាដំណាក់កាលដ៏សំខាន់បញ្ជាក់ពីជំហានទៅមុខដ៏លឿនទ្វេដងរបស់ប៉េកាំង ក្នុងវិស័យអវកាស។ “ទន្សាយហ្គិច” យានយន្ត "rover" ដែលនឹងត្រូវបញ្ជូនទៅកាន់ឋានព្រះចន្ទនៅថ្ងៃស្អែក មានកង់៦ បញ្ជាពីចម្ងាយ មានបន្ទុកទៅសិក្សាវិទ្យាសាស្ត្រ មានជាអាទិ៍ការវិភាគភូគព្ភសាស្ត្រ។ ដើរដោយថាមពលព្រះអាទិត្យ ទន្សាយហ្គិច នឹងបញ្ជូនព័ត៌មានទាំងឡាយមកភពផែនដីវិញ ជារូបភាព៣D តាមរយៈផ្កាយរណប។
មានទម្ងន់១២០គីឡូក្រាម ទន្សាយហ្គិច មានអាយុប្រតិបត្តិការបីខែ និងអាចធ្វើបំលាស់ទីក្នុងល្បឿនយ៉ាងលឿនបំផុត ២០០ម៉ែត្រក្នុងមួយម៉ោង នឹងបញ្ជូនទៅឋានព្រះចន្ទត្រង់ចំណុច ឆកឥន្ធនូ ដែនដីព្រះចន្ទដែលចិនមិនធ្លាប់ទៅរុករកពីមុនមកទេ។ លក្ខណៈពិសេសនៃតំបន់ស្រាវជ្រាវនេះ មានពន្លឺព្រះអាទិត្យ និងមានទូរគមនាគមន៍ជាមួយភពផែនដី។
ក្នុងបេសកកម្ម បង្ហោះទៅកាន់តារាវិថី ចង់អ៊ី-១ កាលពីខែតុលាឆ្នាំ២០០៧ និងចង់អ៊ី-២ នៅខែតុលាឆ្នាំ២០១០ ចិនតាមសង្កេតយ៉ាងលម្អិតឋានព្រះចន្ទ។ ការបង្ហោះយានអវកាសទៅកាន់ឋានព្រះចន្ទនៅលើកនេះ បញ្ជាក់កាន់ច្បាស់អំពីលក្ខន្តិកៈចិនជាមហាអំណាច -ចិនដែលស្រមៃចង់ក្លាយជាប្រទេសដំបូងគេនៅអាស៊ី បានបញ្ជូនមនុស្សទៅឋានព្រះចន្ទ និងមានស្ថានីយ៍ផ្កាយរណបអចិន្ត្រៃយ៍នៅឆ្នាំ ២០២០ ដូចស្ថានីយ៍អវកាសអន្តរជាតិ។ ឥណ្ឌាក៏មានមហិច្ឆតាអវកាសខ្ពស់ដែរ ដោយបានបញ្ជូនយានអវកាសទៅកាន់ឋានព្រះចន្ទកាលពីឆ្នាំ២០០៨- ជាលើកទីមួយ តាំងពីមានបង្កើតកម្មវិធីអវកាសនៅឆ្នាំ១៩៦៣មក៕