បារាំងនឹងបញ្ជូនទាហានប្រមាណជា ៨០០នាក់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល បន្ថែមពីលើទាហានជាង ៤០០នាក់ ដែលមានស្រាប់។ ការប្រកាសពីការដាក់ពង្រាយកងទ័ពបារាំងនេះ ត្រូវបានធ្វើ
ឡើង កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ក្រោយពីមានជំនួប រវាងនាយករដ្ឋមន្រ្តីអាហ្វ្រិកកណ្តាល និងរដ្ឋមន្រ្តីការបរទេសបារាំង នៅទីក្រុងប៉ារីស។ នៅឯទីក្រុងញូវយ៉កឯណោះវិញ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប កំពុងតែជជែកគ្នា អំពីការបញ្ជូនទាហានមួកខៀវទៅកាន់អាហ្វ្រិកកណ្តាល ដែលកំពុងមានវិបត្តិធ្ងន់ធ្ងរបណ្តាលឲ្យមានការបារម្ភខ្លាចមានអំពើប្រល័យពូជសាសន៍។បារាំង ក៏ដូចជា សហរដ្ឋអាមេរិក និងអ.ស.ប សុទ្ធតែបានព្រមានថា ប្រសិនបើសហគមន៍អន្តរជាតិមិនចាត់វិធានការជាបន្ទាន់ទេនោះ សង្រ្គាមស៊ីវិលនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនឹងអាចរាលដាលទៅជា អំពើប្រល័យពូជសាសន៍ រវាងក្រុមអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់គ្រឹស្តសាសនា។
បច្ចុប្បន្ននេះ កងទ័ពចម្រុះមកពីបណ្តាប្រទេសអាហ្វ្រិកប្រមាណជា ២៥០០នាក់ និងទាហានបារាំង ជាង ៤០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វ្រិកកណ្តាល។ ក៏ប៉ុន្តែ លោកបាន គីមូន អគ្គលេខាធិការអ.ស.ប បានមានប្រសាសន៍ថា គេត្រូវការទាហានមួកខៀវរហូតដល់ទៅ ៩ពាន់នាក់ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍នៅអាហ្វ្រិកកណ្តាលបាន។
កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ក្រោយពីជួបជាមួយរដ្ឋមន្រ្តីការបរទេសបារាំង នៅទីក្រុងប៉ារីស លោក នីកូឡា ចាំងហ្គៃ (Nicolas Tiangaye) នាយករដ្ឋមន្រ្តីអាហ្វ្រិកកណ្តាលបានថ្លែងថា បារាំងបានយល់ព្រមបញ្ជូនទាហាន ចំនួន ៨០០នាក់បន្ថែមទៀត ទៅកាន់អាហ្វ្រិកកណ្តាល។ លោក ចាំងហ្គៃ បានបញ្ជាក់ថា “ទាហានទាំងនេះនឹងត្រូវបញ្ជូនទៅអាហ្វ្រិកកណ្តាល នៅដើមខែធ្នូ ក្រោយពីមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.”។ គិតជាសរុប ទាហាបារាំងនៅអាហ្វ្រិកកណ្តាលនឹងត្រូវកើនឡើង ដល់១២០០នាក់។
►សូមអាន ហេតុអ្វីបានជាបារាំងចូលខ្លួនធ្វើអន្តរាគមន៍នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល?
រដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំង សុទ្ធតែបានទទួលស្គាល់ ពីគម្រោងបញ្ជូនទាហានបន្ថែមទៅអាហ្វ្រិកកណ្តាល ក៏ប៉ុន្តែ ទាហានអស់ទាំងនេះនឹងត្រូវដាក់ពង្រាយតែប្រមាណជា ៦ខែប៉ុណ្ណោះ។ លោកហ្សេរ៉ា អារ៉ូ (Gérard Arau) ឯកអគ្គរដ្ឋទូតបារាំងប្រចាំអ.ស.បបានបញ្ជាក់ថា“ទាហានបារាំងនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ រៀបចំឲ្យមានសណ្តាប់ធ្នាប់ខ្លះៗ និងបន្ទាប់មកទៀត ធ្វើជាទាហានជំនួយ ដើម្បីចាំជួយទាហានមកពីប្រទេសអាហ្វ្រិក។ នៅជំហានដំបូង ទាហានបារាំងនឹងទទួលបន្ទុកការពារជនស៊ីវិល ក៏ប៉ុន្តែ នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ តួនាទីនេះនឹងត្រូវផ្ទេរទៅឲ្យកងកម្លាំងអាហ្វ្រិក។
នៅពេលនេះ បារាំងបានរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយ ដាក់ជូនក្រុមប្រឹក្សាសន្តិសុខ ដើម្បីអនុញ្ញាតឲ្យទាហានបារាំង ក៏ដូចជា ទាហានអាហ្វ្រិកអាចប្រើកម្លាំងទ័ពក្នុងបេសកកម្មរក្សាសន្តិសុខនៅអាហ្វ្រិកកណ្តាល ក្នុងក្របខ័ណ្ឌជំពូកទី៧ នៃធម្មនុញ្ញសហប្រជាជាតិ៕
Labels:
ព័ត៌មានអន្តរជាតិ