នៅថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីចិនបានប្រកាសបង្កើតតំបន់ហោះហើរយោធា ជាតំបន់ដែលគ្របដណ្តប់កោះជម្លោះសេនកាគូរវាងចិននិងជប៉ុននោះ អាមេរិកបានសំដែងការព្រួយបារម្ភខ្ពស់ ព្រោះថា តំបន់ហោះហើរយោធាចិននេះ អាចបង្កអោយមានភាពតានតឹងកាន់តែខ្ពស់ និងបង្កជាការប៉ះទង្គិចក្នុងតំបន់។
គួរបញ្ជាក់ថា តំបន់ហោះហើរយោធាដែលចិនទើបបង្កើត និងបានចូលជាធរមាន នៅថ្ងៃសៅរ៍ម្សិលមិញនេះ ជាតំបន់គ្របដណ្តប់ប្រជុំកោះសេនកាគូ នៅសមុទ្រចិនខាងកើត ដែលជាប្រជុំកោះជម្លោះរវាងចិននិងជប៉ុន។ យោងតាមក្រុងប៉េកាំង តំបន់ហោះហើរយោធានេះមានទិសដៅការពារ និងចាត់វិធានការបន្ទាន់ ទៅលើយន្តហោះណាដែលមិនព្រមសហការ មិនព្រមប្រាប់អត្តសញ្ញាណ រឺមិនគោរពតាមបទបញ្ជាចិន ក្នុងពេលហោះហើរ ក្នុងតំបន់ហោះហើរយោធានេះ។
អាមេរិកមានការព្រួយបារម្ភខ្ពស់ ខ្លាចតំបន់ហោះហើរយោធាចិនមួយនេះបង្កអោយមានការប៉ះទង្គិចក្នុងតំបន់។ ប្រមុខការទូតអាមេរិក ចន ឃេររី បានលើកឡើងថា ការសំរេចបង្កើតតំបន់ហោះហើរយោធានេះ គឺជាការដៃលប្រទេសចិនប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពដែលជាប់គាំងនៅសមុទ្រចិនខាងកើត។ លោកឃេររីបានសុំអោយរដ្ឋាភិបាលចិនចៀសវាងកុំអោយដាក់ចេញវិធានការជាក់ស្តែងប្រឆាំងទៅនឹងយន្តហោះដែលមិន ប្រាប់អត្តសញ្ញាណ រឺក៏មិនគោរពតាមបញ្ជាក្រុងប៉េកាំងនោះ។ ប្រមុខការទូតអាមេរិកបន្ថែមទៀតថា សេរីភាពនៃការហោះហើរ និងបទបញ្ជាអន្តរជាតិស្តីពីការប្រើប្រាស់តំបន់ហោះហើរ គឺជាភាពចាំបាច់ សំរាប់ក្តីសង្ឃឹម ស្ថិរភាព និងសុវត្ថិភាពសន្តិសុខក្នុងតំបន់ប៉ាស៊ីហ្វិក។
នៅចំពោះមុខបញ្ហានេះ អាមេរិកនឹងជួបពិភាក្សាជាមួយជប៉ុន និងអ្នកទទួលខុសត្រូវកន្លែងផ្សេងទៀតក្នុងតំបន់ ដែលស្ថិតក្រោមតំបន់ហោះហើរយោធាចិនថ្មីនេះ។
នៅថ្ងៃសៅរ៍ម្សិលមិញនេះដែរ ជប៉ុនបានប្រឆាំងជំទាស់ខ្លាំងក្លាទៅនឹងតំបន់ហោះហើរយោធាចិន ហើយបានចោទថា ក្រុងប៉េកាំងមានចេតនាបង្កើតតំបន់ហោះហើរយោធានេះ ដើម្បីបង្កអោយមានការប្រឈមមុខដាក់គ្នា រវាងប្រទេសទាំងពីរជុំវិញជម្លោះកោះសេនកាគូ៕