នាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត (Yingluck Shinawatra) បញ្ជាក់នៅថ្ងៃទី១៣ វិច្ឆិកា ថា កងទ័ពថៃ នឹងមិនដកថយចេញពីតំបន់ក្បែរប្រាសាទព្រះវិហារទេ បើទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ បានប្រកាសឲ្យដកទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ យ៉ាងណាក៏ដោយ។តុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី១១ ខែវិច្ឆិកា បានប្រកាសឲ្យកងទ័ពកងនគរបាល ឬឆ្មាំថៃទាំងអស់ ដកចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ដែលថៃទាមទារក្បែរ
ប្រាសាទព្រះវិហារនោះ ព្រោះថាជាទឹកដីកម្ពុជា។
អ្នកស្រីនាយករដ្ឋមន្ត្រីថៃ ត្រូវបានកាសែតថៃ បាងកក ប៉ុស្ដិ៍ (Bangkok Post) ស្រង់សម្ដីនៅថ្ងៃទី១៣ វិច្ឆិកា ថា ការបកស្រាយសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនេះ គឺភាគីទាំងពីរ កម្ពុជានិងថៃ ឈ្នះទាំងអស់គ្នា ហើយអ្នកស្រីបានបញ្ជាក់ថា ភាគីថៃនឹងពិភាក្សាជាមួយភាគីកម្ពុជា ក្នុងការសម្រេចកំណត់បរិវេណផ្ទៃដីជុំវិញប្រាសាទព្រះវិហារ តាមរយៈគណៈកម្មការចម្រុះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជា បានទេនៅថ្ងៃទី១៣ វិច្ឆិកា ដើម្បីសុំការឆ្លើយតបទៅនឹងការអះអាងរបស់អ្នកស្រី យីងឡាក់ នេះ៕