តុលាការ​កោះ​ហៅ​អ្នក​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាមួយ​លោក ជាម យៀប



ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​របស់​លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សាលាដំបូង​ខេត្ត​កណ្ដាល កោះ​ហៅ​សាកសួរ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ខាង​មុខ។
បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ ជា​ជន​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា ប៉ូលិស​បាន​បញ្ជូន​ដីកា​កោះ​ហៅ​រូប​លោក​ដែល​កំពុង​
រស់នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ដើម្បី​សួរ​ពី​ដំណើរ​រឿង​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ច័ន្ទ ទី​៣០ ធ្នូ ខាង​មុខ។ លោក​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​នេះ។

លោក មឿន ថា៖ «បាទ! នៅ​បន្តោង​សេរ៉ូម ឈឺ​ជើង​ដើរ​អត់​រួច​ផង ដាក់​នៅ​ផ្ទះ​ឈឺ​ពេក។ ឆ្ងល់​ថា​បើ​យើង​អត់​ប្ដឹង​ផង​ហើយ​គេ​កោះ​ហៅ​អ៊ីចឹង​យើង​ឆ្ងល់ ស្រាប់​តែ​នៅ​សុខៗ គេ​កោះ​ហៅ​អ៊ីចឹង​ប្លែក​ខ្លួន។ សុំ​គាត់​តាំង​ពី​យូរ​ហើយ​ហ្នឹង អា​រឿង​ដែល​ថា សុំ​ម៉ូតូ​សុំ​អី គាត់​ធ្វើ​តែ​ព្រងើយ​ដល់​ពេល​អ៊ីចឹង​មិន​ទាមទារ​អី​ដូច​ថា​ពិបាក។ ព្រោះ​ថា​យើង​ជិះ​យើង​ជិះ តាម​ផ្លូវ​ម៉ូតូ​ហ្នឹង ជិះ​យឺតៗ​ខ្ញុំ​នៅ​អង្គុយ​ពី​ក្រោយ​ហ្នឹង​ថា តិចៗ មាន​សុវត្ថិភាព​រហូត​ខ្ញុំ​ថា​អ៊ីចឹង គេ​ហ្នឹង​វ៉ា​ឡាន​អា​ធំ ខ្ញុំ​ឯណេះ​វ៉ា​អា​គោ​យន្ត​ច្នៃ យើង​វ៉ា​អា​ហ្នឹង​គេ​ឯណោះ​វ៉ា​ឡាន​អា​ធំ​ដែរ គេ​ចូល​គំនូស​យើង​បន្តិច។ តែ​ដល់​ពេល​ថ្ងៃ​ហ្នឹង​ដើរ​មិន​រួច​ក៏​ទ្រាំ​ដែរ»។

ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បាន​អះអាង​ថា រូប​គេ​នឹង​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​លោក ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​ឡើយ បើ​ទោះ​បី​ជា​រូប​គេ​បាន​រង​របួស​ធ្ងន់ ហើយ​បាត់បង់​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ក្ដី។ ប៉ុន្តែ​ការ​កោះ​ហៅ​របស់​តុលាការ​នេះ ទំនង​ជា​របាយការណ៍​របស់​ប៉ូលិស​ដែល​បាន​បញ្ជូន​ទៅ​តុលាការ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ ជា​ប្ដី​រង​របួស​ធ្ងន់ និង​ប្រពន្ធ​ឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ ២​ខែ ស្លាប់​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​អ្នក​បើក​រថយន្ត​ដឹក​លោក ជាម យៀប មិន​បាន​ចុះ​មក​ដោះស្រាយ​បញ្ហា​ភ្លាមៗ​នោះ​ទេ ដោយ​ឲ្យ​មេធាវី លោក ការ សាវុត្ថ ដោះស្រាយ​បញ្ហា​ជំនួស។ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ តំណាង លោក ជាម យៀប បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នានា​ដល់​គ្រួសារ​សព​ទាំង​ថ្លៃ​មន្ទីរពេទ្យ ថ្លៃ​ដឹក​ជញ្ជូន​ធ្វើ​បុណ្យ និង​ចេញ​ថ្លៃ​ព្យាបាល​ដល់​ជន​រងគ្រោះ៕

ប្រភព៖RFA 


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors