រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានគម្រោងប្រកាសហាមពលរដ្ឋខ្លួន មិនអោយទៅទីក្រុងបាងកកនៅឡើយ ខណៈកំដៅនយោបាយផ្ទៃក្នុងកាន់តែពុះកញ្ជ្រោលនោះ។ ទោះយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បញ្ជាក់ថា ស្ថានទូតកម្ពុជាក៏កំពុងតាមដានស្ថានការរបស់ប្រទេសថៃ យ៉ាងយកចិត្តទុកដាក់ផងដែរ។
រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចាត់ទុកវិបត្តិនយោបាយផ្ទៃក្នុងថៃ ថាបានឡើងដល់កម្រិតប្រកាសអាសន្នសម្រាប់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរដែលចេញចូលក្នុងទីក្រុងបាងកក និងពិសេស ពលករចំណាកស្រុកកម្ពុជានៅក្នុងប្រទេសថៃនៅឡើយទេ។ នេះបើតាមការអះអាងរបស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
ទោះយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរូបនេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ពិសេសស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ក្នុងករណីដែលកម្ពុជាបានយល់ឃើញថា ត្រូវដល់ស្ថានភាពតានតឹងចំពោះសុវត្ថិភាពពលរដ្ឋកម្ពុជាហើយនោះ។
មានប្រទេសជាច្រើនបានហាមប្រាប់ពលរដ្ឋរបស់ពួកគេ ផ្អាកធ្វើដំណើរចូលទីក្រុងបាងកក ប្រសិនបើគ្មានការចាំបាច់ ពិសេសមិនអោយចូលទៅជិតតំបន់ដែលមានបាតុកម្មជាដើម។ នៅពេលនេះ ក្រុមបាតុករអាវលឿងបានកំពុងកាន់កាប់ក្រសួងសំខាន់ៗជាច្រើន និងបន្តទាមទាររំលាយរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ស៊ីណាវ់ាត់ នៃគណបក្សភឿថៃ៕