លោក ប៊េ សុខឡេង ម្ចាស់ម៉ៅការសំណង់ ឈ្មោះ ប៊េ សុខឡេង បញ្ជាក់នៅថ្ងៃទី២៩ ខែវិច្ឆិកា ថា មូលហេតុដែលសំណង់រញ្ជួយ ហើយរហូតបណ្ដាលឲ្យអគារជាន់ទី១នៃរោងចក្រ ស៊ាវគិញ ប្រេះស្រាំកាលពីថ្ងៃទី២២ វិច្ឆិកា នោះ គឺពុំមានជាប់ទាក់ទិននឹងគុណភាពសំណង់របស់លោកដែលទទួលម៉ៅការសាងសង់ចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០០០ ឡើយ។
លោកអះអាងថា គុណភាពសំណង់ដែលក្រុមរបស់លោកទទួលម៉ៅការកាលណោះ គឺច្បាប់អនុញ្ញាតឲ្យសាងសង់ត្រឹមកម្ពស់ជាន់ទី១ និងជាន់ផ្ទាល់ដីប៉ុណ្ណោះ។ លោកបន្តថា ប៉ុន្តែអ្វីដែលអគារប្រេះស្រាំនៅពេលនេះ ទំនងជាមូលហេតុកើតចេញពីការសាងសង់ជាន់បន្ថែមឡើងទៅលើទៀត និងគួបផ្សំបរិយាកាសជុំវិញ ដូចជា ការបុកគ្រឹះអគារស្ថិតនៅក្បែរនោះ និងរឡូកិនថ្មបង្ហាប់ថ្នល់ ជាពិសេសសំណង់អគារចាស់ស្រាប់ផង ទើបបណ្ដាលឲ្យរញ្ជួយរហូតធ្វើឲ្យប្រេះស្រាំអគារដូច្នេះ៖ «ជំនាន់នោះ យើងគោរពតាមច្បាប់ដែលឲ្យយើងសង់ហ្នឹង គឺសង់តែត្រឹមអឺសេរ៉ូ (E0) ជាន់ផ្ទាល់ដី និងអឺអង (E1) ហ្នឹង ជាន់ទី១ហ្នឹងឯង គឺឲ្យប្រើប្រាស់ត្រឹមតែជាន់ទីមួយទេ។ ដំបូលលើហ្នឹង គឺយើងទុកជាទែរ៉ាស់។ គាត់ទៅសង់ថែមពីលើជាប់ជាមួយអាចាស់ជាមួយយើងផង ទម្ងន់ផ្ទុកពីលើ យើងប្រើប្រាស់ផង អាហ្នឹងវាអាចមានបញ្ហាអ៊ីចឹងដែរ។ អ៊ីចឹងបានខ្ញុំចង់បកស្រាយជូនបង មុនីរតន៍ ថា ការផ្សាយថ្ងៃមុននោះ គឺគេមានការភ្ញាក់ផ្អើល។ ខ្ញុំកន្លងមក ខ្ញុំធ្វើអីខ្ញុំទទួលខុសត្រូវ ព្រោះខ្ញុំជាអ្នកជំនាញមួយរូបដែរណា»។
ស្របពេលជាមួយគ្នានេះដែរ ភ្លាមៗក្រោយពីអគារកើតមានបញ្ហា វិទ្យាស្ថានមួយចំនួនដែលត្រួតពិនិត្យលើគុណភាពសំណង់នៅកម្ពុជា បានបញ្ជាក់ថា សំណង់នេះអាចដំណើរបានបន្ត ពុំមានបញ្ហាអ្វីទេ។
គិតមកដល់ពេលនេះ ភាគីរោងចក្រ ស៊ាវគិញ បានសម្រេចផ្អាកសកម្មភាពគ្រប់ផ្នែកទាំងអស់នៅក្នុងរោងចក្រជាបណ្ដោះអាសន្ន ដើម្បីជួសជុល ប៉ុន្តែផ្ដល់ប្រាក់ ៥០% នៃប្រាក់ខែដែលមានរបស់កម្មករ ក្នុងអំឡុងពេលឈប់សម្រាក។ ការសម្រេចផ្អាកនេះ បន្ទាប់ពីមានហេតុការណ៍រញ្ជួយអគារកើតឡើង រហូតមានប្រេះស្រាំ កាលពីថ្ងៃទី២២ វិច្ឆិកា។ ម្យ៉ាងទៀត គឺដើម្បីការពារសុវត្ថិភាពកម្មករក្នុងពេលបំពេញការងារ៕