Pages

Friday, November 29, 2013

រដ្ឋធម្មនុញ្ញ​វៀតណាម​បញ្ជាក់ថា​ គណបក្ស​កុម្មុយនិស្ត​ជា​បក្ស​តែមួយគត់​ដែល​គ្រប់គ្រង​ប្រទេស​

ដោយ ព្រំ សឿន សូលីណា
នៅ​វៀតណាម​ ថ្ងៃ​ព្រហស្បតិ៍នេះ​ តំណាងរាស្ត្រ​វៀតណាម​ស្ទើរ​តែ​គ្រប់គ្នា​ បាន​បោះឆ្នោត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​​កំណត់និង​បញ្ជាក់​ឡើងវិញ​ថា គណបក្ស​កុម្មុយនិស្ត​វៀតណាម​ គឺ​ជាគណ​បក្ស​តែមួយគត់​ដែល​គ្រប់គ្រង​ប្រទេស។
​សម្លេងគាំទ្រ​គោលការណ៍​គ្រប់គ្រងបែប​​ឯកបក្ស​នេះ មាន​រហូត​ដល់​៤៨៦សម្លេង ក្នុង​ចំណោម​សម្លេង​សរុប ៤៨៨។ សម្លេងពីរ​សេសសល់​ ជា​សម្លេងអនុប្បវាទ។ ចាប់ពី​ដើមឆ្នាំ​២០១៣មក រដ្ឋអំណាច​វៀតណាម​បាន​រៀបចំ​អោយ​មាន​ការសាកសួរ​យោបល់​ប្រជាជន​ ទាក់ទង​នឹង​​ការគ្រប់គ្រង​រដ្ឋ​ និង​សង្គម​តាម​បែប​ឯកបក្ស​នេះ។
នៅថ្ងៃ​ព្រហស្បតិ៍នេះ តំណាង​រាស្ត្រ​វៀតណាម​៤៨៦នាក់ ក្នុង​ចំណោម​តំណាងរាស្ត្រ​សរុប ៤៨៨នាក់ បាន​សំរេច​បោះឆ្នោត​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ កំណត់​និង​បញ្ជាក់​ថា​​គណបក្ស​កុម្មុយនិស្ត​វៀតណាម គឺ​​ជា​បក្ស​តែមួយគត់ ដែល​ដឹកនាំ​រដ្ឋ​និង​សង្គម​វៀតណាម។ តាមរយៈ​ការបោះឆ្នោត​នេះ រដ្ឋាភិបាល​វៀតណាម​​បង្ហាញថា ខ្លួន​មាន​សិទ្ធិអំណាច​ពេញលេញ​ដាច់ខាត ក្នុង​ឆាកនយោបាយ សេដ្ឋកិច្ច​ និង​សង្គម​។

វៀតណាម​មានប្រជាជន​ប្រមាណ​៩០លាននាក់ ក្នុង​នោះ​ ៤លាន​នាក់​ជា​សមាជិក​របស់​គណបក្ស​​កុម្មុយនិស្ត ជាបក្ស​តែមួយគត់​ក្នុង​ប្រទេស។ ចាប់ពី​ដើមឆ្នាំ​២០១៣មក រដ្ឋអំណាច​វៀតណាម​ បាន​រៀបចំ​អោយ​មាន​ការសាកសួរ​យោបល់​ប្រជាជន​ ទាក់ទង​នឹង​​ការគ្រប់គ្រង​រដ្ឋ​ និង​សង្គម​តាម​បែប​ឯកបក្សនេះ។ រដ្ឋាភិបាល​ព្រួយបារម្ភ​ ព្រោះថា ចាប់ពី​ពេល​ដែល​​បក្ស​កុម្មុយនិស្ត​បាន​ចូលគ្រប់គ្រង​វៀតណាម​ នៅ​​ឆ្នាំ១៩៧៥មក បក្ស​កុម្មុយនិស្ត​បាន​ប្រឈម​ទៅនឹង​​ការមិនទុកចិត្ត​របស់​ប្រជាជន។

កាលពី​ខែ​មករា ដើមឆ្នាំ​ ក្រុម​បញ្ញវន្ត​មួយចំនួន បាន​សុំអោយ​រដ្ឋធម្មនុញ្ញ​លុបចោល​នូវ​មាត្រា​ច្បាប់​លេខ​៤ ស្តីពី​គោលការណ៍​គ្រប់គ្រងប្រទេស​បែបឯកបក្ស​។ ប៉ុន្តែ​ការបោះឆ្នោត​នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ទាត់ចោល​សំណូមពរ​នេះទៅវិញ។ យោងតាម​សភាជាតិ​វៀតណាម មនុស្ស​ជាច្រើន​បាន​សុំអោយ​បក្ស​កុម្មុយនិស្ត ក្លាយ​​​ជាកម្លាំង​តែមួយគត់ ដើម្បី​ដឹកនាំ​ប្រទេស។

ដោយឡែក វិសោធនកម្ម​ច្បាប់​​វៀតណាម​ថ្មីនេះ មិនបានលើកឡើង​​ពី​កម្មសិទ្ធ​ដីធ្លី​ឯកជន​ ដែល​ជា​បញ្ហា​ក្តៅគគុក​ក្នុង​សង្គម​នោះទេ។ ផ្ទុយទៅវិញ កន្លងមក បញ្ហា​នេះ​បាន​បង្ក​អោយ​​​មាន​​​បាតុកម្ម​ជាច្រើន​ក្នុង​ប្រទេស៕