ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចាកចេញពីតំណែងដឹកនាំកំពូលរបស់ប្រទេសមិនមែនជារឿងថ្មីថ្មោងទេ។ តាមពិត បញ្ហានេះត្រូវបានគេលើកមកជជែកគ្នាជាយូរឆ្នាំហើយ ក៏ប៉ុន្តែ មិនសូវមានអ្នកណាគិតគូរដល់ការរៀបចំប្រព័ន្ធច្បាប់មួយឲ្យមានការចាកចេញពីតំណែងដោយសុវត្ថិភាពរបស់អតីតមេដឹកនាំខ្មែរទេ។ អវត្តមាននៃប្រព័ន្ធច្បាប់ដើម្បីធានាឲ្យមានការផ្លាស់ប្តូរ
មេដឹកនាំដោយសន្តិវិធីនេះហើយ បានជាការចាកចេញពីអំណាចនៅតែជាបញ្ហាដ៏រសើបនិងដ៏ស្មុគស្មាញមួយដដែល។ ដូច្នេះ ដល់ពេលហើយដែលអ្នកនយោបាយត្រូវរួមគ្នាដោះស្រាយបញ្ហានេះឲ្យបានរួចរាល់។
នៅកម្ពុជា ជាទូទៅ គេច្រើនតែនាំគ្នានិយាយអំពីការដណ្តើមអំណាច ប៉ុន្តែ គេមិនសូវបានលឺការជជែកគ្នាអំពីការរៀបចំប្រព័ន្ធបែបណាដើម្បីឲ្យមេដឹកនាំចាកចេញពីអំណាចនោះទេ។ អវត្តមាននៃប្រព័ន្ធច្បាប់នេះហើយបានជាមេដឹកនាំខ្មែរច្រើនតែកាន់អំណាចយូរតែម្នាក់ឯង។ រីឯការផ្លាស់ប្តូរមេដឹកនាំត្រូវឆ្លងកាត់បដិវត្តន៍ដណ្តើមអំណាចដោយកម្លាំងពីជំនាន់មួយទៅជំនាន់មួយ។ មរតកនយោបាយបែបនេះនៅតែបន្តមានអត្ថិភាពរហូតមកទល់បច្ចុប្បន្នបើទោះបីជាកម្ពុជាបានឈានចូលក្នុងយុគសម័យប្រជាធិបតេយ្យអស់រយៈពេលពីរទសវត្សរ៍ហើយក៏ដោយ។
ជាការពិតណាស់ ផ្លូវឡើងទៅកាន់អំណាចគឺជារឿងដ៏លំបាកមួយទៅហើយ ប៉ុន្តែ ការចាកចេញពីអំណាចវិញវារឹតតែលំបាកថែមទៀត។ លំបាកនៅត្រង់ថា «វប្បធម៌ក្រាញអំណាច» បានក្លាយជា«ជំងឺសង្គម»ដ៏ចំណាស់មួយដែលពិបាកនឹងរកវិធីព្យាបាល។ វប្បធម៌ក្រាញអំណាចមិនមែនជាបញ្ហាដោយឡែករបស់បុគ្គលណាម្នាក់ឡើយ តែវាជាបញ្ហារួមរបស់សង្គមខ្មែរទាំងមូលដែលត្រូវរួមគ្នាដោះស្រាយក្នុងនោះ ការផ្តល់តម្លៃទៅលើបុគ្គលដែលជា«តួឯក»នយោបាយខ្លាំងពេកគឺជាឫសគល់ដ៏សំខាន់មួយដែលត្រូវគាស់រំលើង។
ជាទូទៅ អ្នកដឹកនាំនយោបាយខ្មែរតែងចាត់ទុកខ្លួនឯងជាតួឯកសំខាន់ជាងគេដែលគ្មានអ្នកណាប្រៀបមានន័យថា បើអត់ពីខ្លួនទៅ គ្មានអ្នកណាអាចដឹកនាំបាន។ ចំណែកឯគណបក្សនយោបាយនីមួយៗក៏តែងផ្តល់តម្លៃខ្លាំងហួសហេតុទៅលើតួឯកនយោបាយរបស់ខ្លួនថាជាមនុស្សសំខាន់មិនអាចជំនួសបានដែរ។ សំខាន់រហូតដល់ពេលខ្លះបញ្ហាប្រទេសទាំងមូល ត្រូវបានគេចងភ្ជាប់ជាមួយនឹងបុគ្គលតែម្នាក់ឬពីរនាក់។ ផ្នត់គំនិតបែបនេះហើយដែលជាឧបសគ្គក្នុងការផ្លាស់ប្តូរមេដឹកនាំមិនថាក្នុងរដ្ឋាភិបា ក្នុងគណបក្សនយោបាយ ឬក្នុងមជ្ឈដ្ឋានផ្សេងទៀតនោះឡើយ។
មានមូលហេតុច្រើនយ៉ាងដែលគេអាចពន្យល់បញ្ហានេះបាន៖
មូលហេតុទី១ ៖ គឺបញ្ហាមុខមាត់។ ជាទូទៅ សង្គមខ្មែរច្រើនតែឲ្យតម្លៃខ្លាំងពេកទៅលើតំណែង។ ក្នុងន័យនេះ ការបាត់បង់មុខតំណែងត្រូវគេចាត់ទុកថា ជាការបាក់មុខមាត់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជាអ្នកមានមុខតំណែងតែងក្រាញមិនចង់ចុះចេញដោយងាយៗ ឡើយ។
មូលហេតុទី១ ៖ គឺបញ្ហាមុខមាត់។ ជាទូទៅ សង្គមខ្មែរច្រើនតែឲ្យតម្លៃខ្លាំងពេកទៅលើតំណែង។ ក្នុងន័យនេះ ការបាត់បង់មុខតំណែងត្រូវគេចាត់ទុកថា ជាការបាក់មុខមាត់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជាអ្នកមានមុខតំណែងតែងក្រាញមិនចង់ចុះចេញដោយងាយៗ ឡើយ។
មូលហេតុទី២ ៖ ការក្រាញអំណាច គឺជាផលវិបាកនៃនយោបាយសងសឹកគ្នាតាមយុទ្ធសាស្ត្រ«អ្នកឈ្នះជាវីរជន រីឯអ្នកចាញ់ជាជនក្បត់ជាតិ»។ ទស្សនៈនេះហើយដែលជំរុញឲ្យមេដឹកនាំមិនងាយបោះបង់អំណាច។
មូលហេតុទី៣ ៖ ប្រព័ន្ធច្បាប់ដែលមិនបានកំណត់អាណត្តិរបស់មេដឹកនាំ ក៏ជាឱកាសដែលបើកផ្លូវឲ្យអ្នកដឹកនាំតោងអំណាចតាមដែលអាចធ្វើទៅបាន។
ដូច្នេះ នេះគឺជាពេលវេលាសមស្របណាស់ដែលត្រូវព្យាបាល«ជំងឺក្រាញអំណាច» ចេញពីសង្គមខ្មែរ។កិច្ចការសំខាន់ដែលត្រូវធ្វើចាំបាច់មុនគេគឺការរៀបចំប្រព័ន្ធដឹកនាំមួយដែលកំណត់អាណត្តិមេដឹកនាំនិងត្រូវធានាថា ពួកគេនឹងត្រូវចាកចេញពីអំណាចដោយសុវត្ថិភាពចៀសផុតពីការសងសឹក។ ប្រព័ន្ធច្បាប់បែបនេះអាចអនុញ្ញាតឲ្យមេដឹកនាំចាកចេញពីតំណែងទៅតាមកាលកំណត់បើទោះបីជាគណបក្សដដែលៗជាប់ឆ្នោតដឹកនាំប្រទេសក៏ដោយ។
កិច្ចការសំខាន់ទី២គឺការផ្លាស់ប្តូរផ្នត់គំនិតមនុស្សទូទៅជាចំពោះអំណាច។ ជាបឋម គេគួរយល់ថា មុខតំណែងនយោបាយមិនមែនជាកម្មសិទ្ធិ ផ្តាច់មុខរបស់អ្នកណាម្នាក់ឡើយ តែវាកម្មសិទ្ធិរបស់ពលរដ្ឋទូទាំងនគរ។ ការឡើងទៅកាន់តំណែងដឹកនាំកំពូលវាគ្រាន់តែជាទីលានបង្ហាញសមត្ថភាពរបស់អ្នកដឹកនាំឲ្យប្រជាពលរដ្ឋបានឃើញក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ ពោលគឺវាមិនខុសពីសង្វៀនប្រកួតកីឡានោះឡើយ។ ផ្ទុយទៅវិញ ការស្ថិតនៅក្នុងមុខតំណែងយូរពេក កំហុសក៏អាចកើតមានកាន់តែច្រើនដែរទោះជាអ្នកដឹកនាំនោះពូកែប៉ុណ្ណាក៏ដោយ។
សរុបមកវិញ ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា (ទាំងរូបភាព និងខ្លឹមសារ) អ្នកនយោបាយខ្មែរគួរតែផ្តើមជជែកគ្នាដើម្បីរៀបចំប្រព័ន្ធច្បាប់មួយសម្រាប់ផ្លាស់ប្តូរមេដឹកនាំជាចាំបាច់។ ប្រព័ន្ធច្បាប់នោះគឺជាការធានាឲ្យមានការផ្លាស់ប្តូរប្រព្រឹត្តទៅក្នុងក្របខណ្ឌប្រជាធិបតេយ្យ និងសន្តិវិធី ដោយរក្សាបាននូវស្ថិរភាពនយោបាយផង និងនិរន្តរភាពនៃការអភិវឌ្ឍសង្គមផង។ ផ្ទុយទៅវិញ ការចង្អុលមុខគ្នាថាអ្នកនេះក្រាញអំណាច ឬអ្នកនោះចង់បានអំណាចមិនមែនជាដំណោះស្រាយឡើយ៕
