អង្គការសហប្រជាជាតិទើបបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃពុធ ទី១៨ ធ្នូដោយបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងមានលក្ខណៈល្អប្រសើរនៅឆ្នំា ២០១៤ និងឆ្នំាបន្ទាប់ ពោលនឹងទទួលបានកំណើនខ្ពស់ជាងឆ្នំា ២០១៣។ តែទន្ទឹមគ្នានេះ អង្គការសហប្រជាជាតិបានព្រមានពីផលវិបាកដែលនឹងអាចកើតមានឡើង នៅពេលដែលធនាគារកណ្តាលអាមេរិកបញ្ឈប់ប្រតិបត្តិការ
បញ្ចេញលុយយ៉ាងច្រើនសម្បើមដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចអាមេរិកំាង។នៅក្នុងរបាយការណ៍ក្រោមចំណងជើងថា « ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក » អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ពិភពលោកនឹងទទួលបានកំណើនសេដ្ឋកិច្ច ៣% នៅក្នុងឆ្នំា ២០១៤ និង ៣,៣% នៅក្នុងឆ្នំា ២០១៥ ទល់នឹងប្រមាណជា ២,១% ក្នុងឆ្នំា ២០១៣ នេះ។ ការដែលសេដ្ឋកិច្ចពិភពលោកហាក់ដូចជាបាន និងកំពុងងើបឡើងវិញនៅពេលខាងមុខ ក៏ដោយសារតែក្រុមប្រទេសអឺរ៉ុបចាយប្រាក់អឺរ៉ូបានចេញផុតពីស្ថានភាពសេដ្ឋកិច្ចដើរថយក្រោយ និងសេដ្ឋកិច្ចអាមេរិកំាងមានសុខភាពមំាទំាជាងមុន។ ម្យ៉ាងទៀត ពិភពលោកមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងឆ្នំា ២០១៤ និងឆ្នំាបន្តបន្ទាប់ក៏ដោយសារតែសុខភាពសេដ្ឋកិច្ចល្អរបស់បណ្តាប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លំាង ដូចយ៉ាងចិន និងឥណ្ឌា។ ទន្ទឹមគ្នានេះ របាយការណ៍របស់អ.ស.ប. បានបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិនឹងកើនឡើងចំនួន ៤,៧% ក្នុងឆ្នំា ២០១៤ និងថា តម្លៃគ្រឿងបរិភោគស្ថិតនៅនឹង។របាយការណ៍របស់ អ.ស.ប. បានព្រមានពីហានិភ័យដែលនឹងអាចកើតមាននៅពេលដែលធនាគារកណ្តាលអាមេរិកបិទបញ្ចប់ជំនួយគំាទ្ររបស់ខ្លួនចំពោះសេដ្ឋកិច្ចអាមេរិកនោះ។ សម្រាប់អ.ស.ប. ស្ថានភាពសេដ្ឋកិច្ចពិភពលោកអាចនឹងស្គាល់ភាពរអាក់រអួលនៅក្រោយការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក។ សូមជម្រាបជូនថា របាយការណ៍របស់អ.ស.ប. ស្តីពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបានចេញមក ចំពេលដែលធនាគារកណ្តាលអាមេរិកបានប្រកាសកាត់បន្ថយជំនួយគំាទ្រសេដ្ឋកិច្ចអាមេរិកពី ៨៥ ០០០លានដុល្លារ មកនៅត្រឹមតែ ៧៥ ០០០លានដុល្លារចាប់ពីខែមករា ឆ្នំា ២០១៤ ទៅ។
បន្ទាប់មក និងបន្តិចម្តងៗ ធនាគារកណ្តាលអាមេរិកនឹងបិទបញ្ចប់កម្មវិធីជំនួយគំាទ្រចំពោះសេដ្ឋកិច្ចអាមេរិក ព្រមទំាងដំឡើងអត្រាការប្រាក់នំាមុខសម្រាប់ប្រាក់កម្ចីរយៈពេលយូរ។ គឺនៅពេលនោះហើយដែលអ.ស.ប. បារម្ភពីភាពរអាក់រអួលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក។ គួររម្លឹកជូនថា អត្រាអ្នកអត់ការងារធ្វើនៅអាមេរិកបានធ្លាក់ចុះត្រឹម ៧% ក្នុងខែវិច្ឆិកាកន្លងទៅ គឺជាអត្រាមួយដ៏ទាបគិតតំាងពី ៥ឆ្នំាចុងក្រោយនេះ។ យ៉ាងណាក៏ដោយ អ.ស.ប. នៅតែបារម្ភពីភាពផុយស្រួចនៃប្រព័ន្ធធនាគារ និងសង្រ្គាមប៉ាកកាជុំវិញវិបត្តិប្រាក់បំណុល និងវិបត្តិថវិកានៅសហរដ្ឋអាមេរិក៕
Labels:
ព័ត៌មានអន្តរជាតិ
Previous Article
