នៅថ្ងៃសុក្រនេះ សកម្មជនប្រឆាំងថៃបានបន្តបាតុកម្មរបស់ខ្លួន ដោយបានចូលលុកទៅដល់ទីស្នាក់ការទាហានជើងគោកថៃ ព្រមទាំងបានឡោមព័ទ្ធទីស្នាក់ការគណបក្សភឿថៃរបស់នាយករដ្ឋមន្ត្រី យីងឡាក់ទៀតផង។
បាតុករប្រឆាំងបានកាន់កាប់អគាររដ្ឋសំខាន់ៗច្រើនកន្លែងរួចមកហើយ ក្នុងនោះមានក្រសួងហិរញ្ញវត្ថុ។ កាលពីម្សិលមិញនេះ ក្រុមបាតុករបានឡោមព័ទ្ធស្នងការដ្ឋានប៉ូលិសជាតិ និងបានផ្តាច់ចរន្តអគ្គិសនីនៅទីនោះ។
នៅប្រទេសថៃ សកម្មជនប្រឆាំងរដ្ឋាភិបាល បានប្រើកម្លាំងបាយ ចូលលុកដល់ទីស្នាក់ការទាហានជើងគោកថៃ នៅថ្ងៃសុក្រនេះ ដោយបានបុកក្លោងទ្វា តែមិនបានចូលក្នុងអគារនានារបស់ទាហានថៃនោះទេ។ ពួកគេក៏បានឡោមព័ទ្ធទីស្នាក់ការគណបក្សកាន់អំណាចរបស់លោកស្រីយីងឡាក់ផងដែរ។ ទីស្នាក់ការបក្សកាន់អំណាច ជាគោលដៅវាយប្រហារចុងក្រោយរបស់បាតុករ ដើម្បីដាក់សម្ពាធអោយរដ្ឋាភិបាលចុះពីអំណាច។
លោក អាម៉នរតនាណុន ជាអ្នកដឹកនាំក្រុមបាតុករ មួយរូប បានលើកឡើងថា ក្រុមបាតុករចង់បង្ហាញដល់ទាហានថៃថា ប្រជាជនថៃមានកម្លាំងខ្លាំង និងមានភាពក្លាហាន។ ហើយក្រុមបាតុករចង់ដឹងថា តើកងទ័ពប្រកាន់ជំហរខាងប្រជាជនដែររឺទេ។ ប៉ុន្តែ អ្នកដឹកនាំបាតុកម្មរូបនេះអះអាងថា មិនចង់ធ្វើរដ្ឋប្រហារយោធាអ្វីនោះទេ។
ការអះអាងនេះពិបាកគួរជឿបានណាស់ ព្រោះថា តាំងពីពេលថៃបានក្លាយ ជារាជាណាចក្រអាស្រ័យលើរដ្ឋធម្មនុញ្ញ ក្នុងឆ្នាំ១៩៣២មក ថៃបានរងនូវរដ្ឋប្រហាររឺក៏ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ចំនួន១៨លើករួចមកហើយ។
ថ្វីបើថ្មីៗនេះ ព្រឹទ្ធសភាថៃបានទាត់ចោលគំរោងច្បាប់លើកលែងទោសរបស់រដ្ឋាភិបាលក្តី សកម្មជនប្រឆាំងរដ្ឋាភិបាលថៃនៅតែបន្តបាតុកម្មខ្លាំងក្លា ទាមទារអោយលោកស្រីយីងឡាក់ ចុះពីតំណែង និងបិទបញ្ចប់ប្រព័ន្ធថាក់ស៊ីន ដែលបាតុករចាត់ទុកជាទូទៅថា ជាប្រព័ន្ធពុករលួយ។ សំរាប់ក្រុមប្រឆាំង លោកស្រីយីងឡាក់ គឺជាអាយ៉ងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ជាបងប្រុសរបស់លោកស្រី។ លោកថាក់ស៊ីនត្រូវបានជាប់ទោសពីបទពុករលួយបន្លំពន្ធរដ្ឋ និងកំពុងភៀសខ្លួននៅក្រៅប្រទេស។
បន្ទាប់ពីសភាថៃបានបោះឆ្នោតបន្តសេចក្តីទុកចិត្តដល់ខ្លួនរួចមក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នាយករដ្ឋមន្ត្រីយីងឡាក់ បានប្រកាសសុំចរចាជាមួយក្រុមបាតុករ។ ប៉ុន្តែ លោក ស៊ុតថេប ធោកស៊ូបាន ជាអតីតនាយករដ្ឋមន្ត្រីថៃ និងជាមេដឹកនាំសកម្មជនប្រឆាំង បានទាត់ចោលរាល់គំនិតចង់ចរចាជាមួយរដ្ឋាភិបាល៕
Labels:
ព័ត៌មានជាតិ