អាស៊ី​អាគ្នេយ៍ តំបន់​សម្បូណ៌​ទៅ​ដោយ​ទ័ព​ព្រៃ​




ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍។ អាស៊ី​អាគ្នេយ៍​សម្បូណ៌​ទៅ​ដោយ​ចលនា​ទ័ព​ព្រៃ
ដែល​មួយ​ចំនួន​ធំ​មាន​ចំណាស់​ចាស់​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក ដូចជា​ទ័ពព្រៃ​កម្មុយ​និស្ត​ឬ​ក៏​ទ័ព​ព្រៃ​នៃ​ជន​ជាតិ​ភាគ​តិច​ហ្មូង(Hmong) ជា​ដើម។ ដោយ​ឡែក​តាំង​ពី​ឆ្នាំ​២០០១​មក​ អាស៊ី​អាគ្នេយ៍​ក៏​ជា​តំបន់​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​ទ័ពព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ដែរ។នៅ​ក្នុង​អតីត​កាលក៏​ដូច​ពេល​បច្ចុប្បន្ន បណ្តា​ប្រទេស​អាស៊ី​អា​គ្នេយ៍​មួយ​ចំនួន​ធំ​បាន​ជួប​និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​បាតុភាព​ទ័ព​ព្រៃ។ នៅ​សម័យសង្គ្រាម​ត្រជាក់​ ទ័ព​ព្រៃ​ដែល​បាន​ក្រឡុក​ធ្វើ​ឲ្យ​រំជើប​រំជួល​អាស៊ី​អាគ្នេយ៍​ខ្លាំង​ជាង​គេ គឺ​ពួក​បដិវត្តន៍​កុម្មុយនិស្ត​ដែល​បាន​ងើប ​បះបោរ​ប្រឆាំង​នឹង​របប​នយោ​បាយ​ណា​ដែល​មាន​និន្នាការ​ផ្អៀង​ទៅ​រក​សហរដ្ឋអាមេរិក។
 
ពួក​ទ័ព​ព្រៃ​កុម្មុយ​និស្ត​​ទាំងនោះ​ថែម​ទាំង​បាន​រំលំ​អំណាច​នយោបាយ​នៃ​បណ្តា​ប្រ​ទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន ​នៅ​ឆ្នាំ១៩៧៥​ទៀត​ផង ​ដូច​ជា​នៅ​កម្ពុជា ​វៀតណាម និង​ឡាវ​ជា​ដើម។ ផ្ទុយ​ទៅ​វិញ រដ្ឋ​អំ​ណាច​ខ្លះ​បាន​វាយ​កម្ទេច​គ្មាន​សល់​ពួក​ទ័ព​ព្រៃ​កុម្មុយនិស្ត។ ជាក់​ស្តែង ឥណ្ឌូណេស៊ី​បាន​កម្ទេច​ពួក​កុម្មុយនិស្ត​ទាល់​តែ​អស់​នៅ​ឆ្នាំ​១៩៥៤ ម៉ាឡេស៊ី​នៅ​ឆ្នាំ​១៩៦៥ ថៃ​នៅ​ឆ្នាំ​១៩៨០។ សព្វ​ថ្ងៃ​នេះ​នៅ​អាស៊ី​អាគ្នេយ៍ ​មាន​តែ​ប្រទេស​ហ្វីលីពីន​មួយ​គត់ ដែល​ត្រូវ​បន្ត​ប្រឈម​មុខ​នឹង​ទ័ព​ព្រៃ​កុម្មុយនិស្ត។ ក៏​ប៉ុន្តែ ទ័ព​ព្រៃ​កុម្មុយនិស្ត​ហ្វីលីពីន​ដែល​មាន​ឈ្មោះ​ថាកង​កម្លាំង​ថ្មី​នៃ​ប្រជា​ជន និង​ដែល​ប៉ុនប៉ង​រំលំ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​១៩៦៩​មក​ម្ល៉េះ ឈប់​ជា​គ្រោះថ្នាក់​ទៀត​ហើយ សម្រាប់​ទីក្រុង​ម៉ានីល(Manille)។
 
ក្រៅ​ពី​ទ័ព​ព្រៃ​កុម្មុយនិស្ត ​នៅ​ក្នុង​អតីត​កាល​ក៏​ដូច​ពេល​បច្ចុប្បន្ន បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ​ខ្លះ​បាន​ជួបឬ​កំពុង​បន្ត​ប្រឈម​មុខ​នឹង​ទ័ព​ព្រៃ​ដែល​ចេញ​មក​ពី​ស្រទាប់​ជនជាតិ​ភាគ​តិច។ ឧទាហរណ៍ ទ័ព​ព្រៃការ៉េន(Karen) នៅ​ភូមា ទ័ព​ព្រៃ​ហ្មូង(Hmong) នៅ​ឡាវ និង​នៅ​វៀតណាម និង​មក​ទល់​ពេល​ថ្មីៗ​នេះ ចលនា​អាឆេ(​Aceh)សេរី​នៅ​ឥណ្ឌូណេស៊ី​ជាដើម។ ជា​ទូទៅ ទ័ព​ព្រៃ​​ទាំង​អស់​នេះ​មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នា នោះ​គឺ​ទាមទារ​ផ្តាច់​ទឹក​ដី​ចេញ​ពី​ការ​ត្រួត​ត្រា​របស់​អំណាច​នយោបាយ​កណ្តាល។
 
ឧទាហរណ៍​ជាក់ស្តែងនៅ​ភូមា ពួកការ៉េន (Karen) បាន​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​តាំង​ពី​ឆ្នាំ​១៩៤៨​មក​ម្ល៉េះ ពោល​គឺ​ក្រោយ​ពី​ប្រទេស​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ភ្លាម។ ចំណែក​ពួក​ហ្មូង(Hmong)វិញ ដែល​សព្វថ្ងៃ​មាន​ចំនួន​ប្រមាណ​៥​សែន​នាក់​នៅ​វៀតណាម និង​ប្រមាណ​៣សែន​នាក់​នៅ​ឡាវ ជា​ជន​ជាតិ​ភាគ​តិច​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ឲ្យ​ប្រឆាំង​នឹង​ទ័ព​កុម្មុយនិស្ត​របស់ ហ៊ូ ជីមិញ(Hô Chi Minh) នៅ​ក្នុង​សង្គ្រាម​វៀតណាម​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៥ និង​ដែល​សហរដ្ឋអាមេរិក​បាន​ប្រើ​ឲ្យ​ប្រឆាំង​នឹង​ទ័ព​កម្មុយនិស្ត​ប៉ាថេត​ឡាវ(Pathet Laoនៅ​ប្រទេស​ឡាវ​នៅ​ដើម​ទសវត្សរ៍ទី​៧០។ ម៉្លោះ​ហើយ បាន​ជា​របប​កុម្មុយនិស្ត​បច្ចុប្បន្ន​នៅ​ទីក្រុង​ហាណូយ(Hanoi) ក៏​ដូច​របប​កុម្មុយនិស្ត​នៅ​ទីក្រុង​វៀងចាន់(Vientiane)ដែរ បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ពួកហ្មូង(Hmong)ត​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។
 
*
យ៉ាង​ណា​ក៏​ដោយ តាំង​ពី​មាន​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១ នៅ​សហរដ្ឋ​អាមេរិក​រួច​មក គេ​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទៀត​ឡើយ​ទៅ​លើ​ទ័ព​ព្រៃ​កុម្មុយនិស្តឬ​ទៅ​លើ​ទ័ព​ព្រៃ របស់​ជនជាតិ​ភាគតិច​នៅ​អាស៊ី​អាគ្នេយ៍។ តាំង​ពី​ឆ្នាំ២០០១​មក អ្វី​ដែល​ធ្វើ​ឲ្យ​រដ្ឋ​អំណាច​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​បារម្ភ​ខ្លាំង គឺ​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម។
 
សកម្ម​ភាព​របស់​ពួក​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​បាន​ស្តែង​ឡើង​តាម​រយៈ​ភេរវកម្ម​ទ្រង់​ទ្រាយ​ធំ​មួយ​ចំនួន​​ដែល​បាន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដូច​ជា​ភេរវកម្ម នៅ​បាលី(Bali)ប្រទេស​ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី​១២​ខែ​តុលា​ឆ្នាំ​២០០២ និង​នៅ​ទីក្រុង​ហ្សាការតា(Jakarta) ថ្ងៃ​ទី​៥​ខែ​សីហា​ឆ្នាំ​២០០៣​ជា​ដើម។
 
ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​បង្ក​ភេរវកម្ម ក្រឡុក​ឲ្យ​រំជើប​រំជួល​និង​ធ្វើ​សកម្មភាព​វាយ​ឆ្មក់ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ណា​ដែល​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ដូច​ជា​នៅ​ឥណ្ឌូណេស៊ី ឬ​ក៏​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ណា​ដែល​មាន​ជនជាតិ​ភាគ​តិច​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ដូច​ជា​នៅ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន និង​នៅ​ខាង​ត្បូង​ប្រទេស​ថៃ​ជាដើម។
 
នៅ​ប្រទេស​ឥណ្ឌូណេស៊ី អ៊ីស្លាម​ជ្រុល​និយម​បាន​ផ្តើម​មាន​សកម្មភាព​ខ្លាំង នៅ​ក្នុង​ទសវត្សរ៍ទី​៩០ ជា​ពិសេស​នៅ​ក្នុងតំបន់ម៉ូលុក(Moluques) ជា​ទី​ដែល​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្លាំង​ទៅ​លើ​ពួក​អ្នក​កាន់​គ្រិស្ត​សាសនា។ រី​ឯ​នៅ​ប្រទេស​ហ្វីលីពីន​វិញ ពួក​អ៊ីស្លាម​ជ្រុល​និយម​បាន​បង្កើត​ចលនា​ទ័ព​ព្រៃ​ឡើង តាំង​ពី​ទសវត្សរ៍​ទី​៧០​ម៉្លេះ រួម​មាន​ជា​អាទិ៍ រណសិរ្ស Moro រំដោះ​ជាតិ និង​រណសិរ្ស Moro អ៊ីស្លាម​រំដោះ។ ទ័ព​ព្រៃ​ទាំង​ពីរ​នេះ​មាន​មហិច្ឆតា​បង្កើត​រដ្ឋអ៊ីស្លាម​មួយ​ដែល​គ្រប​យក​កោះMidanoa Sulu និង Jolo
 
ប្រទេស​ម៉ាឡេស៊ី​វិញ ជា​ប្រភព​ដើម​នៃ​ចលនា​ភេរវកម្ម​ល្បី​ឈ្មោះ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ នោះ​គឺJemaah Islamiyah។ ក៏​ប៉ុន្តែ ថ្វី​ត្បិត​តែ​បាន​កកើត​ឡើង​នៅ​ម៉ាឡេស៊ី​ និង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពួកជនជាតិ​ម៉ាឡេស៊ី​ក៏​ដោយ ក៏​ចលនា​Jemaah Islamiyahមិន​ដែល​បង្ក​ភេរវកម្ម​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទេ។ ចលនា​នេះ​បែរ​ជា​បាន​វាយ​ប្រហារ​ខ្លាំង​ទៅ​លើ​ប្រទេស​ជិត​ខាង​ទៅ​វិញ ដូច​ជា​ប្រទេសឥណ្ឌូណេស៊ី និង​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​ទៀត​ផង​ក៏​មិន​ដឹង៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors