យន្តហោះ​ចម្បាំង​របស់ចិន​រកឃើញ​យន្តហោះ​ប្រយុទ្ធ​របស់​ជប៉ុន និង​អាមេរិកក្នុង​តំបន់​ការពារ​ហោះហើរ​របស់​ចិន



ដោយ ឈាង បុប្ផា
ចាប់តាំងពី​ចិន​បង្កើត​តំបន់​ការពារ​ដែនអាកាស ​ភាពតានតឹង​មិនបាន​ថយចុះទេ នៅ​សមុទ្រ​ចិន​ខាងកើត​។ កាលពីថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ម្សិលមិញ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង របស់ខ្លួន ទៅហោះ​ក្រវែល​នៅក្នុង​តំបន់​ការពារ​ដែន​អាកាស​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ដោយ​ឯកតោភាគី។នៅថ្ងៃ​សុក្រ​ដដែល ទីក្រុង​
វ៉ាស៊ីនតោនដែល​ធ្លាប់​ប្រឆាំង​នឹង​ការបង្កើត​តំបន់​ការពារ​ដែនអាកាស ​បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​ហោះហើរ​ស៊ីវិលរបស់​អាមេរិក​​ឲ្យ​គោរព​តាម​សេចក្តីណែនាំ​របស់​ទីក្រុង​ប៉េកាំង។
នៅពេល​ដែល​យន្តហោះ​ចម្បាំង​របស់​ចិន​កំពុងល្បាត ​ហោះហើរ​ពេញ​តំបន់​ការពារ​ដែន​អាកាស យ៉ាងដូច្នេះ អាមេរិក​ត្រូវ​ចេញ​បទបញ្ជា​ថ្មី​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិលអាមេរិក​​គោរព​តាម​ចំណាត់ការ​របស់​អាជ្ញាធរ​ចិនសិនហើយ ដើម្បី​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​ស៊ីវិល។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់ហើយ​ថា ខ្លួន​នៅ​តែ​មិន​​ទទួលស្គាល់​តំបន់​ការពារ​ដែន​អាកាស​ដែល​ចិន​បាន​បង្កើត​ឡើង ដោយ​អត្តនោម័ត កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុនទេ។ ជាក់ស្តែង យន្តហោះ​យោធា​របស់​អាមេរិក​នៅបន្ត​ហោះហើរ នៅ​ក្នុង​តំបន់​ការពារ​ដែន​អាកាស​ដែល​ចិន​ប្រកាស​ទាមទារ​គ្រប់គ្រង ដោយ​មិន​បាន​បញ្ជូន​សញ្ញា ឬ​ផ្តល់​ព័ត៌មាន​ទៅ​តាម​ការទាមទារ​របស់​ទីក្រុង​ប៉េកាំង។​
 ►សូមអាន៖​អាមេរិក​បារម្ភ​ចំពោះ​ផលវិបាក​ដែល​អាច​បង្ក​ដោយ​តំបន់ការពារ​ដែនអាកាស​​របស់​ចិន 

មន្ទីរបញ្ចកោណ​វិញ​បានបញ្ជាក់ កាលពី​ថ្ងៃម្សិលមិញថា កងទ័ព​អាមេរិកនឹង​​មិន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងកើត​ឡើយ។ យន្តហោះ​ចម្បាំង​របស់​អាមេរិក នៅ​បន្ត​ហោះ​ពី​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និងនៅក្នុង​តំបន់​ការពារ​ដែន​អាកាស​ថ្មី​របស់​ចិន ដែល​អាមេរិក​នៅ​តែ​ចាត់ទុក​ជា​តំបន់​ហោះហើរ​អន្តរជាតិ។

សូមអាន៖  ភាពតានតឹងជុំវិញការបង្កើតតំបន់ការពារដែនអាកាសរបស់ចិន

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ បាន​បញ្ជាក់​ពី​វត្តមាន​របស់​យន្តហោះយោធា ​អាមេរិក និង​ជប៉ុន នៅក្នុង​ដែន​អាកាស​របស់​ចិន។ យោងតាម​​ស៊ីនហួរ កាលពី​ថ្ងៃ​សុក្រម្សិលមិញ យន្តហោះ​របស់​ចិន ដែលក្នុង​នោះ​មាន​យន្តហោះ​ប្រមាញ់​យ៉ាងតិច​ពីរ ត្រូវ​បាន​បញ្ជូន​ទៅ​ត្រួតពិនិត្យ​ក្នុង​តំបន់​ការពារ​ដែនអាកាស​ ដែល​យន្តហោះ​ចិន​បាន​កំណត់​ឃើញ​អត្តសញ្ញាណ​យន្តហោះ​ត្រួតពិនិត្យ​ពីរ​របស់​អាមេរិក និង​យន្តហោះ​១០​គ្រឿង​ទៀត​របស់​ជប៉ុន ដែល​មាន​មួយគ្រឿង​ជាយន្តហោះ​ធុនប្រយុទ្ធ កំពុង​ហោះ​ហើរ​នៅក្នុង​ដែន​។ តាមអ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​​​ចិន បេសកកម្ម​របស់​យន្តហោះ​ល្បាត​របស់​ចិន​មាន​គោលដៅ​តាមដាន​ ឃ្លាំមើល​សកម្មភាព​ហោះហើរ និង​កំណត់​អត្តសញ្ញាណ​ ​របស់​យន្តហោះ​របស់​ប្រទេស​ដទៃទៀតដែល​ហោះ​ចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​ចិន។

ភាពតានតឹង​ក្នុង​ជម្លោះ​ដណ្តើម​ប្រជុំកោះ សេនកាគូ ឬ​ទៀវយូ រវាង​ចិន និង​ជប៉ុន​ កើតមាន​តាំងពី​ពេល​ដែល​រដ្ឋាភិបាលជប៉ុន​បាន​ទិញ​ដីកោះ​បី​នៃ​ប្រជុំកោះ​សេនកាគូ​មក​ធ្វើ​ជា​សម្បត្តិរដ្ឋ។ ប៉ុន្តែ គឺ​ចលនា​ជាតិនិយមនៅក្នុង​ប្រទេស​នីមួយៗ ​ដែល​កំពុង​ដុតបញ្ឆេះ​ឲ្យ​ជម្លោះ​​មាន​កាន់តែខ្លាំងឡើងៗ​រវាង​ចិន និង​ជប៉ុន។ គឺ​ចលនាជាតិ​និយមនេះឯង ដែល​ស្តែងឡើងនៅក្នុង​ប្រព័ន្ធ​ចុះផ្សាយក្នុង​ស្រុក ដែល​កំពុង​ញុះញង់​ឲ្យ​រដ្ឋាភិបាល​ចិន និង​ជប៉ុន​ត្រលប់​មក​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង។ កាលពី​ថ្ងៃ​សុក្រ កាសែត​ក្នុង​ស្រុក​ចិន​បាន​អំពាវនាវ​ដល់​​រដ្ឋាភិបាលកុំ​ឲ្យ​រារែក និង​​ប្រតិកម្ម​តបត​យ៉ាងចាស់ដៃ​លើ​អ្នក​ដែល​មិន​គោរព​ដែនអាកាស​របស់ចិន។

ជម្លោះ​​កាន់តែ​រីករាលដាលកាន់តែធំ ចាប់តាំងពី​ជប៉ុន មាន​នាយករដ្ឋមន្រ្តី​ដែល​ជាអ្នកអភិរក្ស និង​ជាតិនិយមខ្លាំង។ ប្រទេស​ចិន​វិញ ដែល​ធ្លាប់​រងគ្រោះ​នៅក្រោម​ការគ្រប់គ្រង​ផ្តាច់ការ​របស់​ជប៉ុន តាំងពី​មុន​សម័យ​សង្រ្គាម​លោកលើកទីពីរ ​ក៏​កំពុង​ចង់​សាក​កម្លាំង​ជាមួយ​ជប៉ុន​វិញដែរ។ ផលចំណេញមួយទៀត ដែល​ចិន​បាន​ពីការហ៊ានចេញមុខ​ផ្គើន​ជាមួយ​ជប៉ុន និង​អាមេរិក គឺ​​ចិន​ចង់​បង្ហាញ​អំណាច ឥទ្ធិពល​ផ្តាច់មុខ​របស់ខ្លួន នៅ​អាស៊ី​។

កាលពី​ប៉ុន្មានឆ្នាំ​មុន ចិន​ដែល​នៅស្គាល់​ភាពក្រីក្រ មិន​ជឿនលឿន ប្រហែល​មិន​ទាន់​ហ៊ាន​ចេញមុខ ក្អក​ដាក់​ជប៉ុន និង​បាន​​បណ្តោយ​ឲ្យ​ជប៉ុន​យកដីកោះ​ទៀវយូ កាលពី​ឆ្នាំ ១៩៥១។ ប៉ុន្តែ នៅពេលនេះ ចិន​ដែល​កំពុង​ក្លាយ​ជាមហាអំណាច​សេដ្ឋកិច្ច​ទីពីរ វ៉ាដាច់​ជប៉ុន​កំពុង​អភិវឌ្ឍវិស័យ​យោធា​របស់ខ្លួន យ៉ាងសន្ធឹកសន្ធាប់។ បញ្ញវន្ត​ចិន និង​អ្នកជាតិនិយម​ជាច្រើន​ទៀត មិន​ខ្លាច​នឹង​ទទូចសុំឲ្យ​រដ្ឋាភិបាល​របស់ខ្លួន​ចេញមុខ​ប្រឈមមុខ​នឹងជប៉ុន បើទោះបី​ជា​ប្រឈមមុខ​ផ្នែកយោធា នោះ​ដើម្បី​បង្ហាញថា ចិន​លែង​ជា​ប្រទេស​ទន់ជ្រាយ ទុក​ឲ្យ​ជប៉ុន​ធ្វើ​បាប​ដូចមុន​ទៀតហើយ។

សូមអាន៖ ចិនបង្ហាញជាលើកទីមួយ យន្តហោះចម្បាំងដោយគ្មានមនុស្សបើក 

ការដែល​ចិន​ចេញមុខ​ដណ្តើមដីកោះ​ជាមួយ​ជប៉ុន​មិន​មែន​ត្រឹមតែ​ដើម្បី​ការពារ​ប្រយោជន៍​អធិបតេយ្យ​ភាព​ទឹកដី​តែប៉ុណ្ណោះទេ។ ប៉ុន្តែ ចិន​សំឡឹង​ឃើញ​ប្រយោជន៍​សេដ្ឋកិច្ច​ផងដែរ។​ដូចដឹងស្រាប់ហើយ គេ​ទើប​តែ​រកឃើញថា នៅ​ជិត​ប្រជុំកោះ​សេនកាគូ មាន​អណ្តូង​​ឧស្ម័ន​មួយ​យ៉ាង​​​ធំ​ ហើយ​តំបន់​ជិតប្រជុំកោះនោះទៀតសោត​សំបូរ​ដោយ​ត្រី និង​ធនធាន​ធម្មជាតិ​ជាច្រើនទៀត ដែល​ចិន​ត្រូវការ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន។

តើ​នឹង​អាច​មាន​ការប៉ះទង្គិច​គ្នា​ផ្នែក​យោធា​ដែរឬទេ 
នេះជាអ្វី​ដែល​គេ​កំពុង​បារម្ភ។ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ យន្តហោះ​ទម្លាក់​គ្រាប់បែក​​អាមេរិក​ធុន​ ​បេ ៥២​បាន​ហោះចូល​ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ចិន ដោយ​មិន​ជូនដំណឹង​ដល់​អាជ្ញាធរ​ចិន។ ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​លើកទឹកចិត្ត​ដោយ​ការគាំទ្រ​យោធា​ពី​អាមេរិក បាន​បន្ត​បញ្ជូន​យន្តហោះ ទៅក្នុង​ដែន​អាកាស​របស់ចិនដែរ។ ចិន​ពេលនេះ កំពុង​ប្រឈមមុខ​នឹង​ការរួមកម្លាំងគ្នា រវាង​​អាមេរិក ជាមួយ​នឹង​ជប៉ុន និង​កូរ៉េខាងត្បូង។ ប្រទេស​ទាំងបី​បាន​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន ទៅក្នុងដែន​អាកាស​ដែល​ចិន​បាន​កំណត់​ជា​តំបន់​ការពារ​របស់ខ្លួន។

កាសែត​Yomiuri Shimbun របស់​ជប៉ុនវិញ បាន​សរសេរ​កាលពីថ្ងៃ​សុក្រ​ម្សិលមិញថា អាមេរិក​និង​ជប៉ុន​នឹងពង្រឹង​សហប្រតិបត្តិការ​យោធា​នៅក្នុង​តំបន់។ យន្តហោះ​ជប៉ុន​សម្រាប់​ចាប់​សញ្ញា​យន្តហោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ហោះហើរជាអចិន្រ្តៃយ៍ នៅពីលើ​កោះអូគីណាវ៉ា ចំណែក​យន្តហោះ​គ្មានមនុស្ស​បើក​របស់​អាមេរិក និង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ពេលខាងមុខ នៅក្នុង​ប្រទេស​ជប៉ុន។ មើល​ទៅស្ថានភាព​បច្ចុប្បន្ននេះ គេ​បារម្ភថា យន្តហោះ​របស់​ប្រទេស​ដែល​ប្រឈមមុខ​ដាក់គ្នា នឹង​អាច​ប៉ះទង្គិចដាក់គ្នា ​នៅថ្ងៃណា​មួយ​មិន​ខាន។

ចិន​បាន​ព្រមាន​រួចហើយ​ដល់​អាមេរិកកុំ​ឲ្យ​លូកដៃ​នៅក្នុង​ជម្លោះទឹកដី​ចិន និង​ជប៉ុននេះ។ កាសែត​ចិន​ ដែល​ភាគច្រើន​តំណាង​ឲ្យ​សំឡេង​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅក្នុង​សប្តាហ៍​នេះ បាន​សរសេរ​ថា អាមេរិក​នឹង​រួចខ្លួន បើសិន​ជា​មិន​ចូល​ពាក់ព័ន្ធ​នឹង​ជម្លោះ​លើកនេះ។ ពោលគឺ​ចិន​ចង់​សំដៅ​រករឿង​តែ ជប៉ុន​មួយតែប៉ុណ្ណោះ ដែល​បើតាម​ចិន នៅ​បន្ត​មហិច្ឆិតា​ចក្រពត្តិ​និយម​ ដណ្តើមទឹកដី។ បើមើលទៅ​កម្លាំង​យោធា ចិន មាន​​មិនចាញ់​គ្នាជប៉ុន​ប៉ុន្មានទេ។ ជប៉ុន​នៅប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​បាន​បង្កើន​ថវិកា​យោធា ដល់ ៥០ពាន់​លាន​ដុល្លារ ប៉ុន្តែ ចំនួននេះ​តំណាង​ឲ្យ​តែ​មួយភាគបី​នៃ​ថវិការបស់​ចិន​តែប៉ុណ្ណោះ។ ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះដែរ​បាន​អភិវឌ្ឍ​វិស័យយោធា​របស់ខ្លួន នៅ​ផ្នែកជើងទឹក ដើម្បី​ទប់ទល់​នឹង​ទាហានជើងទឹក​របស់ជប៉ុន ដែល​គេ​វាយតម្លៃថា បំពាក់​ដោយ​កប៉ាល់ចម្បាំង និង​នាវាមុជទឹក​ទំនើប និង​មានសមត្ថភាពនៅក្នុង​សមរភូមិ។


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors