Pages

Wednesday, November 27, 2013

ទាហាន​បារាំង​ជាង​១ពាន់នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល

ដោយ សេង ឌីណា
បារាំង​នឹង​បញ្ជូន​ទាហាន​ប្រមាណ​ជា ៨០០នាក់ ទៅកាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល បន្ថែម​ពីលើ​ទាហាន​ជាង ៤០០នាក់ ដែល​មាន​ស្រាប់។ ការប្រកាស​ពី​ការ​ដាក់ពង្រាយ​កងទ័ព​បារាំង​នេះ ត្រូវ​បាន​ធ្វើ​
ឡើង កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយ​ពី​មាន​ជំនួប​ រវាង​នាយករដ្ឋមន្រ្តី​អាហ្វ្រិក​កណ្តាល និង​រដ្ឋមន្រ្តី​ការបរទេស​បារាំង នៅ​ទីក្រុង​ប៉ារីស។ នៅឯ​ទីក្រុង​ញូវយ៉ក​ឯណោះវិញ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប កំពុង​តែ​ជជែក​គ្នា​ អំពី​ការ​បញ្ជូន​ទាហាន​មួកខៀវ​ទៅកាន់​អាហ្វ្រិក​កណ្តាល ដែល​កំពុង​មាន​វិបត្តិ​​ធ្ងន់ធ្ងរ​បណ្តាល​ឲ្យ​មាន​ការ​បារម្ភ​ខ្លាច​មាន​អំពើ​ប្រល័យពូជសាសន៍។បារាំង ក៏ដូចជា សហរដ្ឋ​អាមេរិក និង​អ.ស.ប សុទ្ធតែ​បាន​ព្រមាន​ថា ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិន​ចាត់វិធានការ​ជាបន្ទាន់ទេនោះ សង្រ្គាម​ស៊ីវិលនៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នឹង​អាច​រាលដាល​ទៅ​ជា​ អំពើ​ប្រល័យពូជសាសន៍ រវាង​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​គ្រឹស្ត​សាសនា។ 
បច្ចុប្បន្ន​នេះ កងទ័ពចម្រុះ​មក​ពី​បណ្តា​ប្រទេស​អាហ្វ្រិក​ប្រមាណ​ជា ២៥០០នាក់ និង​ទាហាន​បារាំង ជាង ៤០០នាក់ កំពុង​ឈរជើង​នៅ​ក្នុង​​ប្រទេស​អាហ្វ្រិក​កណ្តាល។ ក៏ប៉ុន្តែ លោក​បាន​ គីមូន អគ្គលេខា​ធិការ​អ.ស.ប បាន​មាន​ប្រសាសន៍​ថា គេ​​ត្រូវការ​ទាហាន​មួកខៀវ​​រហូតដល់​ទៅ​ ៩ពាន់នាក់​ ដើម្បី​អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​អាហ្វ្រិក​កណ្តាល​បាន។

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយ​ពី​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​បារាំង នៅ​ទីក្រុង​ប៉ារីស លោក​ នីកូឡា ចាំងហ្គៃ (Nicolas Tiangaye) នាយករដ្ឋមន្រ្តី​អាហ្វ្រិក​កណ្តាល​បាន​ថ្លែង​ថា បារាំង​បាន​យល់​ព្រម​បញ្ជូន​ទាហាន ចំនួន ៨០០នាក់​បន្ថែម​ទៀត ទៅ​កាន់​អាហ្វ្រិក​កណ្តាល។ លោក​ ចាំងហ្គៃ បាន​បញ្ជាក់ថា “ទាហាន​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អាហ្វ្រិក​កណ្តាល នៅ​ដើមខែ​ធ្នូ ក្រោយ​ពី​មាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.”។​ គិតជាសរុប ទាហា​បារាំង​នៅ​អាហ្វ្រិក​កណ្តាល​​នឹង​ត្រូវ​កើនឡើង ដល់​១២០០នាក់។

សូមអាន ហេតុអ្វី​បាន​ជា​បារាំង​ចូលខ្លួន​ធ្វើ​អន្តរាគមន៍​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល?

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង សុទ្ធតែ​បាន​ទទួលស្គាល់​ ពីគម្រោង​​​បញ្ជូន​ទាហាន​បន្ថែម​ទៅ​អាហ្វ្រិក​កណ្តាល ក៏ប៉ុន្តែ ទាហាន​អស់ទាំងនេះ​នឹង​ត្រូវ​ដាក់​ពង្រាយ​តែ​ប្រមាណ​ជា ៦ខែ​ប៉ុណ្ណោះ។ លោក​ហ្សេរ៉ា អារ៉ូ (Gérard Arau) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ.ស.ប​បាន​បញ្ជាក់ថា“ទាហាន​បារាំង​នឹង​ដើរតួនាទី​ជា​អ្នក​ត្រួសត្រាយផ្លូវ រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ខ្លះៗ និង​បន្ទាប់មកទៀត ធ្វើ​ជា​ទាហាន​ជំនួយ ដើម្បី​ចាំជួយ​ទាហាន​មក​ពី​ប្រទេស​អាហ្វ្រិក។ នៅ​ជំហាន​ដំបូង ទាហាន​បារាំង​នឹង​ទទួលបន្ទុក​ការពារ​ជនស៊ីវិល​ ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ។ តួនាទី​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កងកម្លាំង​អាហ្វ្រិក។

នៅពេលនេះ បារាំង​បាន​រៀបចំ​សេចក្តីព្រាង​សេចក្តីសម្រេច​មួយ ដាក់ជូន​ក្រុមប្រឹក្សា​សន្តិសុខ​ ដើម្បី​អនុញ្ញាត​ឲ្យ​ទាហាន​បារាំង ក៏ដូចជា ទាហាន​អាហ្វ្រិក​អាច​ប្រើ​កម្លាំងទ័ព​ក្នុងបេសកកម្ម​រក្សា​សន្តិសុខ​នៅ​​​អាហ្វ្រិក​កណ្តាល ក្នុង​ក្របខ័ណ្ឌ​ជំពូក​ទី៧ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ៕