Pages

Wednesday, November 27, 2013

ចិនប្រាប់ថា​បាន​ពិនិត្យឃើញ​យន្តហោះ​បេ-៥២​អាមេរិក​ពីរគ្រឿង​ ហោះក្នុង​តំបន់​ការពារ​ដែនអាកាស​ខ្លួន​

ដោយ ព្រំ សឿន សូលីណា
ក្រសួង​ការពារ​ជាតិ​ចិន​ បាន​ប្រាប់​នៅថ្ងៃ​ពុធ​នេះថា ​បាន​ពិនិត្យ​ឃើញ​នូវ​វត្តមាន​យន្តហោះ​​​ទំលាក់​គ្រាប់បែក​​​បេ-៥២ របស់​អាមេរិក ពីរគ្រឿង​ ក្នុង​តំបន់​ការពារ​ដែន​អាកាស​​របស់ខ្លួន។ យន្តហោះអាមេរិក​​ទាំងនេះ​ បានហោះចូល​តំបន់​នេះ ដោយ​មិន​ផ្តល់​ដំណឹង​អោយ​អាជ្ញាធរ​ចិន​ដឹង​ជាមុន​នោះទេ។
នៅថ្ងៃ​ពុធ​នេះ យោងតាម​ក្រសួង​ការពារ​ជាតិ​ចិន​ កងទ័ព​ចិន​បាន​​ចាប់អត្តសញ្ញាណ​​​យន្តហោះ​​​ទំលាក់​គ្រាប់បែក​​​បេ-៥២ របស់​អាមេរិកចំនួន​ពីរគ្រឿង​ ដែល​បានហោះ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ចិន។ យន្តហោះទាំងនេះ​​​​មិន​បាន​​ផ្តល់ដំណឹង​​​​អោយ​អាជ្ញាធរ​​ចិន​បាន​ដឹង​ជាមុន​នោះទេ។ 
 
អ្នកទទួលខុសត្រូវ​អាមេរិក​​នានា បាន​បញ្ជាក់​ការពិត​នៃ​ការប្រកាស​របស់​ចិន ដោយ​លើកឡើងថា យន្តហោះ​បេ-៥២​អាមេរិកពីរគ្រឿង​ បាន​ហោះចេញ​ពី​កោះហ្គាំ នៅ​ប៉ាស៊ីហ្វិក និង​បាន​ចូលក្នុងតំបន់​ការពារ​ដែនអាកាស​ចិន។ ប៉ុន្តែ​ យន្តហោះទាំង​នោះ​មិនបានផ្ទុក​អាវុធ​អ្វី​នោះទេ ហើយ​ក៏​មិនបាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ចិន​នោះដែរ។
 
ចិន​ទើបតែ​បាន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែនអាកាស​ កាលពី​ថ្ងៃសៅរ៍​កន្លងទៅ នៅ​សមុទ្រ​ចិន​ខាងកើត។ តំបន់​នេះលាតសន្ធឹង​រហូត​ដល់​ក្បែរ​ដែនទឹក​ជប៉ុន​ និងកូរ៉េខាងត្បូង និង​បាន​រាប់បញ្ចូល​តំបន់​ប្រជុំកោះជម្លោះ​សេនកាគូ​​​​ផងដែរ។ ចិនដាក់​កំហិត​​ថា រាល់​យន្តហោះ ចង់ហោះ​ចូល​​ក្នុង​តំបន់​នេះ ​ត្រូវតែ​ផ្តល់​ព័ត៌មាន​ដល់អាជ្ញាធរ​ចិន នូវ​ផ្លូវ​ហោះហើរ​របស់ខ្លួន​ជាមុន ហើយ​ត្រូវប្រាប់​ថា​ តើ​ជា​យន្តហោះកម្មសិទ្ធិ​របស់​ប្រទេស​ណាមួយ។ ប្រសិន​បើ​យន្តហោះ​ណាមួយ​មិនគោរព​តាម​បទបញ្ជា​ចិន ចិន​អាច​នឹង​ចាត់វិធាន​ការ​​ការពារ​​បន្ទាន់ ជាក់​ជា​មិនខាន។​
 
ការប្រកាស​នេះ​បានបង្ក​អោយ​ស្ថានភាពទំនាក់ទំនង​ចិន​និង​​ជប៉ុន កាន់តែ​តានតឹង​ខ្លាំង។ អង្គការ​សហប្រជាជាតិ​បាន​សំណូមពរ​អោយ​ចិន​និង​ជប៉ុន ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​​ជម្លោះ​ដែនដី​នេះ។ នៅថ្ងៃ​ពុធ​នេះ កូរ៉េខាងត្បូង ដែល​មាន​ដែនដី​ស្ថិត​ក្រោម​តំបន់​ការពារ​ដែនអាកាស​ចិន​ដែរនោះ បាន​​ប្រកាស​​ជាសញ្ញា​អាសន្ន​​ថា ស្ថានភាព​សុវត្ថិភាព​សន្តិសុខ​នៅអាស៊ីអគ្នេយ៍​ អាច​នឹង​ធ្លាក់​ដុនដាប​បន្ថែមទៀត ដោយសារ​តែ​ជម្លោះ​ដែនដី​​នេះឯង។
 
ក្រុងសេអ៊ូល​លើកឡើង​ថា តំបន់​ការពារ​ដែនអាកាស​ចិន​​ធ្វើ​អោយ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ បន្ថែម​លើ​ជម្លោះ​ដណ្តើមបូរណភាព​ដែនដី​ដែល​​មាន​ជា​ប្រចាំ​​​ទៅហើយ នោះ។
 
ដោយឡែក ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ធំៗ​ដែល​បាន​ប្រកាស​ថា នឹង​គោរព​បទបញ្ជា​ចិន នៅ​តំបន់​ការពារ​ដែនអាកាស​នេះ បាន​ប្តូរ​ជំហរ​វិញ​ ដោយប្រាប់ថា ខ្លួន​នឹង​មិន​ផ្តល់ព័ត៌មាន​ពី​ផ្លូវហោះហើរ​យន្តហោះអោយ​អាជ្ញាធរ​ចិន​នោះទៀតឡើយ៕