Pages
▼
Thursday, November 14, 2013
អ.ស.ប៖ ហ្វីលីពីនត្រូវការជំនួយយ៉ាងច្រើននិងបន្ទាន់ ក្រោយមានខ្យល់ព្យុះទីហ្វុង
ម៉ានីល៖ មន្ត្រីមនុស្សធម៌អន្តរជាតិកំពុងជួបប្រទះនឹងការលំបាកក្នុងការនាំយកជំនួយទៅឲ្យតំបន់ដែលត្រូវអន្តរាយដោយខ្យល់ព្យុះទីហ្វុងនៅក្នុងប្រទេសហ្វីលីពីនភាគកណ្តាល ខណៈដែលប្រជាជនរងគ្រោះត្រូវការម្ហូបអាហារ ទឹកស្អាត និងឱសថកាន់តែច្រើន។ អង្គការសហប្រជាជាតិ កំពុងអំពាវនាវរកទឹកប្រាក់ចំនួន ៣០១លានដុល្លារសហរដ្ឋអាមេរិក។
អង្គការសហប្រជាជាតិបានឲ្យដឹងថា សេចក្តីត្រូវការដ៏ធំបំផុតនៅក្នុងចំណុចកណ្តាលនៃប្រទេស គឺម្ហូបអាហារទឹក ជម្រក ថ្នាំពេទ្យ និងការសម្អាតកម្ទេចកម្ទី។ មន្ត្រីប៉ាន់ស្មានថា គម្រោងថវិកាជំនួយនឹងមានទឹកប្រាក់ប្រហែល៣០១លានដុល្លារសហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារនៅទីក្រុងម៉ានីល លោកស្រី វ៉ាឡេរី អាម៉ូស(Valerie Amos) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៌និយាយថា ទំហំនៃវិបត្តិនេះ គឺឋិតនៅកម្រិតខ្ពស់នៃវិធានការរបស់អង្គការសហប្រជាជាតិសម្រាប់វាយតំលៃផលប៉ះពាល់នៃភាពអាសន្ន។
«វាមានការលំបាកយ៉ាងខ្លាំងសូម្បីតែការស្វែងយល់ពីតម្រូវការបន្ទាន់ ដោយសារមានការលំបាកក្នុងការទៅដល់កន្លែងដែលរងផលប៉ះពាល់»។
អគ្គីសនីត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅតាមបណ្តាខេត្តមួយចំនួន។ ហើយនៅកន្លែងផ្សេងទៀតអគ្គីសនីត្រូវបានតភ្ជាប់ជាថ្មីដោយអន្លើ។ បណ្តាញគមនាគមន៍កំពុងមានការកែលំអរបន្តិចម្តងៗ។ ប៉ុន្តែមនុស្សជាច្រើនទៀតនៅកំពុងព្យាយាមទាក់ទងមនុស្សដែលជាទីស្រលាញ់របស់ខ្លួន។