Pages

Wednesday, November 13, 2013

លោក សម រង្ស៊ី លាតត្រដាង​រឿងរ៉ាវ​លួច​បន្លំ​សន្លឹកឆ្នោត​បំភ្លៃ​ឆន្ទៈ​ប្រជា​រាស្រ្ត​ខ្មែរ ហើយ​ប្តេជ្ញា​តស៊ូ​ទាមទារ​យុត្តិធម៌ និង​ជ័យជំនះ​ឲ្យ​ទាល់តែ​បាន​


អំឡុងពេល​អញ្ជើញ​ទៅ​ចូលរួម​ក្នុងជំនួប​កំពូល​នៃ​ក្រុម​អ្នកប្រជាធិបតេយ្យ​សេរីនិយម​អាស៊ី​លើក​ទី​២០ ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ម៉ានីល ប្រ​ទេស​​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ លោក​ប្រធាន សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​មិត្ត​អ្នកប្រជាធិបតេយ្យ​មកពី​១១​ប្រទេស ដែល​បាន​ចូលរួម​ក្នុងជំនួប​កំពូល​នេះ​ថា​បណ្តា​ប្រទេស​ទាំងឡាយ ជាពិសេស​សមាជិក​អាស៊ាន​
ទាំងអស់ គួរ​រួបរួមគ្នា​លើ​គោល​ការណ៍​​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ ដោយ​យក​គំរូ​តាម​សហភាព​អឺរ៉ុប ដែល​បានសម្រេច​ជោគជ័យ​ទាំង​ក្នុង​វិស័យ​នយោបាយ​ទាំង​វិស័យសេដ្ឋកិច្ច​។​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​វិញ លោក​ប្រធាន សម រង្ស៊ី បាន​ប្តេជ្ញា​រក្សា​នូវ​គោលជំហរ​យ៉ាងច្បាស់​លាស់​ក្នុង​ការតស៊ូ​ទាមទារ​ស្វែងរក​ការពិត និង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ បានឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី ដោយសារតែ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​ស្រេកឃ្លាន​បំផុត ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី ព្រោះ​ពួកគេ​ស្អប់ខ្ពើម​ការដឹកនាំ​ដ៏​ពុករលួយ បក្ខពួក​និយម លួចជាតិ​បំផ្លាញ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អស់​រយៈពេល​៣៤​ឆ្នាំ​កន្លងមកនេះ គ្មានអ្វី​រីកចម្រើន​ជា​ដុំកំភួន​នោះទេ​។
​លោក​ប្រធាន សម រង្ស៊ី បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ប្រជាធិបតេយ្យ​ទាំងអស់​ដែល​បាន​លើកទឹកចិត្ត និង​ធ្លាប់បាន​ចែករំលែក​នូវ​បទពិ​សោធ​ន៍​ជាច្រើន​ដល់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ យកទៅ​អនុវត្តន៍​ដើម្បី​ដណ្តើមយក​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែកក្កដា កន្លងទៅនេះ ហើយ​ការលើក​ជា​អនុសាសន៍ និង​យោបល់​ជាច្រើន របស់​មិត្ត​អ្នកប្រជាធិបតេយ្យ​បានធ្វើ​ឲ្យ​លោក​ប្រធាន សម រង្ស៊ី មាន​កម្លាំងកាយ​កម្លាំង​ចិ​ត្ដ​ដឹកនាំ​បេសកកម្ម​ដ៏​មានតម្លៃ​រហូត​ទាល់តែ​ទទួលបាន​ជោគជ័យ​ដូច​ការរំពឹងទុក​។ តាំងពី​ពេលដែល​លោក​ប្រធាន សម រង្ស៊ី ស្ថិតនៅ​និរទេស​ខ្លួន​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ក្រុម​អ្នក​ក្រាញ​អំណាច តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧប​ករណ៍​នយោបាយ គឺ​មិត្ត​អ្នកប្រជាធិបតេយ្យ​ក្នុង​ក្របខ័ណ្ឌ​អ្នកប្រជាធិបតេយ្យ​សេរីនិយម​អាស៊ី​ទាំងអស់ បាន​លើកទឹកចិត្ត​និង​ជួយ​ជ្រោម​ជ្រែង​សព្វបែបយ៉ាង​ឲ្យ​លោក​ប្រធាន សម រង្ស៊ី បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​។​

រំលឹក​ដល់​ការវិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ របស់លោក​ប្រធាន សម រង្ស៊ី គេ​សង្កេតឃើញ​មាន​ជន​រួម​ឈាម​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ដល់​ទៅជិត​១​លាន​នាក់​បាន​ទៅ​ទទួល​អបអរ​ស្វាគមន៍​លោក​ប្រធាន សម រង្ស៊ី តាំងពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូតដល់​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៧​គីឡូម៉ែត្រ លោក​ប្រធាន សម រង្ស៊ី ត្រូវធ្វើ​ដំណើរ​ជាង​៥​ម៉ោង ដោយសារ​តែមាន​បងប្អូន​ប្រជា​ពល​រដ្ឋ​មក​ទទួល​ស្វាគមន៍​ច្រើនពេក​នាំ​ឲ្យ​ស្ទះផ្លូវ​ទាំងអស់​។ សហគមន៍​អន្តរជាតិ​ចាប់ផ្តើម​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពីស​ន្ទុះ​ដ៏​ផុសផុល​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ស្រេកឃ្លាន​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី តាមរយៈ​ការ​កេណ្ឌ​ប្រមូលគ្នា​ទៅ​ទទួល​ស្វាគមន៍​លោក​ប្រធាន សម រង្ស៊ី ក្នុង​ថ្ងៃ​នោះឯង ហើយ​រហូតមក​ដល់ពេលនេះ រាស្ត្រ​ខ្មែរ​នៅតែ​ផុសផុល​គាំទ្រ​ចំពោះ​គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់លោក​ប្រធាន សម រង្ស៊ី ជា​អ្នកប្រជាធិបតេយ្យ​ដ៏​អង់អាច​ក្លាហាន​និង​មាន​វីរភាព​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​អនុវត្តន៍​តាម​។​

ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ម៉ានីល​នោះ លោក​ប្រធាន សម រង្ស៊ី ក៏បាន​រំលឹក​ដល់​ដំណើរការ​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​២៨ ខែកក្កដា កន្លងទៅនេះ អំពី​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ ការលួចបន្លំ​សន្លឹកឆ្នោត ការ​លុបឈ្មោះ លួចឈ្មោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​បាត់បង់​សិទ្ធិ​បោះឆ្នោត ហើយ​សំឡេង​ដែល​គេ​លួចឈ្មោះ គេ​លុបឈ្មោះ ភាគច្រើន​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ បាតុភាព​ដែល​កើតមាន​នៅតាម​​ការិយាល័យ​បោះឆ្នោត បានបង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​ទុច្ចរិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ក្រាញ​អំណាច លួច​បន្លំ​សន្លឹ​កឆ្នោត តាម​គ្រប់​មធ្យោបាយ ដើម្បី​ប្លន់​ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចុងក្រោយ​គេ​បាន​ឃុបឃិត​គ្នា​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ក្លែងបន្លំ បំភ្លៃ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់ឆ្នោត ទើប​គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​មាន​យន្តការ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​រក​ការពិត​ពី​លទ្ធផល​នៃ​ការបោះឆ្នោត ក៏ដូចជា​ការស្វែងរក​យុត្តិធម៌​ជូន​ដល់​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​។​

​លោក​ប្រធាន សម រង្ស៊ី ក៏បាន​រំលឹក​ដល់​ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា កន្លងទៅនេះ ព្រោះ​បើ​យោងតាម​តួលេខ​នៃ​ទម្រង់​១១០៤ ជាការ​រាប់​សន្លឹកឆ្នោត​តាម​ការិយាល័យ​យកមក​ពិនិត្យ​ផ្ទៀងផ្ទាត់​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​យ៉ាងតិច​៦៣ អាសនៈ ចំណែក​បក្ស​ប្រជាជន​កម្ពុជា​វិញ ទទួលបាន​ច្រើន​បំផុត​ត្រឹម​៥៩ ឬ​៦០​អាសនៈ​ប៉ុណ្ណោះ​។ ការវាយតម្លៃ​បែបនេះ​លោក​ប្រធាន សម រង្ស៊ី ក៏បាន​លើក​អំណះអំណាង​ផងដែរ​ថា ប្រជាពលរដ្ឋ​មួយ​គ្រួសារៗ ទាំង​ភូមិៗ​សុទ្ធតែ​បាននាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បោះឆ្នោត​នេះ ប្រជាពលរដ្ឋ​បាន​ដឹងឮ​គ្រប់ៗ​គ្នា សហគមន៍​អន្តរជាតិ​ក៏បាន​ដឹង ជាពិសេស​គណបក្ស​ប្រជាជន​ខ្លួនឯង​ក៏បាន​ដឹង ប៉ុន្តែ​គេ​បន្ត​ក្រាញ​អំណាច​តាមរយៈ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ក្លែងបន្លំ បំភ្លៃ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​។​

​មាន​ភស្តុតាង​ជាច្រើន​ដែល​លោក​ប្រធាន សម រង្ស៊ី បាន​យកទៅ​លាតត្រដាង​នៅក្នុង​ជំនួប​កំពូល​នៃ​ក្រុមប្រឹក្សា​អ្នកប្រជាធិបតេយ្យ​សេរី​និ​យម​អាស៊ី នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ហើយ​មិត្ត​អ្នកប្រជាធិបតេយ្យ​ទាំងអស់ បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​បង​ប្អូ​ន​ប្រជារាស្ត្រ​ខ្មែរ​ដែល​បាននាំគ្នា​ទៅ​បោះឆ្នោត​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លួច​ប្លន់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​យក​លទ្ធផល​បោះឆ្នោត​លួច​បន្លំ​មក​ធ្វើជា​ខែល​ដើម្បី​បន្ត​ក្រាញ​អំណាច​។ ដូច្នេះ​អំណាច​របស់​គណបក្ស​ប្រជាជន គ្រាន់តែ​ជា​អំណាច​សិប្ប​និម្មិត ដែល​កើតចេញពី​ការលួចបន្លំ​សន្លឹកឆ្នោត​ប៉ុណ្ណោះ រីឯ​អំណាច​ពិតប្រាកដ មានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី ស្ថិតនៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់លោក​ប្រធាន សម រង្ស៊ី​។ មានការ​រំលឹក​ផងដែរ​ថា មិត្ត​អ្នកប្រជាធិបតេយ្យ​ទាំងអស់​តែងតែ​ឈឺឆ្អាល​បំផុត​ចំពោះ​រឿងរ៉ាវ​ដែល​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ហើយ​គ្រប់ៗ​គ្នា​ប្តេជ្ញា​ជួយ​រក​យុត្តិធម៌ និង​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​បង្ហាញ​នូវ​ការពិត ទាក់ទង​លទ្ធផល​នៃ​ការបោះឆ្នោត  ព្រោះ​លទ្ធផល​ពិត ឬ​ការពិត គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នកឈ្នះឆ្នោត ដូច្នេះហើយ​បានជា​ប្រជារាស្ត្រ​ខ្មែរ​រាប់លាន​នាក់​នៅតែ​បន្ត​គាំទ្រ​គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្នុងការ​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្ម​ការ​​ចម្រុះ​ឯករាជ្យ​ដើម្បី​ស្វែងរក​ការពិត និង​រក​យុត្តិធម៌ ជូន​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ដែល​កំពុង​វិវត្តន៍​ចុងក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ព្រ​មាន​ថា ភាពជាប់គាំង​និង​ជម្លោះ​ក្រោយ​ការបោះឆ្នោត​ដែល​កំពុង​តានតឹង​មិនទាន់បាន​ដោះស្រាយ​ដោយ​យុត្តិធម៌ និង​សមស្រប អាច​វិវត្តន៍​ទៅជា​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ មាន​រយៈពេល​យូរអង្វែង​គួរ​ឲ្យ​ភ័យខ្លាច​បំផុត ហើយ​ស្ថានភាព​មួយ​ដែល​វិបត្តិ​នយោបាយ​ធ្លាក់​ក្នុង​ភាព​ធ្ងន់ធ្ងរ គណបក្ស​ប្រជាជន​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ អាច​នាំ​ឲ្យ​មាន​អំពើហិង្សា ដោយសារតែ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ និង​ឈឺចាប់​កាន់តែខ្លាំង​ឡើង​ដោយសារតែ​អ្វីៗ​ត្រូវ​ជាប់គាំង​។ ក្នុងករណី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​កម្លាំងបាយ​ដើម្បី​វាយ​បង្ក្រាប ក្រុមអ្នកតវ៉ា នឹង​បង្ក​ឲ្យ​មាន​អំពើហិង្សា​ឬ​ការបះបោរ​កាន់តែខ្លាំង​ឡើង ដែល​ពេលនោះ​លទ្ធផល​អវិជ្ជមាន ឬ​ហានិភ័យ​សម្រាប់​រាស្ត្រ​ស្លូតត្រង់​នឹង​កើតមាន​ធ្ងន់ធ្ងរ​មិនអាច​វាយតម្លៃ​បានឡើយ​។​

​យ៉ាងណាក៏ដោយ គោល ជំហរ​របស់លោក​ប្រធាន សម រង្ស៊ី គឺ​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ទាមទារ​ឲ្យ​បង្ហាញ​ការពិត​ទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​សន្តិវិធី​តាម​មធ្យោបាយ​អហិង្សា ហើយ​មានតែ​ការជួប​ចរចា​គ្នា​ប៉ុណ្ណោះ​ទើប​អាច​ស្វែងរក​ដំ​ណោះ​ស្រាយ​​ដើម្បី​ទម្លុះទម្លាយ​ភាពទាល់ច្រក​។ ប៉ុន្តែ​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​នយោបាយ​ក្នុងការ​ស្វែងរក​ដំណោះ​ស្រាយ​ផងដែរ ចៀសវាង​ការបើក​កិច្ចចរចា​ដើម្បី​បំផ្លាញ​ការចរចា ព្រោះ​យើង​ឃើញ​រួចហើយ កាលពីពេល​កន្លងមក តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទៅ ចរចា បានត្រឹមតែ​ស្តាប់​ការអធិប្បាយ និង​យក​របៀបវារៈ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ទៅ​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​សុំ​យោបល់ ពុំមាន​សិទ្ធិ​សម្រេច​អ្វី​ទេ គឺ​ធ្វើ​ឲ្យ​ការចរចា​ជួប​ភាពបរាជ័យ​។ លទ្ធផល​ដែល​មិនទាន់​ទទួលបាន​ផ្លែផ្កា​តាមរយៈ​ជំនួប​ពិភាក្សាគ្នា​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា មកពី​គណបក្ស​ប្រជាជន​មិន​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ដើម្បី​ស្វែងរក​ការពិត ទាក់​ទង​​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​អាច​បញ្ជាក់បាន​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​ការពិត ព្រោះ​ការពិត​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ជា​អ្នកឈ្នះឆ្នោត ប៉ុន្តែ​ត្រូវបាន​គណបក្ស​ប្រជាជន​លួច​ឆក់​ប្លន់ ដើម្បី​បន្ត​ក្រាញ​អំណាច​ទាំង​ទទឹងទិស​៕​

ប្រភព៖មនសិការខ្មែរ