ជា​ប្រការ​មិន​សមរម្យ​នៅពេល​តុលាការ​បង្វិល​សំណុំរឿង​ប្តឹង​លោក ជួន សុវណ្ណ និង​លោក រ័ត្ន ស្រ៊ាង ពីបទ​ឧក្រិដ្ឋ​ឲ្យ​ក្រសួងមហាផ្ទៃ​ជា​អ្នក​ធ្វើ​ការ​ស៊ើ​ប​អង្កេត​



ប្រជាពលរដ្ឋ​បាន​ស្លាប់បាត់​បង់ជីវិត និង​រងរបួស ហើយ​ខ្លះទៀត​ពិការភាព​ដល់​សព្វថ្ងៃ​មិនទាន់​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ បង្កឡើង​ដោយ​ការប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ទៅលើ ក្រុមបាតុករ​រោងចក្រ​អេស​អិ​ល នៅមុខ​វត្ត​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា កន្លង​ទៅ​នេះ ហើយ​យុវជន​ម្នាក់​បានចេញ​មុខ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក ជួន សុវណ្ណ ជា​មេ​ប៉ូលិស និង​លោក រ័ត្ន ស្រ៊ាង ជា​មេ​ប៉េអឹម​រាជធានី​ភ្នំពេញ ទាក់ទិន​នឹង​បទឧក្រិដ្ឋ​ដែលមាន​ចែង​និង​ផ្តន្ទាទោស​ក្នុង​ក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា ២០៤ មិន​ត្រូវបាន​តុលាការ​អើពើ​ទេ បែរជា​បង្វែរ​សំណុំរឿង​ឧក្រិដ្ឋ​នេះ​ឲ្យ​ទៅ​នគរបាលជាតិ​ស៊ើបអង្កេត​ទៅវិញ​។​
​វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​បំផុត​នៅពេលដែល​ក្រុមគ្រួសារ​ជនរងគ្រោះ រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​បានឃើញ​ច្បាស់​នឹង​ភ្នែក​អំពី​សកម្មភាព​របស់​កម្លាំង​ប៉ូលិស ដែល​បាន​ប្រើប្រាស់​កាំភ្លើង​វែង​ខ្លី បាញ់ប្រហារ​តម្រង់​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុមបាតុករ​រោងចក្រ​អេស​អិ​ល នៅមុខ​វត្ត​ស្ទឹងមានជ័យ បែរជា​សាលាដំបូង​រាជធានី​ភ្នំពេញ បង្វិល​សំណុំ​រឿងនេះ​ឲ្យ​ទៅ​នគរបាលជាតិ​ស្រាវជ្រាវ​ទៅវិញ បើទោះបីជា​ក្នុង​កម្មវត្ថុ​បណ្តឹង​មាន​ប្តឹង​ពី​ឈ្មោះ ជួន សុវណ្ណ ជា​ស្នងការ​រាជធានី​ភ្នំពេញ និង​ជា​អគ្គ​ស្នងការរង​នគរបាល​ជាតិ​​យ៉ាងណាក៏ដោយ​។ លោក នាង សុខុន ជា​ម្ចាស់​បណ្តឹង​បាន​អះអាងថា ពាក្យបណ្តឹង​របស់គាត់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នគរបាល​បាញ់​រះ​​ទៅលើ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ស្លាប់​អ្នកលក់​បាយ​តាម​ចិញ្ចើមផ្លូវ​ឈ្មោះ អេង សុខុម អាយុ​៤៩​ឆ្នាំ និង​បណ្តាល​ឲ្យ​ពលរដ្ឋ​មួយចំនួន​ទៀត​រងរបួស ត្រូវបាន​បញ្ជូន​ទៅកាន់​នគរបាលជាតិ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​។​
លោក នាង សុខុន បាន​បញ្ជាក់ថា តុលាការ​ហាក់ដូចជា​មិន​អើពើ​ចំពោះ​សំណុំរឿង​របស់គាត់​ឡើយ ដែល​ទំនងជា​គេ​គិតថា​វា​ជា​រឿង​មួយ​ដែល​មិន​ធ្ងន់ធ្ងរ ដែល​ត្រង់ចំណុច​នេះ​ម្ចាស់​បណ្តឹង​ហាក់ដូចជា​មិន​យល់​ពី​ដំណើរការ​របស់​តុលាការ​នោះទេ ព្រោះ​ជាគោលការណ៍​នៅពេលដែល​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង គឺ​តុលាការ​ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ករណីនេះ​ដោយផ្ទាល់ មិនមែន​បញ្ជូន​រឿងនេះ​ទៅ​ឲ្យ​នគរបាល​ធ្វើការ​ស៊ើបអង្កេត​ដោះស្រាយ​ជំនួស​ទេ​។ ពាក់ព័ន្ធ​ករណីនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវមាន​កាតព្វកិច្ច​ស៊ើបអង្កេត​លើ​សំណុំ​រឿងនេះ​ទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​មិនមែន​នគរបាលជាតិ ឬ​ក្រសួងមហាផ្ទៃ​នោះទេ ព្រោះ​ក្នុង​កម្មវត្ថុ​នៃ​ពាក្យបណ្តឹង បាន​ប្តឹង​មេបញ្ជាការ​អាវុធហត្ថ​និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពីបទ​ឧក្រិដ្ឋ ហើយ​បើ​ឲ្យ​នគរបាល​ស៊ើបអង្កេត​រឿងនេះ​គឺ​មិនអាច​ផ្តល់​ភាពយុត្តិធម៌​ជូន​ជនរងគ្រោះ​បានទេ​។​
ការដាក់​ពាក្យ​ប្តឹង​លោក ជួន សុវណ្ណ និង​លោក រ័ត្ន ស្រ៊ាង ធ្វើឡើង​ផ្អែក​តាម​មាត្រា ២០៤ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បាន​ចែងថា ”​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ កាលបើ​អំពើ​នេះ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ នៅក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ​ឬ​ក្នុងឱកាស​នៃ​ការបំពេញ​មុខងារ​រប​ស់​ខ្លួន​”​។ សាក្សី​ជាច្រើន​រួម ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផងដែរ បាន​ថត​សកម្មភាព​មន្ត្រីនគរបាល​ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ធ្វើការ​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​ដោយ​មិន​ញញើត​ដៃ  បណ្តាល​ឲ្យ​រងរបួស និង​ស្លាប់​ស្ត្រី​អ្នកលក់​បាយ​នៅតាម​ចិញ្ចើមផ្លូវ​ម្នាក់​បាន​ក្លាយជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​អាណោចអាធ័ម​បំផុត ដែល​ទាមទារ​ឲ្យ​មាន​អ្នកទទួលខុសត្រូវ​ចំពោះ​បញ្ហា​ដែល​នាំ​ឲ្យ​ស្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​។
​យ៉ាងណាក៏ដោយ ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី មាន​នគរ​បាន​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល បាន​ទៅ​សួរនាំ​ធ្វើ​កំណត់ហេតុ និង​ឲ្យ​ពួកគេ​ផ្តិតមេដៃ​លើ​របាយការណ៍​ដែល​ពួកគេ​អះអាងថា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​ថ្នាក់លើ​។ សកម្ម​ភាព​​នេះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈដែល​ពួកគេ​កំពុង​រងរបួស​ដេក​នៅ​មន្ទីរពេទ្យ ស្រាប់​តែមាន​កងកម្លាំង​មក​សួរនាំ​បែបនេះ​នាំ​ឲ្យ​ពួកគេ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​។ ជនរងគ្រោះ​ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​និង​ការប្រើ​អំពើហិង្សា ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ព្រៃផ្សៃ​របស់​កម្លាំងប្រដាប់អាវុធ​ទៅលើ​ហ្វូង​បាតុករ​នៅមុខ​វត្ត​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃទី ១២ ខែវិច្ឆិកា ចងចាំ​ឥត​ភ្លេច​ពីអ្វី​ដែល​បានកើត​ឡើង​ហើយ​គ្រប់ៗ​គ្នា​បាន​ថ្កោលទោស​ទៅលើ​បទឧក្រិដ្ឋ​កម្ម​ដែល​បង្កឡើង​ដោយ​កម្លាំងប្រដាប់អាវុធ​បាញ់​រះ​ទៅលើ​ពលរដ្ឋ​យ៉ាង​អមនុស្សធម៌ ។​

ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ ត្រូវបាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សប្បុរសជន និង​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ បាន​ទៅសួរសុខទុក្ខ​សំណេះសំណាល​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរងគ្រោះ​ទាំងនោះ ហើយ​បាន​កោតសរសើរ​ពី​ភាព​អង់អាច​ក្លាហាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ឈឺឆ្អាល​ចំពោះ​អំពើ​អយុត្តិធម៌​ក្នុងសង្គម​។ លោក​ប្រធាន សម រង្ស៊ី បាន​ប្តេជ្ញា​បញ្ចប់​វប្បធម៌​និ​រ​ទណ្ឌ​ភាព​នៅ​ប្រទេស​កម្ពុជា​នៅពេលដែល​បក្ស​សង្គ្រោះ​ជាតិ​ឡើងកាន់​អំណាច​តាមរយៈ​ការកែទម្រង់​ប្រព័ន្ធតុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ ដើម្បី​នាំយក​ឃាត​កដៃ​ឆៅ​និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ពួកគេ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ពិតប្រាកដ ជូន​ជនរងគ្រោះ​ទូទៅ​។​
សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ សមាជិក​ព្រឹទ្ធសភា និង​បេ​ក្ខ​តំណាងរាស្ត្រ ជាប់ឆ្នោត មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំយក​ប្រាក់ឧបត្ថម្ភ​ដែល​ទទួលបាន​ពី​សប្បុរសជន នៅ​រដ្ឋ មី​នី​សូ​តា សហរដ្ឋអាមេរិក ទៅ​ផ្តល់ជូន​កម្មករ​រងគ្រោះ​ដោយសារតែ​កម្លាំង​ប្រ​ដាប់អាវុធ​បាញ់​បង្ក្រាប​ខណៈដែល​ពួកគាត់​ធ្វើបាតុកម្ម​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា កន្លងទៅនេះ​។ ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ជនរងគ្រោះ​ទាំងអស់​ខិតខំ​សម្រាក​ព្យាបាល​របួស​ឲ្យ​បានជា​សះស្បើយ ខណៈដែល​បក្ស​សង្គ្រោះ​ជាតិ កំពុង​ព្យាយាម​តាម​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទូទៅ​ដែល​រង​នូវ​ការបង្ក្រាប​ដោយ​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​និង​រងរបួស​ក្នុងពេល​កន្លងមក​។​
ហេតុការណ៍​ហិង្សា​របស់​កម្លាំងប្រដាប់អាវុធ​ដែល​ប្រើ​ខែល​និង​ដំបង ឡានទឹក​ទៅ​បង្ក្រាប​ក្រុមបាតុករ​នៅ​រោងចក្រ​អេស​អិ​ល ដែល​ប៉ុនប៉ង​នាំគ្នា​ហែ​ក្បួន​នាំយក​ញត្តិ​មកកាន់​មុខផ្ទះ​លោក ហ៊ុន សែន ក៏ត្រូវ​កម្លាំងប្រដាប់អាវុធ​ស្ទាក់​បង្ក្រាប​នៅមុខ​វត្ត​ស្ទឹងមានជ័យ​។ ក្នុងស្ថានភាព​ដ៏​តានតឹង កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​យ៉ាង​ពេញទំហឹង​ទៅលើ​ជនស្លូតត្រង់​ហើយក៏​មានការ​ដុត​រថ​យន្ត និង​ម៉ូតូ​របស់​នគរបាល​ផងដែរ​។  ពលរដ្ឋ​នៅមុខ​វត្ត​ស្ទឹងមានជ័យ បាន​សម្តែង​នូវ​ភាពរន្ធត់​គ្រប់ៗ​គ្នា​ចំពោះ​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា ដែល​ក្នុងនោះ​រួមទាំង​ការ​វាយ​ទៅ​លើ​​ព្រះសង្ឃ និស្សិត​ដល់​ក្នុង​កុដិ ហើយ​តាមរយៈ​ខ្សែ​វីដេអូ ជាច្រើន​បានបង្ហាញ​ពី​សកម្មភាព​ដែល​កម្លាំងប្រដាប់អាវុធ​បាន​យក​បរិវេណ​វត្ត​ស្ទឹងមានជ័យ​ធ្វើជា​សមរភូមិ​វាយ​បង្ក្រាប​ពលរដ្ឋ​ស្លូតត្រង់​ដោយ​អមនុស្សធម៌​បំផុត​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​អំពើ​សាហាវ​ឃោរ​ឃៅ​ទាំងនេះ ថា​ប្រព្រឹត្ត​តាមរបៀប​ក្រុមខ្មែរក្រហម និង​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​រាល់​សកម្មភាព ដែល​សមត្ថកិច្ច​បាញ់ប្រហា​រ វាយ​បង្ក្រាប ទៅលើ​ប្រជារាស្ត្រ​ស្លូតត្រង់ ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​មិន​គោរព​តម្លៃ​អាយុជីវិត​ប្រជារាស្ត្រ​ខ្លួនឯង​៕​
ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors