អាមេរិក​បារម្ភខ្ពស់​ចំពោះ​ផលវិបាក​ដែលអាច​បង្កដោយ​តំបន់​ហោះហើរ​យោធា​របស់​ចិន​




ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​សៅរ៍ម្សិលមិញ​ បន្ទាប់​​ពីចិន​បានប្រកាស​​បង្កើត​តំបន់​ហោះហើរយោធា​ ជាតំបន់​ដែល​គ្របដណ្តប់​កោះជម្លោះ​សេនកាគូរវាង​ចិន​និង​ជប៉ុន​នោះ អាមេរិក​បាន​សំដែង​ការព្រួយបារម្ភ​ខ្ពស់ ​ព្រោះថា តំបន់​ហោះហើរ​យោធា​ចិននេះ អាច​​បង្ក​អោយ​មាន​ភាព​តានតឹងកាន់តែខ្ពស់​​ និង​បង្ក​ជា​ការប៉ះទង្គិច​ក្នុង​តំបន់។
គួរបញ្ជាក់ថា តំបន់ហោះហើរ​យោធា​ដែល​ចិន​ទើប​បង្កើត​ និង​បានចូល​ជាធរមាន​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ជាតំបន់​គ្របដណ្តប់​ប្រជុំ​កោះសេនកាគូ នៅ​សមុទ្រ​​ចិន​ខាងកើត ដែល​ជាប្រជុំកោះ​ជម្លោះ​​រវាង​ចិន​និង​ជប៉ុន។ យោងតាម​ក្រុងប៉េកាំង ​តំបន់​ហោះហើរ​យោធា​នេះ​មាន​ទិសដៅ​​ការពារ និង​ចាត់វិធានការ​បន្ទាន់ ទៅលើ​យន្តហោះ​ណា​ដែល​មិនព្រម​សហការ មិន​ព្រម​ប្រាប់​អត្តសញ្ញាណ រឺ​មិន​គោរព​តាម​បទបញ្ជា​​ចិន ​ក្នុង​ពេល​ហោះហើរ​ ​ក្នុង​តំបន់​ហោះហើរ​យោធា​នេះ។

អាមេរិក​មានការព្រួយបារម្ភខ្ពស់ ខ្លាច​​​តំបន់​ហោះហើរ​យោធា​ចិន​មួយនេះ​បង្ក​អោយ​មាន​ការប៉ះទង្គិច​ក្នុង​តំបន់។ ប្រមុខការទូតអាមេរិក​ ចន ឃេររី បាន​លើកឡើងថា ការ​​សំរេច​បង្កើត​តំបន់​ហោះហើរ​យោធា​នេះ គឺ​ជា​​ការដៃល​ប្រទេស​ចិន​ប៉ុនប៉ង​ផ្លាស់ប្តូរ​ស្ថានភាព​ដែលជាប់គាំង​នៅសមុទ្រចិន​ខាងកើត។ លោក​ឃេររីបានសុំអោយ​រដ្ឋាភិបាល​ចិន​ចៀសវាង​កុំ​អោយ​ដាក់ចេញ​វិធានការ​ជាក់ស្តែង​​ប្រឆាំង​ទៅនឹង​យន្តហោះ​ដែល​មិន​ ​ប្រាប់​អត្តសញ្ញាណ​ រឺក៏​មិន​​គោរព​តាម​បញ្ជា​ក្រុងប៉េកាំង​នោះ។ ប្រមុខការទូត​អាមេរិក​បន្ថែម​ទៀតថា​ សេរីភាព​នៃការ​ហោះហើរ និង​បទបញ្ជាអន្តរជាតិ​ស្តីពី​ការប្រើប្រាស់​តំបន់​ហោះហើរ គឺជា​ភាពចាំបាច់​ សំរាប់​ក្តីសង្ឃឹម ស្ថិរភាព​ និង​សុវត្ថិភាពសន្តិសុខ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

នៅចំពោះ​មុខ​បញ្ហា​នេះ អាមេរិក​​នឹង​ជួបពិភាក្សា​ជាមួយ​ជប៉ុន និង​អ្នកទទួលខុសត្រូវ​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​ ដែល​ស្ថិត​ក្រោម​តំបន់​ហោះហើរ​យោធា​ចិន​ថ្មីនេះ។

នៅថ្ងៃ​សៅរ៍​ម្សិលមិញ​នេះដែរ ជប៉ុន​បាន​ប្រឆាំង​ជំទាស់​ខ្លាំងក្លា​ទៅនឹង​តំបន់​ហោះហើរ​យោធា​ចិន ហើយ​បាន​ចោទ​ថា ក្រុងប៉េកាំង​មាន​ចេតនា​បង្កើត​តំបន់​ហោះហើរ​យោធា​នេះ​ ដើម្បី​​បង្ក​អោយ​មាន​ការប្រឈម​មុខ​​ដាក់គ្នា រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​ជម្លោះកោះ​សេនកាគូ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors