ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ធំពីរ​ ព្រមគោរព​បទបញ្ជា​ចិន​ ពេល​ហោះហើរ​ក្នុង​តំបន់​ការពារ​ដែនអាកាស​ចិន​




ដោយ ព្រំ សឿន សូលីណា
យោងតាម​សារព័ត៌មាន​បារាំង អាអេហ្វប៉េ AFP ចុះផ្សាយ​នៅថ្ងៃអង្គារ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុនធំៗ​ចំនួនពីរ គឺក្រុមហ៊ុន​ Japon Airlines និង All Nippon Airway បាន​សំរេច​ចិត្ត​​យល់ព្រម​គោរព​​តាមបទបញ្ជា​របស់អាជ្ញាធរ​​ចិន ទាក់ទង​នឹង​ការហោះហើរ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​ចិន។
តំបន់​ការពារ​ដែនអាកាស​របស់​ចិន​នេះ បាន​ចូល​ជា​ធរមាន​​កាលពីថ្ងៃសៅរ៍​ ចុង​សប្តាហ៍​កន្លងទៅ។ ទោះជា​រដ្ឋាភិបាល​ជប៉ុន​ជំទាស់​នឹង​តំបន់​ការពារ​ដែនអាកាស​ចិនក្តី​ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​បាន​សំរេច​គោរព​តាម​បទបញ្ជា​​​ចិន ​ដើម្បី​ធានាសុវត្ថិភាព​សន្តិសុខ​ដល់​អ្នកដំណើរ​របស់ខ្លួន។ទោះបីជា​ជប៉ុន​ជំទាស់​ដាច់ខាត​ទៅនឹង​តំបន់​ការពារ​ដែនអាកាស​របស់​ចិន ដែល​បាន​បង្កើត​ឡើង និង​ចូលជាធរមាន​កាលពីថ្ងៃ​សៅរ៍​កន្លងទៅ​ក្តី ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុនធំៗ​​ពីរ គឺក្រុមហ៊ុន​ Japon Airlines និង All Nippon Airway ហៅកាត់ថា ANA​ អេ អិន អេ បាន​សំរេច​ចិត្ត​​យល់ព្រម​គោរព​ទៅ​តាមបទបញ្ជា​របស់​ចិន ទាក់ទង​នឹង​ការហោះហើរ​របស់ខ្លួន នៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​ចិន។ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​​បានផ្តល់​អាទិភាពសំខាន់​ទៅលើ​​​សុវត្ថិភាព​សន្តិសុខ​​របស់​​អ្នកដំណើរ​របស់ខ្លួន។
ក្រុមហ៊ុន​អេអិនអេ ប្រាប់ថា បាន​សំរេច​គោរពបទបញ្ជាចិន ស្របទៅតាម​បទបញ្ជា​អន្តរជាតិ។ រីឯ​ក្រុមហ៊ុន​ជប៉ុន​អ៊ែរឡាញ​វិញ​ ប្រាប់ថា នឹងប្រគល់​ព័ត៌មាន​ទាក់ទង​ផ្លូវហោះហើរ​របស់​ខ្លួ​ន នៅ​ក្នុងតំបន់​ការពារ​ដែនអាកាស​ចិន ទៅ​អោយ​អាជ្ញាធរ​ចិន។
ដោយឡែក នៅថ្ងៃ​អាទិត្យ​កន្លងទៅ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​មួយទៀត ឈ្មោះ Peach Aviation ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​អេអិនអេ ក៏បានប្រកាស​ថា នឹង​គោរព​តាមបទបញ្ជាចិន​ផងដែរ។

ខាង​រដ្ឋាភិបាល​ជប៉ុន​ប្រាប់ថា ក្រុមហ៊ុន​អាកាសចរណ៍ជប៉ុន​ទាំង​នេះ មិន​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ជាមុន​នោះទេ មុន​នឹង​​សំរេច​គោរព​ទៅតាម​បទបញ្ជា​របស់​អាជ្ញាធរ​ចិន ទាក់ទង​នឹង​ការហោះហើរ​ក្នុង​តំបន់​ការពារ​ដែនអាកាស​ចិន​​នេះ។

គួររំលឹកថា កាលពី​ថ្ងៃ​សៅរ៍​ ចិន​បាន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែនអាកាស​ នៅ​សមុទ្រ​ចិន​ខាងកើត។ តំបន់​នេះលាតសន្ធឹង​រហូត​ដល់​ក្បែរ​ដែនទឹក​ជប៉ុន​ និងកូរ៉េខាងត្បូង។ តំបន់​នេះ​ក៏​រាប់បញ្ចូល​តំបន់​ប្រជុំកោះជម្លោះ​សេនកាគូ ដែល​ជា​កោះជម្លោះ​រវាង​ចិន និង​ជប៉ុន​ផងដែរ។ ចិន​កំណត់​ថា រាល់​យន្តហោះ ហោះ​ចូល​​ក្នុង​តំបន់​នេះ ត្រូវ​តែ​គោរព​តាម​វិធាន​របស់​​អាជ្ញាធរ​ចិន ពោលគឺ​ត្រូវតែ​ផ្តល់​ព័ត៌មាន​ដល់ចិន នូវ​ផ្លូវ​ហោះហើរ​របស់ខ្លួន​ជាមុន ហើយ​ត្រូវប្រាប់​ថា​ តើ​ជា​យន្តហោះកម្មសិទ្ធិ​របស់​ប្រទេស​ណាមួយ។ យន្តហោះ​ដែល​ហោះចូល​ក្នុង​តំបន់​នេះ ក៏​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​វិទ្យុ​ទំនាក់ទំនង​​ ដើម្បី​ឆ្លើយតប​អោយ​បាន​រហ័ស​សមស្រប​ទៅនឹង​​ការ​ចាប់អត្តសញ្ញាណ​ពីសំណាក់​អាជ្ញាធរ​ចិន​ផងដែរ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors