Pages

Tuesday, December 3, 2013

ពលករ​ខ្មែរ​ដែល​គ្រោះថ្នាក់ ​ដោយ​ការ​ប៉ះ​ទង្គិច​នៅ​បាងកក មក​ពី​ខេត្ត​ស្វាយរៀង​

ដោយ លាង ដឺលុច
មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​ជួប​ជាមួយ​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ការ​ប៉ះទង្គិច​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​នោះហើយ។ ជនរងគ្រោះ​ខ្មែរ​នោះ​ជា​កម្មករ​សំណង់​ ឈ្មោះ​ប៊ុន រតនា​ មក​ពី​ខេត្ត​ស្វាយរៀង។គ្រូ​ពេទ្យ​ថៃ​បាន​ជួយ​សង្គ្រោះ​រូប​គេ​អោយផុត​
សេចក្តីស្លាប់ហើយ ហើយ​ការ​ព្យាបាល​​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រូវ​បាន​រ៉ាប់រង​ដោយ​ក្រុមហ៊ុន​ដែល​បញ្ជូន​រូប​គេ​ទៅធ្វើការ​ក្នុង​ប្រទេស​ថៃ​នោះ។តាមពិត​ ពលករ​ខ្មែរ​ដែល​រងគ្រោះ​ដោយចៃដន្យ ដោយសារ​ការ​វាយប្រហារគ្នា​រវាង​ក្រុម​បាតុករ​២​ក្រុមក្នុងទីក្រុង​បាងកក កាល​ពី​យប់​ថ្ងៃទី​៣០​វិច្ឆិកា​នោះ មាន​ឈ្មោះ​ ប៊ុន រតនា អាយុ​៣០​ឆ្នាំ មក​ពី​ខេត្ត​ស្វាយរៀង។ អត្តសញ្ញាណ​ពលករ​ខ្មែរ​នេះ ត្រូវបាន​បញ្ជាក់​ដោយ​​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។​

លោកកុយ គួង​បាន​រៀបរាប់​លំអិត​អោយដឹងថា ប៊ុន រតនា​គឺ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ទីលានបាល់បោះ​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក។ នៅយប់​ដែល​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​២​ក្រុម​ក្នុង​ទីក្រុង​បាងកកនោះ គ្រាប់​កាំភ្លើង​បាន​ហោះ​មក​ចំ​ខ្នង​ ​ប៊ុន រតនា ដែល​បាន​ធ្វើ​អោយ​របួស​ធ្ងន់។ ប៉ុន្តែ​ បើតាម​មន្ត្រី​ក្រសួង​ការបរទេស ប៊ុន រតនា​បាន​ឆ្លងផុត​គ្រោះថ្នាក់​ដល់ជីវិត​ហើយ។

ហើយ​ថា ក្រុមហ៊ុន​ដែល​នាំ​ ប៊ុន​ រតនា​ទៅ​ធ្វើ​ការ​នៅ​ក្នុង​បាងកក​នោះ នឹង​ចេញ​ថ្លៃ​សេវា​ព្យាបាល​ទាំងអស់។ មន្ត្រី ស្ថានទូត​កម្ពុជា​ក៏បាន​ទៅជួប​ ប៊ុន រតនា​នៅ​មន្ទីរពេទ្យ​ហើយ​នៅ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ផ្តល់​ជំនួយ​មួយ​ចំនួន​ផងដែរ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​កុយ គួង។

នៅ​ក្នុងទីក្រុងបាងកក ការ​តវ៉ា​ពី​សំណាក់​គណបក្ស​ប្រឆាំង​បានកើន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង​ហើយ។ គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ ដែល​បាន​ទាម​ទារ​អោយ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ នាយក​រដ្ឋមន្ត្រី​ថៃ​ចុះ​ចេញ​ពី​ដំណែង​ក្នុង​អំឡុង​ពេល​២​ថ្ងៃ​នេះ។ ឱសាទវាទ​ដែល​បក្ស​ប្រឆាំង​បាន​ប្រកាស​ចេញ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

នៅព្រឹក​ថ្ងៃ​ចន្ទនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ឡើង​វិញថា រដ្ឋាភិបាល​កម្ពុជា​នៅ​រក្សា​ភាព​ស្ងប់ស្ងាត់​ដដែល ដោយ​មិន​បាន​ប្រកាស​អាសន្ន​អោយ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ចេញ​ចូល​ក្នុង​ទីក្រុង​បាងកក​នោះ​ទេ។ ប៉ុន្តែ ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​ ដែល​នៅ​តែ​បើក​ទ្វារធ្វើការ​ដដែល​នោះ កំពុង​តាមដាន​ស្ថានភាព​ក្នុង​ទីក្រុង​បាងកក​យ៉ាង​យក​ចិត្ត​ទុកដាក់។

រដ្ឋាភិបាលកម្ពុជា​ទាំង​មូល​ក៏​កំពុង​តាម​ដាន​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិថា កម្ពុជាក៏មិនទាន់ហ៊ានជំរុញបញ្ហាអ្វី ទៅរដ្ឋាភិបាលយីងឡាក់ក្នុងស្ថានភាពបែបនេះដែរ។

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​មាន​ទំនាក់ទំនង​ស្និទ្ធ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ថៃ​នៃ​គណបក្ស​ភឿ​ថៃ​ដែល​ដឹកនាំ​ដោយ​ប្អូន​ស្រី​របស់អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកថាក់ស៊ីន ស៊ីណាវ៉ាត់​ដែល​ត្រូវ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ជាមួយលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

ចាប់តាំងពី​ក្រុមយោធា​ថៃ បាន​ធ្វើរដ្ឋប្រហារ​ទំលាក់​លោក​ថាក់ស៊ីន​ពី​អំណាច​នៅ​ក្នុង​ឆ្នាំ​២០០៦​មក​ ហើយ​ក្រោយ​មក​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជាក្រុម​អាវលឿង​បាន​ឡើង​កាន់អំណាច​វិញ​នោះ ទំនាក់ទំនង​កម្ពុជា​និង​ថៃ​បាន​រង្គោះ​រង្គើរ​យ៉ាងខ្លាំង​ក្នុង​អំឡុង​ពេលនោះ៕