ក្នុងមហាសន្និសីទកាសែតនេះ ដែលជាលើកទី៩ទៅហើយ តាំងពីគាត់ឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីមក ហើយដែលចូលរួមយកការណ៍ដោយអ្នកកាសែតជាតិ និងអន្តរជាតិជាង១.៣០០នាក់ឯណោះ លោកពូទីនបានបូកសរុបជាបឋម គឺតុល្យាការប្រចាំឆ្នាំ២០១៣នេះ ដែលជិតកន្លងផុតទៅ។ បន្ទាប់មក គាត់បានបើកឲ្យពួកអ្នកកាសែតចោទជាសំណួរដោយសេរី ប៉ះលើនយោបាយផ្ទៃក្នុង និងនយោបាយ
បរទេសរបស់រុស្ស៊ី ។ សំនួរទី១ ស្រាប់តែប៉ះលើស្ថានការណ៍ដែលប្រកបដោយបច្ចុន្នភាពបំផុតនៅរដ្ឋអ៊ុយក្រែន ជិតខាងរដ្ឋដែលកំពុងត្រូវសហភាពអឺរ៉ុប និងសហភាពពន្ធគយប្រទាញប្រទង់គ្នាចង់ឲ្យចូលទៅក្នុងដែនសេដ្ឋកិច្ចរបស់ម្ខាងៗ។តបនឹងសំណួរ តើរុស្ស៊ីត្រៀមបង់ថ្លៃប៉ុណ្ណា ទៅអ៊ុយក្រៃនដើម្បីឲ្យរដ្ឋនេះឈប់សំឡឹងមើលទៅអឺរ៉ុបខាងលិច? លោកប្រធានាធិបតីរុស្ស៊ីពូទីនមានប្រសាសន៍ថា ជំនួយធំធេងដែលសហព័ន្ធរុស្ស៊ីផ្តល់ទៅអ៊ុយក្រែន គឺយោងជាបឋម ទៅលើមូលហេតុដែលថា ភាតរប្រទេសជាបងប្អូននេះ ស្រាប់តែធ្លាក់ក្នុងស្ថានភាពហិរញ្ញវត្ថុ និងនយោបាយស្មុគស្មាញ និងដើម្បីឲ្យរដ្ឋនេះ ដែលជាដៃគូចម្បងរបស់រុស្ស៊ីនៅឈរទប់ខ្លួនជាប់ដដែល។ លោកពូទីនគូសបញ្ជាក់ ខ្ញុំឧស្សាហ៍ប្រើពាក្យ ប្រទេសជាបងប្អូន ប្រជាជនជាបងប្អូន ពាក្យដែលកើតឡើង ដោយមកពីកាលៈទេសៈមួយចំនួនជាសត្យានុម័ត។ ហើយបើយើងនិយាយថា អ៊ុយក្រែនជាប្រជាជនបងប្អូន ជាប្រទេសបងប្អូនមែន នោះយើងត្រូវតែប្រកាន់អាកប្បកិរិយា ក្នុងឋានៈជាសាច់ញាតិដ៏ជិតដិត ហើយគាំទ្រប្រជាជនអ៊ុយក្រែនក្នុងគ្រាដ៏លំបាក។ នេះហើយ ជាមូលហេតុធំបំផុតដែលញ៉ាំងរុស្ស៊ីឲ្យជួយអ៊ុយក្រែន។
ប្រមុខរដ្ឋរុស្ស៊ីកត់សម្គាល់ថា ជំនួយដែលរុស្ស៊ីផ្តល់ទៅអ៊ុយក្រែន ឥតមាននិស្ស័យពាក់ព័ន្ធទៅនឹងបាតុកម្ម និងមិទ្ទិញរបស់ពួកប្រឆាំងដែលបន្តបោកកញ្ជ្រោកនៅលើទីលានឯករាជ្យក្នុងក្រុងគៀវ និងទៅនឹងកិច្ចចរចាដែលអ៊ុយក្រែនធ្វើជាមួយសហភាពអឺរ៉រុបដើម្បីក្លាយទៅជាដៃគូដោះដូរពាណិជ្ជកម្មដោយសេរីជាមួយសហភាពនេះឡើយ។ លោកពូទីនសង្កត់ធ្ងន់ថា រុស្ស៊ីមិនប្រឆាំងឡើយទល់នឹងការភ្ជាប់ខ្លួនរបស់អ៊ុយក្រែនទៅនឹងសហភាពអឺរ៉ុប ប៉ុន្តែរុស្ស៊ីនឹងបង្ខំចិត្តការពារទីផ្សាររបស់ខ្លួន សេដ្ឋកិច្ចរបស់ខ្លួន។ ពីព្រោះខណៈនោះ អ៊ុយក្រែននឹងបើកទ្វារចំហ ឲ្យទំនិញរបស់សហភាពអឺរ៉ុបហូរចូលសឹងឥតហូតពន្ធ ហើយផលិតផលឧស្សាហកម្ម និងកសិផលរបស់អ៊ុយក្រែនដែលលក់មិនដាច់នៅទីផ្សារអឺរ៉ុបនឹងច្រាល់មកលើទីផ្សាររុស្ស៊ីចៀសមិនផុត។
មហាសន្និសីទកាសែតលោកពូទីនដែលបានចាប់ផ្តើមនៅម៉ោង១២ ម៉ោងក្នុងទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៣រសៀល ម៉ោងនៅភ្នំពេញ នៅបន្តទៅនៅឡើយ ដ្បិតឆ្នាំមុន សន្និសីទកាសែតបែបនេះបានពន្យារទៅអស់៤ម៉ោង និង៤០នាទីឯណោះ៕
