Pages

Saturday, November 30, 2013

អឺរ៉ុប​ខកចិត្ត ដោយ​មិនអាច​អូសទាញ​អ៊ុយក្រែន​ឲ្យ​មក​នៅ​ខាង​ខ្លួន តែ​ទ្វារ​នៅ​តែ​បើក​ចំហ

ដោយ គួច គន្ធារ៉ា
ជំនួបកំពូល « ដៃគូ​ប៉ែកបូព៌ា » រវាង​សហភាព​អឺរ៉ុប និង ៦ប្រទេស​ដែល​ជា​អតីត​សាធារណរដ្ឋ​ក្នុង​ជំនាន់​សហភាព​សូវៀត​បាន​ធ្វើ​ឡើង​រយៈពេល ២ថ្ងៃ គឺ​ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ក្នុង​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី។
គោលដៅ​នៃ​ជំនួប​កំពូល គឺ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​រវាង​សហភាព​អឺរ៉ុប និង ៦ប្រទេស​នៅ​ប៉ែកបូព៌ា​ដែល​ជា​អតីត​សាធារណរដ្ឋ​ក្នុង​ប្លុក​សូវៀត។ ប្រទេស​ទំាង ៦​នោះ​មាន អ៊ុយក្រែន ហ្សកហ្ស៊ី ម៉ុលដាវី អាមេនី អាស៊ែបៃហ្សង់ និង​ប្រទេស​បេឡារុស។ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​អស់​រយៈពេល ២ថ្ងៃ​ជាប់ៗ​គ្នា​មក មាន​តែ​ប្រទេស​ចំនួន ២ គឺ​ហ្សកហ្ស៊ី និង​ម៉ុលដាវី​ដែល​បាន​យល់ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​សហភាព​អឺរ៉ុប។ ប្រទេស​អាស៊ែបៃហ្សង់​បាន​សុខចិត្ត​រង់ចំា​មើល​ដោយ​មិន​ប្រញាប់ប្រញាល់ រីឯ​ប្រទេស​អាមេនី បេឡារុស និង​អ៊ុយក្រែន​បាន​សម្រេច​ដោះដៃ​ពី​សហភាព​អឺរ៉ុប ដោយ​រត់​ទៅ​ឱប​ប្រទេស​រុស្ស៊ី។ រវាង​ប្រទេស​ហ្សកហ្ស៊ី និង​សហភាព​អឺរ៉ុប ទីក្រុង​ព្រុចសែល និង​ប៊ីលីស៊ី​ធ្លាប់​បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​តំាង​ពី​ឆ្នំា ១៩៩៩។ បន្ទាប់​មក​ក្នុង​ឆ្នំា ២០០៦ ភាគី​ទំាង​ពីរ​ក៏​បាន​អនុម័ត​នូវ​ផែនការ​សកម្ម​មួយ​សម្រាប់​នយោបាយ​ភាព​ជា​អ្នកជិតខាងគ្នា ដោយ​សហភាព​អឺរ៉ុប​បាន​ផ្តល់​ថវិកា​ឲ្យ​ចំនួន ១២០លាន​អឺរ៉ូ​សម្រាប់​រយៈពេល​ពី​ឆ្នំា ២០០៧ ដល់ ២០១០។
 
ខុស​ពី​អតីត​ប្រទេស​ផ្សេង​ទៀត​ក្នុង​ប្លុក​សហភាព​សូវៀត ទំនាក់ទំនង​រវាង​ហ្សកហ្ស៊ី និង​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ នោះ​បើ​ទៅ​បី​ជា​របប​ប៊ីលីស៊ី​សព្វ​ថ្ងៃ​នៅ​តែ​មាន​បំណង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិ​ជាមួយ​ទីក្រុង​ម៉ូស្គូ​ក៏​ដោយ។ មេរៀន​ដ៏​ល្វីងជូរចត់​ដែល​ហ្សហ្ស៊ី​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ការ​ធ្វើ​សង្រ្គាម​ទល់​នឹង​រុស្ស៊ី​ក្នុង​ឆ្នំា ២០០៨ ដែល​បាន​ធ្វើ​ឲ្យ​ហ្សកហ្ស៊ី​បាត់បង់​ទឹកដី​អាប់កាហ្ស៊ី និង​អូសស៊ីធី​ខាង​ត្បូង។ ចំណែក​ម៉ូលដាវី​ដែល​ជា​ប្រទេស​តូច​មាន​ប្រជាជន​តែ ៣លាន ៥សែន​នាក់ និង​ក្រីក្រ បាន​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​ប្រទេស​តំាង​ពី​ឆ្នំា ២០០៩ ពិសេស​កាត់បន្ថយ​ឱនភាព​ថវិកាជាតិ និង​ការ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ភ្ជាប់​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប។
 
សហភាព​អឺរ៉ុប​សោកស្តាយ​ពី​ការ​បាត់បង់​អ៊ុយក្រែន
 
នេះ​ពិត​ជា​អ្វី​ដែល​សហភាព​អឺរ៉ុប​បាន​រង់ចំា ព្រោះថា អ៊ុយក្រែន​បាន​ផ្តល់​ចម្លើយ​បដិសេធ​តំាង​ពី​មួយ​សប្តាហ៍ មុន​ការ​បើក​ជំនួបកំពូល​ជា​ផ្លូវការ​នៅ​ពេល​នេះ​ម្ល៉េះ។ ប្រទេស​សមាជិក​អឺរ៉ុប​ទំាង ២៨ប្រទេស​បាន​អ៊ុយក្រែន​ធ្វើ​ជា​ដៃគូ​របស់​ខ្លួន​ជាង​ប្រទេស​ផ្សេង​ទៀត។ អស់​ជា​ច្រើន​ខែ ច្រើន​ឆ្នំា​កន្លង​មក​ហើយ​ដែល​សហភាព​អឺរ៉ុប​បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​អ៊ុយក្រែន​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ខ្លួន។ ទង្វើ​នេះ​មិន​មែន​ចៃដន្យ​ទេ ព្រោះ​ថា បើ​ធៀប​នឹង​៥ប្រទេស​ផ្សេង​ទៀត អ៊ុយក្រែន​មាន​ទម្ងន់​ធ្ងន់​ណាស់​សម្រាប់​សហភាព​អឺរ៉ុប ទំាង​ភូមិសាស្រ្តនយោបាយ និង​សេដ្ឋកិច្ច ជាមួយ​នឹង​ផ្ទៃដី ៦០៤ ០០០គីឡូម៉ែត្រក្រឡា និង​ចំនួន​ប្រជាជន ៤៥លាននាក់​ដែល​អ៊ុយក្រែន​មាន​សព្វថ្ងៃ។
 
ម្យ៉ាង​វិញ​ទៀត អ៊ុយក្រែន​ក៏​ជា​តួអង្គ​សំខាន់​មួយ​ដែល​សហភាព​អឺរ៉ុប​ចង់​ទាញ​បញ្ចូល​មក​ខ្លួន​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់។ រស្ស៊ី​ដែល​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក៏​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​អូសទាញ​អ៊ុយក្រែន​ឲ្យ​រួម​សហការ​ជាមួយ​ខ្លួន​នៅ​ក្នុង​សហគម​ពន្ធដារ។ នៅ​ទីបំផុត រុស្ស៊ី​បាន​ទទួល​ជោគជ័យ​ដូច​ដែល​ខ្លួន​ចង់​បាន។
 
សម្រាប់​អ៊ុយក្រែន​ឯណោះ ទីក្រុង​គៀវ​គិត​ថា រកស៊ី​ជាមួយ​រុស្ស៊ី​នឹង​អាច​ទទួល​បាន​ផលចំណេញ​ច្រើន​ជាង​រកស៊ី​ជាមួយ​សហភាព​អឺរ៉ុប។ សព្វថ្ងៃ​នេះ អ៊ុយក្រែន​​បាន​និង​កំពុង​ទទួល​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពី​រុស្ស៊ី​ច្រើន​ជាង​ពី​សហភាព​អឺរ៉ុប​ទៅ​ទៀត។ ជា​រៀងរាល់​ឆ្នំា ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន គឺ​មាន​រាប់​សិប​ពាន់​លានដុល្លារ។
 
បាត់បង់​អ៊ុយក្រែន ជា​កំហុស​នយោបាយ​ការទូត​អឺរ៉ុប
 
គេ​អាច​និយាយ​បាន​ថា ការ​ដែល​សហភាពអឺរ៉ុប​បាន​បាត់បង់​អ៊ុយក្រែន​ពេល​នេះ ជា​កំហុស​នយោបាយ​ការទេស​របស់​សហភាព​អឺរ៉ុប។ កំហុស​ទី១ អឺរ៉ុប​មិន​គួរ​ណា​ធ្លាក់​ទៅ​ក្នុង​ល្បែង​របស់​រុស្ស៊ី​ដោយ​បាន​ប្រកាស​ឲ្យ​អ៊ុយក្រែន​ជ្រើសរើស​រវាង​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប និង​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​រស្ស៊ី​ទេ។ ការ​ប្រកាស​ដូច​នេះ វា​ប្រៀប​ដូច​ជា​អឺរ៉ុប​បាន​ដក​កំាភ្លើង​បាញ់​ខ្លួន​ឯង​អ៊ីចឹង ព្រោះ​ថា វា​ជា​ការ​បង្ខំ​ឲ្យ​អ៊ុយក្រែន​ត្រូវ​ជ្រើសរើស​អ្វី​ដែល​ពី​ដើម អ៊ុយក្រែន​មិន​បាន​គ្រោង​ទុក។ កំហុស​ទី២ អឺរ៉ុប​មិន​គួរ​ណា​ដាក់​លក្ខខណ្ឌ​ឲ្យ​លោកប្រធានាធិបតី​អ៊ុយក្រែន​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​ដោះលែង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន យ៉ូលីយា ទីម៉ូឆេនកូ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​កំពុង​មាន​ជម្ងឺ​ធ្ងន់ រួច​បញ្ជូន​លោកស្រី​ឲ្យ​ទៅ​ព្យាបាល​នៅ​បរទេស ជា​ថ្នូរ​នឹង​ការ​ទទួល​យក​អ៊ុយក្រែន​ជា​ដៃគូ​របស់​ខ្លួន​ទេ។
 
លក្ខខណ្ឌ​មួយ​នេះ​ពិត​ជា​លក្ខខណ្ឌ​មួយ​ដែល​លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវ៉ិច​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ថា​សម្រាប់​លោក​អ៊ីយ៉ានូកូវ៉ិច ការ​ដោះលែង​លោកស្រី​យ៉ូលីយា ទីម៉ូឆេនកូ វា​មិន​ខុស​អ្វី​ពី​ការ​ដោះលែង​សត្វខ្លា​ឲ្យ​វិល​មក​ខំា​លោក​វិញ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ពិសេស​វិល​មក​ប្រជែង​ជាមួយ​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ឆ្នំា ២០១៥ ខាង​មុខ។ តែ​យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ទ្វារ​នៅ​តែ​បើក​ចំហ​ជានិច្ច​សម្រាប់​ទទួល​អ៊ុយក្រែន​នៅ​ថ្ងៃ​ណា​មួយ៕