អ្នក​វិភាគ៖ រដ្ឋាភិបាល​ត្រូវ​យក​ក្រសួង​សុខាភិបាល​ជា​គំរូ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ




ក្រុម​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​មន្ត្រី​គណបក្ស​ប្រឆាំង ទទូច​ឲ្យ​ប្រមុខ​ដឹក​នាំ ឬ​ស្ថាប័ន​ពាក់ព័ន្ធ មាន​វិធាន​ការ​ក្តៅ​ចំពោះ​អំពើ​​​ពុក​រលួយ​នៅ​ក្រសួង​សុខាភិបាល ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​កំណែ​​​ទម្រង់​ស៊ី​ជម្រៅ​នៃ​រាជ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​​

ទី​៥។ បញ្ហា​ពុក​រលួយ​នេះ សម្រាប់​បុគ្គលិក​ក្រសួង​សុខាភិបាល ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​ឯករាជ្យ ដើម្បី​​​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​នាំ​ខ្លួន​អ្នក​ប្រព្រឹត្តិ ឬ​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​ផ្ដន្ទាទោស្រប​ពេល​ដែល​ម្ចាស់​ជំនួយ​បរទេស ឬ​មូលនិធិ​សកល (Global Fund) បាន​រក​ឃើញ​ថា មាន​ស្ថាប័ន​ចំនួន​ពីរ ស្ថិត​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​​លួច​បន្លំ​កិបកេង​ប្រាក់​ជំនួយ​​រួច​មក ក្រុម​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ ឬ​អនុវត្ត​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា។
​លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ យល់​ថា ល្មម​ដល់​ពេល​ដែល​រដ្ឋាភិបាល​បង្ហាញ​ផែន​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ក្នុង​អាណត្តិ​ទី​៥ ដើម្បី​បង្ហាញ​ម្ចាស់​ឆ្នោត។ លោក​បន្ត​ថា អំពើ​ពុក​រលួយ ឬ​ភាព​មិន​ប្រក្រតី​នៅ​ក្រសួង​សុខាភិបាល ឬ​ស្ថាប័ន​ផ្សេងៗ​ដែល​មាន​បញ្ហា រដ្ឋាភិបាល​ត្រូវ​បង្កើត​ស្ថាប័ន​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត និង​នាំ​ខ្លួន​អ្នក​ប្រព្រឹត្តិ ឬ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ទាំង​នោះ​មក​ផ្ដន្ទាទោស បើ​សិន​រក​ឃើញ​កំហុស។
លោក សុខ ទូច ដែល​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ ផង​នោះ ថ្លែង​ថា ដរាប​ណា​រដ្ឋាភិបាល​គ្មាន​វិធាន​ការ​ក្តៅ ឬ​ដាក់​ទោស​ទណ្ឌ​ទៅ​អ្នក​ប្រព្រឹត្តិ​កំហុស​ឆ្គង​ទេ កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដែល​ប្រមុខ​ដឹក​នាំ​ដាក់​ចេញ​ក្នុង​អាណត្តិ​ទី​៥ នឹង​គ្មាន​ប្រសិទ្ធភាព​ទេ។ ជាង​នេះ រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​នឹង​អាច​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ឬ​ម្ចាស់​ឆ្នោត​ថែម​ទៀត។
​ស្រដៀង​គ្នា​ដែរ លោក កែម ឡី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ឲ្យ​ដឹង​ថា បញ្ហា​ក្តៅ​គគុក​នៅ​ក្រសួង​សុខាភិបាល រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​​កំណែ​ទម្រង់​របស់​​​ខ្លួន។ ហើយ​ថា រដ្ឋាភិបាល​គួរ​លើក​ក្រសួង​មួយ ឬ​ពីរ​មក​អនុវត្ត​រក​ឲ្យ​ឃើញ​ស​ខ្មៅ​ជា​គំរូ មុន​នឹង​អនុវត្ត​ទៅ​ក្រសួង​ផ្សេងៗ​ទៀត។
​លោក កែម ឡី និយាយ​ថា កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នឹង​អាច​មាន​ប្រសិទ្ធភាព​ច្រើន បើ​​រដ្ឋាភិបាល​មាន​ផែន​ការ​ត្រឹមត្រូវ។ តែ​លោក​ថា នឹង​មិន​ទទួល​ជោគជ័យ​ទេ បើ​កំណែ​ទម្រង់​មាន​តែ​នៅ​លើ​ក្រដាស ឬ​បបូរ​មាត់​ថ្នាក់​ដឹក​នាំ ហើយ​គ្មាន​ការ​អនុវត្ត​នោះ។ លោក​ថា កាលៈទេសៈ​នេះ រដ្ឋាភិបាល​គួរ​លើក​យក​ក្រសួង​សុខាភិបាល មក​បើក​ការ​ស៊ើប​អង្កេត​ជា​គំរូ ដើម្បី​ឆ្លើយ​តប​ទៅ​ម្ចាស់​ជំនួយ​បរទេស​ផង ឬ​ជា​ការ​ឆ្លើយ​តប​ការ​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន។
​បញ្ហា​នៅ​ក្រសួង​សុខាភិបាល នេះ​ដែរ បុគ្គលិក​សុខាភិបាល​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នេះ បាន​លើក​យក​បញ្ហា​ធំៗ​ចំនួន ៣​សំខាន់ ចោទ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នកស្រី យក់ សម្បត្តិ ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សុខាភិបាល ថា​បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួយ​ក្រុមហ៊ុន​ដេញ​ថ្លៃ​ផ្គត់ផ្គង់​ឱសថ​បរិក្ខារ​ពេទ្យ ដែល​ក្រសួង​​បាន​អនុវត្ត​នៅ​ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។
ក្រុម​បុគ្គលិក​សុខាភិបាល ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចាត់​ទុក​ការ​ដេញ​ថ្លៃ​​ឱសថ​បរិក្ខារ​ពេទ្យ តាម​របៀប​ចង​មុង ឬ​មាន​ក្រុមហ៊ុន​តែ​មួយ​អាច​ដេញ​ថ្លៃ​បាន​ជា​រៀង​រាល់​ឆ្នាំ នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ស្ថាប័ន​សុខាភិបាល។
ប្រភព​ឲ្យ​ដឹង​ថា ការ​ដេញ​ថ្លៃ​ឱសថ​បរិក្ខារ​ពេទ្យ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​តែ​ក្រុមហ៊ុន​របស់​យាយ​ភូ មួយ​ទេ​ដែល​​អាច​ដេញ​ថ្លៃ​បាន​ទៅ​លើ​ឱសថ​បរិក្ខារ​ពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ប្រចាំ​ឆ្នាំ​នៅ​ក្រសួង​សុខាភិបាល ហើយ​​​​មាន​​តម្លៃ​ខ្ពស់​​ជាង​តម្លៃ​ទីផ្សារ។
ជាង​នេះ ក្រុម​បុគ្គលិក​សុខាភិបាល បាន​ចោទ​ថា នៅ​ក្រសួង​សុខាភិបាល ក៏​មាន​ករណី​កេង​ប្រវ័ញ្ច​ប្រាក់​បង់​វិភាគ​ទាន​ប្រចាំ​ខែ​របស់​សមាជិក​គណបក្ស​នៅ​ខណ្ឌ​សែនសុខ និង​ពុក​រលួយ ឬ​បក្ខពួក​ចំពោះ​ការ​តែង​តាំង ឬ​ផ្លាស់​ប្ដូរ​តួនាទី​បុគ្គលិក​សុខាភិបាល មិន​យុត្តិធម៌ និង​ខុស​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ជាដើម។
បុគ្គលិក​សុខាភិបាល បញ្ជាក់​ថា អំពើ​ពុក​រលួយ ឬ​គ្រួសារ​និយម​ដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​បក្ខពួក បាន​ប្រព្រឹត្ត​ក្នុង​អាណត្តិ​លោក ជា​ដើម​ហេតុ​នាំ​ឲ្យ​បុគ្គលិក​សុខាភិបាល​ថ្នាក់​ក្រោម​មិន​​ពេញ​ចិត្ត និង​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ។
​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​បុគ្គលិក​ខ្លួន​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា។
ចំណែក​លោក​បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​កើត​មាន​នៅ​ក្រសួង​សុខាភិបាល នេះ​ទេ។ ប៉ុន្តែ កន្លង​មក លោក​ធ្លាប់​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​​ពាក់ព័ន្ធ​ដែល​មាន​បញ្ហា​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មក​អង្គភាព​ប្រឆាំង​​អំពើ​ពុក​​រលួយ ដើម្បី​ស៊ើប​អង្កេត​នឹង​ឈាន​ដល់​មាន​​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។
ទោះ​ជា​បែប​ណា ក្រុម​បុគ្គលិក​ក្រសួង​សុខាភិបាល បាន​ទទូច​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ចំពោះ​អំពើ​ពុក​រលួយ​នៅ​​​ក្រសួង​សុខាភិបាល ឲ្យ​បាន​​ឆាប់។
​​លោក ភួង សុវណ្ណ ទីប្រឹក្សា​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា និង​ជា​ប្រធាន​សហជីព​សេវាកម្ម​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​ទទូច​ដល់​រដ្ឋាភិបាល ត្រូវ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ក្រសួង​សុខាភិបាល ជា​បន្ទាន់។ លោក​ថា បើ​រក​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ ត្រូវ​មាន​វិធាន​ការ​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​ស្ថាប័ន​នេះ​តាម​ផ្លូវ​ច្បាប់។
ចំណែក លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចង់​ឃើញ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​នៅ​តាម​ក្រសួង​នានា ដែល​មាន​បញ្ហា​ពុក​រលួយ ឬ​បក្ខពួក​និយម ដែល លោក ហ៊ុន សែន ដាក់​ចេញ​​នេះ​ដែរ។
​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥ បាន​​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​នានា ដែល​មាន​កំហុស​ឆ្គង។ ក្នុង​នោះ ប្រមុខ​ដឹក​នាំ​ក៏​បាន​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​ក្រសួង​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​​​​ក្រសួង​បក្ខពួក ឬ​គ្រួសារ​និយម​ជាដើម។
កំណែ​ទម្រង់​នេះ​សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល មួយ​ចំនួន ដែល​កំពុង​តាម​ដាន​ទៅ​លើ​សកម្មភាព​ធ្វើ​កំណែ​​ទម្រង់​របស់​​​ប្រមុខ​រដ្ឋាភិបាល បាន​បង្ហាញ​ជំនឿ​ថា អាច​នឹង​មាន​ផល​វិជ្ជមាន​ច្រើន។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​មើល​​ឃើញ​​ថា រដ្ឋាភិបាល​​​​អាណត្តិ​ទី​៥​នេះ បាន​ចាប់​ផ្ដើម​អនុវត្ត​កំណែ​ទម្រង់​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ ហើយ​ពួក​គេ​មាន​​ជំនឿ​ថា កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ ទំនង​​ជា​អាច​​​មាន​ផល​វិជ្ជមាន​​​ច្រើន៕
ប្រភព៖RFA 


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors