កងទ័ព​ជើងទឹក​អាមេរិក​កំពុង​ញំាញី​ដោយ​រឿង​អាស្រូវ​ពុករលួយ​របស់​មេបញ្ជាការ​កងនាវា



កងទ័ព​ជើងទឹក​អាមេរិក​កំពុង​រង​ដោយ​រឿង​អាស្រូវ​ពុករលួយ
ដោយ ឈាង បុប្ផា
រឿង​អាស្រូវ​ពុករលួយ​របស់​មន្រ្តីយោធា​ក្នុង​តំណែងខ្ពស់​របស់​កំពុង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ មុខមាត់​ របស់​កងទ័ព​ជើងទឹក​អាមេរិក។ ចាប់តាំងពី​ខែ​កញ្ញា មេបញ្ជាការ​កងទ័ព​ជើងទឹក​
អាមេរិក ពីរនាក់ ដែល​ម្នាក់​មាន​ដើមកំណើត​ជា​ខ្មែរ ត្រូវ​បាន​តុលាការ​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ទទួល​សំណូក និង​ផ្តល់​ព័ត៌មាន​សម្ងាត់​របស់​ក្រសួងជើងទឹក​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ជា​អ្នកម៉ៅការ​ផ្តល់​សេវា​ដល់​នាវា​ចម្បាំង​របស់​អាមេរិក នៅ​អាស៊ី។
រឿងស៊ីសំណូក​របស់​មន្រ្តី​កងទ័ព​ជើងទឹក​អាមេរិក​ដែល​បាន​ផ្ទុះ​បែក តាំង​ពី​ខែ​កញ្ញា មាន​រូបរាង ដូចជា​សម្ល​កំពឹស។ មន្រ្តី​ជាន់ខ្ពស់​របស់​កងនាវី​អាមេរិក​ត្រូវ​បាន​រដ្ឋអាជ្ញា​រកឃើញ​ជា​បន្តបន្ទាប់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ ដែល​គេ​មិនធ្លាប់​ឃើញ​មាន ពីមុនមក នៅក្នុង​ប្រវត្តិ​កងទ័ព​ជើងទឹក​អាមេរិក។

មកដល់​ពេលនេះ មាន​មេបញ្ជាការ​នាវា​ចម្បាំង​ពីររូប និង​មន្រ្តី​ជាន់ខ្ពស់​របស់​ស្ថាប័ន​ស៊ើប​អង្កេត​នៃ​កងទ័ព​ជើងទឹក​អាមេរិក​ត្រូវ​បាន​តុលាការ​ឃាត់ និង​ចោទប្រកាន់​ពីរឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ មន្រ្តីជាន់​ខ្ពស់​បីនាក់​ផ្សេងទៀត ដែល​ពីរនាក់ មាន​តួនាទី​ ចាប់ពី​នាយ​ឧត្តមនាវី​ឯក ក៏​ត្រូវ​បាន​កងទ័ពជើងទឹក​អាមេរិក​ផ្អាកព្យួរ​ពី​មុខងារ​ដែរ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ បន្ទាប់​ពី​ពួកគេ​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ស៊ើបអង្កេត​របស់​តុលាការ​សហព័ន្ធ។

តួអង្គ​សំខាន់​ជាងគេ នៅក្នុង​រឿង​ពុករលួយ​របស់​មន្រ្តីកងទ័ព​ជើងទឹក​អាមេរិក គឺ​Leonard Francis ជនជាតិ​ម៉ាឡេស៊ី ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​Glenn Defense Marine Asia ដែល​ជាក្រុមហ៊ុន​ទទួល​បាន​កិច្ចសន្យា​បម្រើសេវា​ដល់​រាល់​កប៉ាល់​ចម្បាំង និង​នាវា​មុជទឹក​របស់​អាមេរិក នៅ​អាស៊ី។ Leonard Francis ត្រូវ​បាន​ចាប់ខ្លួនកាលពី​ខែ​កញ្ញា ក្នុង​ពេល​តែមួយ​ជាមួយ​នឹង​មេបញ្ជាការ​Michale Misiewicz​ដែល​មាន​ដើមកំណើត​ជាជនជាតិ​ខ្មែរ ឈ្មោះ​ខែម​វណ្ណៈ។ នៅខែ​កញ្ញា​ដដែល​នោះ ប៉ូលិស​សហព័ន្ធ​ក៏​បាន​ចាប់ខ្លួន​មន្រ្តីជាន់ខ្ពស់​ម្នាក់ទៀត​នៃ​ស្ថាប័ន​ស៊ើបអង្កេត​របស់​កងទ័ព​ជើងទឹក គឺ​John Beliveau។

វរៈនាវីទោ​ដែល​ជាប់សំណាញ់ ជាប់ចោទ​ចុងក្រោយ គឺ​លោក​Jose Luis Sanchez ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន កាលពី​ថ្ងៃ​ពុធ​នៅ​រដ្ឋ​ហ្វ្លរីដា។ រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​មេបញ្ជាការ​កងទ័ព​ជើងទឹក​ទាំងពីរ ខែម វណ្ណៈ Sanchez និង​មន្រ្តីស៊ើបការណ៍​សម្ងាត់ Beliveau​ថា បាន​លួច​ផ្តល់​ព័ត៌មាន​ជាមុន​ពី​គម្រោង​ចុះចត​របស់​នាវា​ចម្បាំង​អាមេរិក​ដែល​ពួកគេ​បញ្ជា នៅ​អាស៊ី ទៅ​ឲ្យ​ឈ្មួញ Leonard Francis។ ជាថ្នូរមកវិញ ពួកគេ​ទាំងបី​នាក់​បាន​ទទួល​ប្រាក់សំណូក សេវាកម្ម​នារី​លក់ខ្លួន ដែល​ឈ្មួញ​ម៉ាឡេស៊ី Francis បាន​ផ្គត់ផ្គង់​ដល់​ពួកគេ។

ឈ្មួញ​Francis តែងតែ​ប្រើ​លុយ និង​សេវា​នារីលក់ខ្លួន ដើម្បី​ទាក់ទាញ​មន្រ្តី​ជាន់ខ្ពស់​របស់​កងនាវា​អាមេរិកាំង។ តាមឯកសារ​របស់​តុលាការ​San Diego Francis ចាប់អារម្មណ៍ និង​ទាក់ទង​មេបញ្ជាការ​Michael Misievicz ឬ​ខែម វណ្ណៈ បន្ទាប់ពី មេបញ្ជាការ​អាមេរិកាំង ដើមកំណើត​ខ្មែរ​រូបនេះ​បាន​ដឹកនាំ​កប៉ាល់​ចម្បាំង​អាមេរិក ចូលចត​កម្ពុជា ឆ្នាំ​២០១០។ មួយឆ្នាំក្រោយមក គឺ​ឆ្នាំ ២០១១ Michael Misievicz ឬ​ខែម វណ្ណៈ​ត្រូវ​បាន​គេ​ដំឡើង​តួ​នាទី​ជា​អនុប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​កងនាវា​ទី៧ ដែល​ជា​កម្លាំងទ័ព​ជើងទឹក​អាមេរិក​ធំជាង​គេ នៅ​បរទេស ពោល​គឺ​មាន​អំណាច​គ្រប់គ្រង និង​បញ្ជា​លើ​កងទ័ព​ជើងទឹក​ទាំង​អស់​របស់​អាមេរិក ចាប់ពី​ភាគខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក រហូត​ដល់​មហាសមុទ្រ​ឥណ្ឌា។

លោក​Michael Vanank Khem Misiewicz អតីត​មេបញ្ជាការ​នាវា​ពិឃាត​អាមេរិក ដែលមាន​ដើមកំណើត​ជា​ខ្មែរ
©khem Vannak

Michael Misievicz ដែល​មានឈ្មោះ​ខ្មែរ​ថា ខែម វណ្ណៈ​ត្រូវ​បាន​ស្រ្តី​ធ្វើការ​នៅ​ស្ថានទូត​អាមេរិកាំង​ម្នាក់​យក​ទៅ​ចិញ្ចឹម និង​ចាកចេញ​ពី​កម្ពុជា នៅឆ្នាំ ១៩៧៣ គឺ​មុន​ពេល​ខ្មែរក្រហម​វាយ​ចូល​ភ្នំពេញ។ កូនខ្មែរ​រូបនេះ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅរៀន​នៅ​សាលា​កងទ័ព​ជើងទឹក​អាមេរិក​តាំងពី​តូច មុន​នឹង​ទទួល​ការដំឡើង​សក្តិ​ជាបន្តបន្ទាប់​រហូត​ដល់ ក្លាយ​ជា​មេបញ្ជាការ នាវា​ពិឃាដ​របស់​អាមេរិក។ ប៉ុន្តែ បុណ្យសក្តិ និង​កិត្តិយស​របស់​បុរស​អាមេរិកាំង​ដើមកំណើត​ខ្មែរ​បាន​ធ្លាក់​អាប់ឱន​មកវិញ បន្ទាប់ពី តុលាការ​បាន​រកឃើញ​ថា Michael Misievicz ឬ​ខែម វណ្ណៈ​បាន​ផ្តល់​ព័ត៌មាន​ស្តីពី​ដំណើរចរណ៍​របស់​នាវាពិឃាដ ឬ​នាវាមុជទឹក​របស់​អាមេរិក​នៅអាស៊ី ទៅ​ឲ្យ​ឈ្មួញ Francis។ Francis មិនត្រឹមតែ​ផ្តល់​នារី​លក់​ខ្លួន ទៅ​ឲ្យ​ខែម វណ្ណៈ​ប៉ុណ្ណោះ​ទេ គេ​នៅបាន​ផ្តល់​ដំណើរកំសាន្ត ថ្លៃៗ និង​សំបុត្រ​ចូលមើល​តន្រ្តី​របស់​អ្នកចម្រៀង​Lady Gaga​នៅ​ទីក្រុង​បាងកក​ដែល​ Michael Misievicz ឬ​ខែម វណ្ណៈ​បាន​ចែករំលែក​ជាមួយ​ក្រុមគ្រួសារ។
 
Francis បាន​ផ្តល់សំណូក​ដើម្បី​ឲ្យ​ Michael Misievicz ឬ​ខែម វណ្ណៈ ឧស្សាហ៍​បញ្ជា​ឲ្យ​គេ​ចូលចត​កប៉ាល់​ចម្បាំង​របស់​អាមេរិក នៅ​កំពង់ផែ​នៅ​អាស៊ី ដូចជា​នៅថៃ ឥណ្ឌូណេស៊ី ដែល​មាន​ក្រុមហ៊ុន​របស់​Francis បម្រើ​ការ ហើយ​ដែលតាមពិត​ទៅ មិន​ចាំបាច់ ទាល់តែសោះ នៅក្នុង​គម្រោង​គោចរណ៍​របស់​កងនាវា​អាមេរិក។ បន្ទាប់មក ឈ្មួញ​ម៉ាឡេស៊ី ដែល​មាន​ទីតាំង​នៅ​សិង្ហបុរី បាន​ធ្វើបញ្ជី បន្លំ និង​ទារថ្លៃ​សេវា​យ៉ាងក្រាសក្រែល​ពី​កងទ័ពជើងទឹក​អាមេរិក។ តាមឯកសារ​របស់​តុលាការ Francis បាន​បន្លំ​បញ្ជី ទារថ្លៃ​ពី​កងទ័ព​ជើងទឹក ដែល​ជា​អតិថិជន ដល់​ទៅ​១០លាន​ដុល្លារ ចាប់តាំង​ពី​ឆ្នាំ ២០១១។ ជាមួយ​នឹង​គំនិត​ស៊ុំគ្រលំ​ពី​មេបញ្ជាការ​ជាន់ខ្ពស់​អាមេរិក Francis បាន​បន្លំ ដំឡើង​ថ្លៃ​លើ​សេវា​ផ្គត់ផ្គង់​អាហារ បោសសំរាម ពីនាវា ឬ​ប្រេង​ចាក់នាវា​អាមេរិក ដែល​តាមពិត​តម្លៃ​របស់​វា​នៅ​ទីផ្សារ ថោកជាង​ប្រេង​ដែល​Francis គិតចំណេញ​ពី​កងទ័ព​ជើងទឹកអាមេរិក។ តាមពិតទៅ កងទ័ព​ជើងទឹកអាមេរិក​បាន​បើក​ការស៊ើប​អង្កេត​តាំងពី​ឆ្នាំ ២០១០​ប្រឆាំង​នឹង​Francis បន្ទាប់ពី​មាន​វិក័យប័ត្រ​មិន​ប្រក្រតី​មួយ​ដែល​Francis បាន​ទារលើស​ពី​ការកំណត់​ក្នុង​កិច្ចសន្យា។ ប៉ុន្តែ អាជ្ញាធរ​អាមេរិក​នៅ​តែ​គ្មាន​ភស្តុតាង​ដើម្បី​ចាប់​និង​ចោទ​Francis។ ទើប​រហូត​ដល់​ខែ កញ្ញា ស្ថាប័ន​ទ័ព​ជើងទឹក​អាមេរិក អាច​ចាប់​Francis ដោយ​បាន​បញ្ឆោត​គេ​ឲ្យ​ទៅ​អាមេរិក ដើម្បី​ពិភាក្សា​ពី​ជំនួញ និង​កិច្ចសន្យា។ តុលាការ​មាន​ភស្តុតាង​អាច​ចាប់​Francis និង​ចោទ​ពី​បទ​បន្លំ​ឯកសារ និង​បោកប្រាស់​កងទ័ព​ជើងទឹក​អាមេរិកបាន បន្ទាប់ពី​គេ​ចាប់​បាន​រនុកក្នុង ម្នាក់ គឺ​មន្រ្តី​ស៊ើបអង្កេត Beliveau។ Beliveau  ដែល​បាន​ទទួល​សេវា​នារីលក់ខ្លួន​ពី Francis តែងតែ​លួច​ផ្តល់​ព័ត៌មាន​សម្ងាត់ របស់​កងទ័ព​ជើងទឹក​អាមេរិក ស្តីពី​ការស៊ើប​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​របស់​Francis ទៅ​ឲ្យ​Francis ជាមុន ដើម្បី​ឲ្យ​Francis មាន​មធ្យោបាយ​ជៀសផុត​ពីការចោទប្រកាន់។
 
យុទ្ធនាការ​បោសសម្អាត​មន្រ្តីពុករលួយ​របស់​កងទ័ពជើងទឹក​នៅ​មិនទាន់​ចប់ ដោយ​គេ​សង្ស័យថា នឹង​អាច​មាន​មន្រ្តីជាន់ខ្ពស់​អាមេរិក​ជាច្រើន​នាក់ផ្សេងទៀត អាច​ជាប់​នុយសន្ទូច ទទួល​សំណូក​ពី​ឈ្មួញ​Francis។ កងទ័ព​ជើងទឹក​អាមេរិក​ទាំងមូល​កំពុង​បាក់មុខ ដោយសារ​តែ​មន្រ្តីជាន់ខ្ពស់​របស់​ខ្លួន​ដែល​គេ​ធ្លាប់ចាត់ទុក​ថា ជាមនុស្ស​គំរូ ស្នេហា​កិត្តិយស និង​កងទ័ព​ជាតិ នៅពេលនេះ​បាន​ធ្លាក់ ​អន្លង់​តណ្ហា និងទឹកប្រាក់។ រឿងអាស្រូវ​មិនត្រឹម​តែ​តែ​ធ្វើ​ឲ្យ​កូនទាហាន​អាមេរិក​អស់ជំនឿទុកចិត្ត​លើ​មេបញ្ជាការ​របស់ខ្លួន​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​អាច​ប៉ះពាល់​ដល់​មុខមាត់​កងទ័ព​ជើងទឹក​ទាំង​មូល​របស់​អាមេរិក ដែល​ពេលនេះ​កំពុង​ពង្រឹង​វត្តមាន និង​មុខមាត់ នៅ​អាស៊ីប៉ាស៊ីហ្វិក៕









 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors