ក្រសួងការពារជាតិចិន បានប្រាប់នៅថ្ងៃពុធនេះថា បានពិនិត្យឃើញនូវវត្តមានយន្តហោះទំលាក់គ្រាប់បែកបេ-៥២ របស់អាមេរិក ពីរគ្រឿង ក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ យន្តហោះអាមេរិកទាំងនេះ បានហោះចូលតំបន់នេះ ដោយមិនផ្តល់ដំណឹងអោយអាជ្ញាធរចិនដឹងជាមុននោះទេ។
នៅថ្ងៃពុធនេះ យោងតាមក្រសួងការពារជាតិចិន កងទ័ពចិនបានចាប់អត្តសញ្ញាណយន្តហោះទំលាក់គ្រាប់បែកបេ-៥២ របស់អាមេរិកចំនួនពីរគ្រឿង ដែលបានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ចិន។ យន្តហោះទាំងនេះមិនបានផ្តល់ដំណឹងអោយអាជ្ញាធរចិនបានដឹងជាមុននោះទេ។
អ្នកទទួលខុសត្រូវអាមេរិកនានា បានបញ្ជាក់ការពិតនៃការប្រកាសរបស់ចិន ដោយលើកឡើងថា យន្តហោះបេ-៥២អាមេរិកពីរគ្រឿង បានហោះចេញពីកោះហ្គាំ នៅប៉ាស៊ីហ្វិក និងបានចូលក្នុងតំបន់ការពារដែនអាកាសចិន។ ប៉ុន្តែ យន្តហោះទាំងនោះមិនបានផ្ទុកអាវុធអ្វីនោះទេ ហើយក៏មិនបានជូនដំណឹងដល់អាជ្ញាធរចិននោះដែរ។
ចិនទើបតែបានប្រកាសបង្កើតតំបន់ការពារដែនអាកាស កាលពីថ្ងៃសៅរ៍កន្លងទៅ នៅសមុទ្រចិនខាងកើត។ តំបន់នេះលាតសន្ធឹងរហូតដល់ក្បែរដែនទឹកជប៉ុន និងកូរ៉េខាងត្បូង និងបានរាប់បញ្ចូលតំបន់ប្រជុំកោះជម្លោះសេនកាគូផងដែរ។ ចិនដាក់កំហិតថា រាល់យន្តហោះ ចង់ហោះចូលក្នុងតំបន់នេះ ត្រូវតែផ្តល់ព័ត៌មានដល់អាជ្ញាធរចិន នូវផ្លូវហោះហើររបស់ខ្លួនជាមុន ហើយត្រូវប្រាប់ថា តើជាយន្តហោះកម្មសិទ្ធិរបស់ប្រទេសណាមួយ។ ប្រសិនបើយន្តហោះណាមួយមិនគោរពតាមបទបញ្ជាចិន ចិនអាចនឹងចាត់វិធានការការពារបន្ទាន់ ជាក់ជាមិនខាន។
ការប្រកាសនេះបានបង្កអោយស្ថានភាពទំនាក់ទំនងចិននិងជប៉ុន កាន់តែតានតឹងខ្លាំង។ អង្គការសហប្រជាជាតិបានសំណូមពរអោយចិននិងជប៉ុន ចរចាគ្នាដើម្បីរកដំណោះស្រាយជម្លោះដែនដីនេះ។ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូង ដែលមានដែនដីស្ថិតក្រោមតំបន់ការពារដែនអាកាសចិនដែរនោះ បានប្រកាសជាសញ្ញាអាសន្នថា ស្ថានភាពសុវត្ថិភាពសន្តិសុខនៅអាស៊ីអគ្នេយ៍ អាចនឹងធ្លាក់ដុនដាបបន្ថែមទៀត ដោយសារតែជម្លោះដែនដីនេះឯង។
ក្រុងសេអ៊ូលលើកឡើងថា តំបន់ការពារដែនអាកាសចិនធ្វើអោយស្ថានភាពកាន់តែស្មុគស្មាញ បន្ថែមលើជម្លោះដណ្តើមបូរណភាពដែនដីដែលមានជាប្រចាំទៅហើយ នោះ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនធំៗដែលបានប្រកាសថា នឹងគោរពបទបញ្ជាចិន នៅតំបន់ការពារដែនអាកាសនេះ បានប្តូរជំហរវិញ ដោយប្រាប់ថា ខ្លួននឹងមិនផ្តល់ព័ត៌មានពីផ្លូវហោះហើរយន្តហោះអោយអាជ្ញាធរចិននោះទៀតឡើយ៕