ប្រជាពលរដ្ឋបានស្លាប់បាត់បង់ជីវិត និងរងរបួស ហើយខ្លះទៀតពិការភាពដល់សព្វថ្ងៃមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ បង្កឡើងដោយការប្រើប្រាស់អាវុធបាញ់បង្ក្រាបទៅលើ ក្រុមបាតុកររោងចក្រអេសអិល នៅមុខវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ ហើយយុវជនម្នាក់បានចេញមុខដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក ជួន សុវណ្ណ ជាមេប៉ូលិស និងលោក រ័ត្ន ស្រ៊ាង ជាមេប៉េអឹមរាជធានីភ្នំពេញ ទាក់ទិននឹងបទឧក្រិដ្ឋដែលមានចែងនិងផ្តន្ទាទោសក្នុងក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ២០៤ មិនត្រូវបានតុលាការអើពើទេ បែរជាបង្វែរសំណុំរឿងឧក្រិដ្ឋនេះឲ្យទៅនគរបាលជាតិស៊ើបអង្កេតទៅវិញ។
វាជារឿងគួរឲ្យអស់សំណើចបំផុតនៅពេលដែលក្រុមគ្រួសារជនរងគ្រោះ រួមទាំងប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់នឹងភ្នែកអំពីសកម្មភាពរបស់កម្លាំងប៉ូលិស ដែលបានប្រើប្រាស់កាំភ្លើងវែងខ្លី បាញ់ប្រហារតម្រង់ទៅកាន់ប្រជាពលរដ្ឋក្នុងហេតុការណ៍បង្ក្រាបដោយហិង្សាលើក្រុមបាតុកររោងចក្រអេសអិល នៅមុខវត្តស្ទឹងមានជ័យ បែរជាសាលាដំបូងរាជធានីភ្នំពេញ បង្វិលសំណុំរឿងនេះឲ្យទៅនគរបាលជាតិស្រាវជ្រាវទៅវិញ បើទោះបីជាក្នុងកម្មវត្ថុបណ្តឹងមានប្តឹងពីឈ្មោះ ជួន សុវណ្ណ ជាស្នងការរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិយ៉ាងណាក៏ដោយ។ លោក នាង សុខុន ជាម្ចាស់បណ្តឹងបានអះអាងថា ពាក្យបណ្តឹងរបស់គាត់ដែលពាក់ព័ន្ធនឹងករណីនគរបាលបាញ់រះទៅលើប្រជាពលរដ្ឋបណ្តាលឲ្យស្លាប់អ្នកលក់បាយតាមចិញ្ចើមផ្លូវឈ្មោះ អេង សុខុម អាយុ៤៩ឆ្នាំ និងបណ្តាលឲ្យពលរដ្ឋមួយចំនួនទៀតរងរបួស ត្រូវបានបញ្ជូនទៅកាន់នគរបាលជាតិឲ្យធ្វើការស៊ើបអង្កេត។
លោក នាង សុខុន បានបញ្ជាក់ថា តុលាការហាក់ដូចជាមិនអើពើចំពោះសំណុំរឿងរបស់គាត់ឡើយ ដែលទំនងជាគេគិតថាវាជារឿងមួយដែលមិនធ្ងន់ធ្ងរ ដែលត្រង់ចំណុចនេះម្ចាស់បណ្តឹងហាក់ដូចជាមិនយល់ពីដំណើរការរបស់តុលាការនោះទេ ព្រោះជាគោលការណ៍នៅពេលដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង គឺតុលាការត្រូវចាត់វិធានការស៊ើបអង្កេតករណីនេះដោយផ្ទាល់ មិនមែនបញ្ជូនរឿងនេះទៅឲ្យនគរបាលធ្វើការស៊ើបអង្កេតដោះស្រាយជំនួសទេ។ ពាក់ព័ន្ធករណីនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញ ត្រូវមានកាតព្វកិច្ចស៊ើបអង្កេតលើសំណុំរឿងនេះទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមិនមែននគរបាលជាតិ ឬក្រសួងមហាផ្ទៃនោះទេ ព្រោះក្នុងកម្មវត្ថុនៃពាក្យបណ្តឹង បានប្តឹងមេបញ្ជាការអាវុធហត្ថនិងស្នងការនគរបាលរាជធានីភ្នំពេញពីបទឧក្រិដ្ឋ ហើយបើឲ្យនគរបាលស៊ើបអង្កេតរឿងនេះគឺមិនអាចផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះបានទេ។
ការដាក់ពាក្យប្តឹងលោក ជួន សុវណ្ណ និងលោក រ័ត្ន ស្រ៊ាង ធ្វើឡើងផ្អែកតាមមាត្រា ២០៤ នៃក្រមព្រហ្មទណ្ឌដែលបានចែងថា ”ពីបទឃាតកម្មប្រព្រឹត្តដោយអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន”។ សាក្សីជាច្រើនរួម ទាំងមន្ត្រីអង្គការសង្គមស៊ីវិលផងដែរ បានថតសកម្មភាពមន្ត្រីនគរបាលប្រដាប់ដោយអាវុធវែង ខ្លី ធ្វើការបាញ់រះទៅលើហ្វូងមនុស្សដោយមិនញញើតដៃ បណ្តាលឲ្យរងរបួស និងស្លាប់ស្ត្រីអ្នកលក់បាយនៅតាមចិញ្ចើមផ្លូវម្នាក់បានក្លាយជាព្រឹត្តិការណ៍គួរឲ្យអាណោចអាធ័មបំផុត ដែលទាមទារឲ្យមានអ្នកទទួលខុសត្រូវចំពោះបញ្ហាដែលនាំឲ្យស្លាប់ប្រជាពលរដ្ឋស្លូតត្រង់។
យ៉ាងណាក៏ដោយ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី មាននគរបានស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិល បានទៅសួរនាំធ្វើកំណត់ហេតុ និងឲ្យពួកគេផ្តិតមេដៃលើរបាយការណ៍ដែលពួកគេអះអាងថាដើម្បីកសាងសំណុំរឿងបញ្ជូន ទៅថ្នាក់លើ។ សកម្មភាពនេះធ្វើឲ្យជនរងគ្រោះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលពួកគេកំពុងរងរបួសដេកនៅមន្ទីរពេទ្យ ស្រាប់តែមានកងកម្លាំងមកសួរនាំបែបនេះនាំឲ្យពួកគេខ្វល់ខ្វាយយ៉ាងខ្លាំង។ ជនរងគ្រោះដែលរងរបួសដោយគ្រាប់កាំភ្លើងនិងការប្រើអំពើហិង្សា ក្នុងហេតុការណ៍បង្ក្រាបដោយព្រៃផ្សៃរបស់កម្លាំងប្រដាប់អាវុធទៅលើហ្វូងបាតុករនៅមុខវត្តស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ចងចាំឥតភ្លេចពីអ្វីដែលបានកើតឡើងហើយគ្រប់ៗគ្នាបានថ្កោលទោសទៅលើបទឧក្រិដ្ឋកម្មដែលបង្កឡើងដោយកម្លាំងប្រដាប់អាវុធបាញ់រះទៅលើពលរដ្ឋយ៉ាងអមនុស្សធម៌ ។
ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ត្រូវបានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សប្បុរសជន និងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ បានទៅសួរសុខទុក្ខសំណេះសំណាលលើកទឹកចិត្តដល់បងប្អូនជនរងគ្រោះទាំងនោះ ហើយបានកោតសរសើរពីភាពអង់អាចក្លាហានរបស់បងប្អូនប្រជាពលរដ្ឋ ដែលឈឺឆ្អាលចំពោះអំពើអយុត្តិធម៌ក្នុងសង្គម។ លោកប្រធាន សម រង្ស៊ី បានប្តេជ្ញាបញ្ចប់វប្បធម៌និរទណ្ឌភាពនៅប្រទេសកម្ពុជានៅពេលដែលបក្សសង្គ្រោះជាតិឡើងកាន់អំណាចតាមរយៈការកែទម្រង់ប្រព័ន្ធតុលាការឲ្យមានភាពឯករាជ្យពិតប្រាកដ ដើម្បីនាំយកឃាតកដៃឆៅនិងអ្នកបញ្ជាពីក្រោយខ្នងពួកគេទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីផ្តល់ភាពយុត្តិធម៌ពិតប្រាកដ ជូនជនរងគ្រោះទូទៅ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ សមាជិកព្រឹទ្ធសភា និងបេក្ខតំណាងរាស្ត្រ ជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ បាននាំយកប្រាក់ឧបត្ថម្ភដែលទទួលបានពីសប្បុរសជន នៅរដ្ឋ មីនីសូតា សហរដ្ឋអាមេរិក ទៅផ្តល់ជូនកម្មកររងគ្រោះដោយសារតែកម្លាំងប្រដាប់អាវុធបាញ់បង្ក្រាបខណៈដែលពួកគាត់ធ្វើបាតុកម្មកាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ។ ប្រតិភូគណបក្សសង្គ្រោះជាតិ បានលើកទឹកចិត្តឲ្យជនរងគ្រោះទាំងអស់ខិតខំសម្រាកព្យាបាលរបួសឲ្យបានជាសះស្បើយ ខណៈដែលបក្សសង្គ្រោះជាតិ កំពុងព្យាយាមតាមគ្រប់មធ្យោបាយដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទូទៅដែលរងនូវការបង្ក្រាបដោយហិង្សាបណ្តាលឲ្យស្លាប់និងរងរបួសក្នុងពេលកន្លងមក។
ហេតុការណ៍ហិង្សារបស់កម្លាំងប្រដាប់អាវុធដែលប្រើខែលនិងដំបង ឡានទឹកទៅបង្ក្រាបក្រុមបាតុករនៅរោងចក្រអេសអិល ដែលប៉ុនប៉ងនាំគ្នាហែក្បួននាំយកញត្តិមកកាន់មុខផ្ទះលោក ហ៊ុន សែន ក៏ត្រូវកម្លាំងប្រដាប់អាវុធស្ទាក់បង្ក្រាបនៅមុខវត្តស្ទឹងមានជ័យ។ ក្នុងស្ថានភាពដ៏តានតឹង កម្លាំងសមត្ថកិច្ចបានបង្ក្រាបយ៉ាងពេញទំហឹងទៅលើជនស្លូតត្រង់ហើយក៏មានការដុតរថយន្ត និងម៉ូតូរបស់នគរបាលផងដែរ។ ពលរដ្ឋនៅមុខវត្តស្ទឹងមានជ័យ បានសម្តែងនូវភាពរន្ធត់គ្រប់ៗគ្នាចំពោះហេតុការណ៍បង្ក្រាបដោយហិង្សា ដែលក្នុងនោះរួមទាំងការវាយទៅលើព្រះសង្ឃ និស្សិតដល់ក្នុងកុដិ ហើយតាមរយៈខ្សែវីដេអូ ជាច្រើនបានបង្ហាញពីសកម្មភាពដែលកម្លាំងប្រដាប់អាវុធបានយកបរិវេណវត្តស្ទឹងមានជ័យធ្វើជាសមរភូមិវាយបង្ក្រាបពលរដ្ឋស្លូតត្រង់ដោយអមនុស្សធម៌បំផុត។ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានហៅអំពើសាហាវឃោរឃៅទាំងនេះ ថាប្រព្រឹត្តតាមរបៀបក្រុមខ្មែរក្រហម និងបានថ្កោលទោសយ៉ាងដាច់អហង្ការរាល់សកម្មភាព ដែលសមត្ថកិច្ចបាញ់ប្រហារ វាយបង្ក្រាប ទៅលើប្រជារាស្ត្រស្លូតត្រង់ ពីសំណាក់អាជ្ញាធររដ្ឋាភិបាលដែលមិនគោរពតម្លៃអាយុជីវិតប្រជារាស្ត្រខ្លួនឯង៕
ប្រភព៖មនសិការខ្មែរ
ប្រភព៖មនសិការខ្មែរ