សភាជប៉ុន​អនុម័ត​គំរោងច្បាប់​ស្តីពី​ការសំងាត់​ជាតិ​




ដោយ ព្រំ សឿន សូលីណា
នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ សភា​ជប៉ុន​បាន​អនុម័ត​គំរោង​ច្បាប់រដ្ឋាភិបាល​ ​ស្តីពី​ការសំងាត់​ជាតិ។ ច្បាប់​នេះ​ មានទិសដៅ​ការពារ​រាល់ព័ត៌មាន​សំងាត់​របស់​រដ្ឋជប៉ុន។ រាល់​ជន​​ដែល​នាំអោយ​លេចធ្លាយ​ព័ត៌មាន​សំងាត់​ជាតិ អាច​ទទួល​ទោស​ជាប់ពន្ធនា​គារ​រហូត​ដល់​១០ឆ្នាំ។
ព្រឹទ្ធសភា​​នឹង​សិក្សា​លើ​គំរោង​​ច្បាប់​នេះ​បន្តទៀត។ សារព័ត៌មាន​ជប៉ុន និង​ប្រជាជន​មួយចំនួន ​​ធ្លាប់​បាន​បរិហាររួចហើយ​ថា​​ ច្បាប់នេះ​ជាច្បាប់​​ប្រឆាំង​លទ្ធិ​ប្រជាធិបតេយ្យ។​ច្បាប់​​​ជប៉ុន​ស្តីពី​ការសំងាត់​ជាតិ ដែល​សភាជប៉ុន​បាន​អនុម័ត​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​​​នេះ ​មាន​ទិសដៅ​​ការពារ​រាល់ព័ត៌មាន​សំងាត់​របស់​រដ្ឋាភិបាល​ជប៉ុន ហើយ​រាល់​​​ជន​​ដែល​នាំអោយ​​លេចធ្លាយ​ព័ត៌មាន​សំងាត់ជាតិ​​នេះ អាច​ទទួលទោស​​ជាប់ពន្ធនាគារ​​រហូត​​​១០ឆ្នាំ។ គណបក្ស​ទាំងពីរ​នៃរដ្ឋាភិបាល​ចម្រុះ​ជប៉ុន រួម​នឹង​គណបក្ស​ពីរផ្សេងទៀត គឺ​ជា​អ្នកផ្តួចផ្តើម​អោយមាន​វិសោធនកម្ម​ច្បាប់​នេះ។
​ច្បាប់​នេះ​​​ផ្តល់​សិទ្ធិ​អោយ​គ្រប់ក្រសួង​​ជប៉ុន​ទាំងអស់​កំណត់​​​​​ថា តើ​ព័ត៌មានបែបណា​ជា​ព័ត៌មាន​សំងាត់​​ជាតិ។ ព័ត៌មាន​​អាច​ចាត់ទុក​ថា ជាកិច្ចការសំងាត់​ជាតិជប៉ុន​បាន​ គឺជាព័ត៌មាន​ដែល​​ប៉ះពាល់​ផ្នែក​ការពារជាតិ ប៉ះពាល់​ផ្នែកការទូត​ ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​​ការ​ស៊ើបការណ៍​ រឺ​ការ​​ប្រយុទ្ធ​អំពើភេរវកម្ម​ជាដើម។ ប៉ុន្តែ ច្បាប់​ស្តីពី​ការ​សំងាត់​ជាតិ​នេះ​ នៅ​មិនទាន់​កំណត់​គោលការណ៍ជាក់លាក់​​ស្តីពី​លក្ខណៈ​​​ព័ត៌មាន​សំងាត់​នេះ​​នៅឡើយ​ទេ។ រហូត​មកដល់​ពេលនេះ មានតែ​ក្រសួងការពារ​ជាតិ​មួយប៉ុណ្ណោះ​ ដែល​​មាន​​​អំណាច​​​លាក់ទុក​ការ​សំងាត់​ជាតិ​នេះ។

បន្ទាប់​ពី​សភា​បានអនុម័ត​រួច​នៅថ្ងៃ​នេះ ច្បាប់​ស្តីពីការ​សំងាត់​ជាតិ​ជប៉ុន​មួយ​នេះ នឹង​ត្រូវ​យកទៅ​ដាក់​ពិភាក្សា​ជាបន្ត​នៅ​ព្រឹទ្ធសភា​។ ដូច​ជា​នៅ​សភា​ដែរ នៅ​ព្រឹទ្ធសភា​ គណបក្ស​សេរីនិយម​ប្រជាធិបតេយ្យ​របស់​​នាយករដ្ឋមន្ត្រី ស៊ីនសូ អាបេ មាន​សម្លេងភាគច្រើន​ ដូច្នេះ ច្បាប់​នេះ​ប្រហែល​ជា​មិនពិបាក​នឹង​អនុម័ត​​នោះទេ។ រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា ព្រឹទ្ធសភា​នឹង​អនុម័ត​ច្បាប់​នេះ​អោយ​បាន​​ហើយ យ៉ាងយូរ​នៅ​​ថ្ងៃ​៦ធ្នូ ខាងមុខ​នេះ។

សារព័ត៌មាន​ជប៉ុន​នានា​បារម្ភថា ច្បាប់​នេះ​នឹង​កាត់បន្ថយ​សិទ្ធិសេរីភាព​​របស់​ពួកគេ​ក្នុង​ការងារ។ កន្លងមក សារព័ត៌មាន​ និង​ប្រជាជន​ជប៉ុន​មួយចំនួន​បានបរិហារ​ថា ច្បាប់​នេះគឺ​ជា​ច្បាប់​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors