You are here: »
Home
»
ព័ត៌មានអន្តរជាតិ
»
ពលករខ្មែរដែលគ្រោះថ្នាក់ ដោយការប៉ះទង្គិចនៅបាងកក មកពីខេត្តស្វាយរៀង
មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកបានជួបជាមួយពលករខ្មែរដែលរងគ្រោះដោយសារការប៉ះទង្គិចនៅក្នុងទីក្រុងបាងកកប្រទេសថៃនោះហើយ។ ជនរងគ្រោះខ្មែរនោះជាកម្មករសំណង់ ឈ្មោះប៊ុន រតនា មកពីខេត្តស្វាយរៀង។គ្រូពេទ្យថៃបានជួយសង្គ្រោះរូបគេអោយផុត
សេចក្តីស្លាប់ហើយ ហើយការព្យាបាលនៅក្នុងមន្ទីរពេទ្យត្រូវបានរ៉ាប់រងដោយក្រុមហ៊ុនដែលបញ្ជូនរូបគេទៅធ្វើការក្នុងប្រទេសថៃនោះ។តាមពិត ពលករខ្មែរដែលរងគ្រោះដោយចៃដន្យ ដោយសារការវាយប្រហារគ្នារវាងក្រុមបាតុករ២ក្រុមក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃទី៣០វិច្ឆិកានោះ មានឈ្មោះ ប៊ុន រតនា អាយុ៣០ឆ្នាំ មកពីខេត្តស្វាយរៀង។ អត្តសញ្ញាណពលករខ្មែរនេះ ត្រូវបានបញ្ជាក់ដោយលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោកកុយ គួងបានរៀបរាប់លំអិតអោយដឹងថា ប៊ុន រតនាគឺជាកម្មករសំណង់នៅក្នុងការដ្ឋានទីលានបាល់បោះមួយនៅក្នុងទីក្រុងបាងកក។ នៅយប់ដែលមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ២ក្រុមក្នុងទីក្រុងបាងកកនោះ គ្រាប់កាំភ្លើងបានហោះមកចំខ្នង ប៊ុន រតនា ដែលបានធ្វើអោយរបួសធ្ងន់។ ប៉ុន្តែ បើតាមមន្ត្រីក្រសួងការបរទេស ប៊ុន រតនាបានឆ្លងផុតគ្រោះថ្នាក់ដល់ជីវិតហើយ។
ហើយថា ក្រុមហ៊ុនដែលនាំ ប៊ុន រតនាទៅធ្វើការនៅក្នុងបាងកកនោះ នឹងចេញថ្លៃសេវាព្យាបាលទាំងអស់។ មន្ត្រី ស្ថានទូតកម្ពុជាក៏បានទៅជួប ប៊ុន រតនានៅមន្ទីរពេទ្យហើយនៅថ្ងៃនេះ ហើយក៏មានផ្តល់ជំនួយមួយចំនួនផងដែរ នេះបើតាមការបញ្ជាក់របស់លោកកុយ គួង។
នៅក្នុងទីក្រុងបាងកក ការតវ៉ាពីសំណាក់គណបក្សប្រឆាំងបានកើនឡើងកំដៅកាន់តែខ្លាំងហើយ។ គណបក្សប្រឆាំងក្នុងប្រទេសថៃ ដែលបានទាមទារអោយលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃចុះចេញពីដំណែងក្នុងអំឡុងពេល២ថ្ងៃនេះ។ ឱសាទវាទដែលបក្សប្រឆាំងបានប្រកាសចេញកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
នៅព្រឹកថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ឡើងវិញថា រដ្ឋាភិបាលកម្ពុជានៅរក្សាភាពស្ងប់ស្ងាត់ដដែល ដោយមិនបានប្រកាសអាសន្នអោយពលរដ្ឋខ្មែរប្រុងប្រយ័ត្នក្នុងការចេញចូលក្នុងទីក្រុងបាងកកនោះទេ។ ប៉ុន្តែ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ដែលនៅតែបើកទ្វារធ្វើការដដែលនោះ កំពុងតាមដានស្ថានភាពក្នុងទីក្រុងបាងកកយ៉ាងយកចិត្តទុកដាក់។
រដ្ឋាភិបាលកម្ពុជាទាំងមូលក៏កំពុងតាមដានស្ថានភាពនៅក្នុងប្រទេសថៃដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា កម្ពុជាក៏មិនទាន់ហ៊ានជំរុញបញ្ហាអ្វី ទៅរដ្ឋាភិបាលយីងឡាក់ក្នុងស្ថានភាពបែបនេះដែរ។
រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានទំនាក់ទំនងស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលថៃនៃគណបក្សភឿថៃដែលដឹកនាំដោយប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ចាប់តាំងពីក្រុមយោធាថៃ បានធ្វើរដ្ឋប្រហារទំលាក់លោកថាក់ស៊ីនពីអំណាចនៅក្នុងឆ្នាំ២០០៦មក ហើយក្រោយមកក្រុមគណបក្សប្រជាធិបតេយ្យដែលជាក្រុមអាវលឿងបានឡើងកាន់អំណាចវិញនោះ ទំនាក់ទំនងកម្ពុជានិងថៃបានរង្គោះរង្គើរយ៉ាងខ្លាំងក្នុងអំឡុងពេលនោះ៕
Labels:
ព័ត៌មានអន្តរជាតិ