ពាក់ព័ន្ធនឹងបញ្ហានេះក្រុមអ្នកជំនាញសេដ្ឋកិច្ចពី អង្គការក្រៅរដ្ឋាភិបាលបានវាយតម្លៃថារដ្ឋាភិបាលមិនស្របច្បាប់របស់លោក ហ៊ុន សែន គ្មានរំពឹងអ្វីក្រៅពីខ្ចីបុលថវិកាពីចិនយកមកបំពេញសេចក្តីត្រូវការ របស់ខ្លួននោះទេ ព្រោះតាមការពិនិត្យជាក់ស្តែងរដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចប្រមូលពន្ធយកមកប្រើប្រាស់តាមសេចក្តីត្រូវការរបស់ខ្លួនបានឡើយ ។ ជាការពិតការដំឡើងពន្ធនាំចូលទំនិញពីក្រៅប្រទេសនៅពេលនេះកំពុង ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅ ទូទាំងប្រទេស។
ក្រុមអ្នកតាមដានបញ្ហាសេដ្ឋកិច្ចនិងស្ថានភាពនយោបាយក្នុងប្រទេស កម្ពុជាបានរិះគន់ថាលោក ហ៊ុន សែន ខំប្រឹងក្រាញអំណាចនៅក្រោយពេលគណបក្សប្រជាជនចាញ់ឆ្នោត ដើម្បីបើកដៃឱ្យចិនបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។ គេបានរំលឹកថាជំនួយរបស់ចិនរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំផ្លាញដំណើរការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនិងការគោរព សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ មានន័យថាជំនួយនិងប្រាក់កម្ចីរាប់ពាន់លានដុល្លារពីប្រទេសចិននាពេល កន្លងមកមិនបានជាប្រយោជន៍អ្វីសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅនោះឡើយ គឺបានជាផលប្រយោជន៍សម្រាប់តែក្រុមមេដឹកនាំ និងមន្ត្រីពុករលួយមួយក្តាប់តូច។ ហេតុនេះហើយទើបប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានសេចក្តីព្រួយបារម្ភ យ៉ាងខ្លាំងនៅពេលឮព័ត៌មានថារដ្ឋាភិបាលលោក ហ៊ុន សែន ខ្ចីបុលថវិកាពីប្រទេសចិនយកមកបំពេញសេចក្តីត្រូវការពង្រឹងអំណាច របស់ខ្លួន។
ថ្មីៗកន្លងទៅនេះអ្នកនិពន្ធមួយរូប គឺលោក អៀ សុផល បានសរសេរសៀវភៅមួយ មានចំណងជើងថា “ការពឹងផ្អែកលើជំនួយបរទេសបានធ្វើឱ្យអន្តរាយដល់ លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា” អ្នកនិពន្ធបានលើកឡើងថាជំនួយរបស់ប្រទេសចិនរាប់ពាន់លានដុល្លារ សម្រាប់កម្ពុជាភាគច្រើនមិនបានធ្លាក់ទៅដល់ដៃពលរដ្ឋកម្ពុជាទេ។ លោក អៀ សុផល បានថ្លែងថាជំនួយរបស់ប្រទេសចិនគឺជាជំនួយដែលគ្មានលក្ខខណ្ឌមិនបាន តម្រូវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស គោរពដំណើរការលទ្ធិប្រជាធិបតេយ្យ កែលំអប្រព័ន្ធតុលាការ និងប្រព័ន្ធគ្រប់គ្រងផ្សេងៗទៀតនោះទេ។ ហេតុដូច្នេះហើយទើបរដ្ឋាភិបាលកម្ពុជាហាក់ដូចជាកំពុងជិះសេះលែងដៃ មិនខ្វល់អំពីការបំផ្លាញធនធានធម្មជាតិដោយក្រុមហ៊ុនចិន និងមិនខ្វល់អំពីការរំលោភសិទ្ធិមនុស្សនិងមិនខ្វល់ពីសម្ពាធរបស់ សហគមន៍អន្តរជាតិណាទាំងអស់។ជាមួយគ្នានេះក្រុមអ្នកវិភាគក៏បានលើកឡើង ដែរថា ជំនួយនិងប្រាក់កម្ចីពីប្រទេសចិន គឺជាឧបករណ៍សម្រាប់បំផ្លាញប្រទេសកម្ពុជា។
អ្នកនិពន្ធ អៀ សុផល បាននិយាយថា “និយាយទៅដូចជាឃើញស្រាប់ហើយថា នៅពេលដែលកម្ពុជាទទួលបានជំនួយពីប្រទេសចិន១ពាន់លានដុល្លារអាមេរិក ដែលគ្មានការទាមទារឱ្យគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងគ្មានការទាមទារឱ្យលើកកម្ពស់អភិបាលកិច្ចល្អទេនោះ វានឹងមិនបានជួយដល់ដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើយ។ ដូច្នេះប្រាកដណាស់ថា ជំនួយរបស់ប្រទេសចិននឹងប៉ះពាល់ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា”។ ស្របនឹងការលើកឡើងរបស់លោក អៀ សុផល ដូចខាងលើនេះក្រុមអ្នកតាមដានស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏បានសម្តែងសេចក្តីព្រួយបារម្ភផងដែរ ចំពោះជំនួយនិងប្រាក់កម្ចីរបស់ចិនដល់កម្ពុជា ដែលកាន់តែមានការកើនឡើងឥតឈប់ឈរ។ ដោយហេតុថាប្រាក់កម្ចីច្រើនពាន់លានដុល្លារពីប្រទេសចិននឹងក្លាយទៅ ជាបំណុលដែលកូនចៅខ្មែរជំនាន់ក្រោយជាអ្នកទទួលបន្ទុកសងទៅគេវិញ បើទោះបីពួកគេមិនបានឃើញកេរតំណែលពីប្រាក់កម្ចីទាំងនោះយ៉ាងណាក៏ដោយ។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានរិះគន់ថាមេដឹកនាំចិនទាំង ប្រធានាធិបតីលោក ស៊ី ជិនពីង ទាំងនាយករដ្ឋមន្ត្រីលោក លី ខឹឈាង សុទ្ធតែបានគាំទ្ររដ្ឋសភានិងរដ្ឋាភិបាលមិនស្របច្បាប់របស់លោក ហ៊ុន សែន ហើយសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលមិនស្របច្បាប់នេះ ទៀតផង។ ទង្វើរបស់មេដឹកនាំចិនគឺដើម្បីប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ព្រោះបច្ចុប្បន្នមានក្រុមហ៊ុនចិនយ៉ាងច្រើនកំពុងប្រតិបត្តិ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងធនធានរ៉ែកម្ពុជាឱ្យរលត់រលាយ។ បើគិតពីជំនួយនិងប្រាក់កម្ចីរបស់ចិនផ្តល់មកឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន នាពេលកន្លងមកគឺមិនអាចប្រៀបផ្ទឹមទៅនឹងធនធានធម្មជាតិរបស់កម្ពុជាដែល ក្រុមហ៊ុនចិនបានបំផ្លិចបំផ្លាញនោះឡើយ។
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យបានលើកឡើងថាក្រុមហ៊ុនចិនធំៗ មួយចំនួនបានដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាទៅលើវិស័យសាងសង់ ទំនប់វារីអគ្គិសនី សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រុករករ៉ែ និងដាំដំណាំកសិ-ឧស្សាហកម្មជាដើម។ ក្រោមរូបភាពវិនិយោគទាំងនោះក្រុមហ៊ុនចិនបានបំផ្លាញព្រៃឈើធនធានរ៉ែ និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែររាប់មុឺន រាប់សែនគ្រួសារ។ មានន័យថាការវិនិយោគរបស់ក្រុមហ៊ុនចិនមានតែតួលេខប៉ុណ្ណោះ មិនមានផលប្រយោជន៍អ្វីសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជានោះទេ គឺចិនកំពុងបំផ្លាញកម្ពុជាយ៉ាងពេញបន្ទុក។ មេដឹកនាំកម្ពុជាដែលដិតដាមទៅដោយអំពើពុករលួយពួកគេមានសេចក្តីត្រេកអរ យ៉ាងខ្លាំងនៅពេលទទួលបានជំនួយនិងប្រាក់កម្ចីពីប្រទេសចិន ព្រោះមួយផ្នែកធំនៃជំនួយនិងប្រាក់កម្ចីទាំងនោះបានហូរចូលទៅក្នុង ហោប៉ៅរបស់ពួកគេយ៉ាងត្រជាក់ចិត្ត ហើយប្រជាពលរដ្ឋខ្មែរប្រមាណ៥០ភាគរយ ឬជាង៦លាននាក់បន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រងើបមិនរួចឡើយ ។
អ្នកជំនាញសេដ្ឋកិច្ចពីអង្គការក្រៅរដ្ឋាភិបាលបានលើកជាឧទាហរណ៍ថា ប្រសិនបើក្រុមហ៊ុនចិនមួយដាក់ទុនវិនិយោគប្រមាណ១០០លានដុល្លារ គឺគេអាចកាប់បំផ្លាញព្រៃឈើខ្មែរ ឬបំផ្លាញធនធានរ៉ែរបស់ខ្មែរដែលមានតម្លៃប្រមាណ១០០០លានដុល្លារឯណោះ ។ ដូច្នេះការវិនិយោគរបស់ក្រុមហ៊ុនចិន គ្មានអ្វីចំណេញដល់ប្រទេសកម្ពុជាទាល់តែសោះ គឺមានតែធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយអំពើរំលោភសិទ្ធិមនុស្សកើតឡើងយ៉ាងពេញបន្ទុកតែម្តង។ ជាក់ស្តែងក្រុមហ៊ុនចិនមួយទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍បង្កើត តំបន់ទេសចរណ៍ធម្មជាតិនៅស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង កំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារប្រឈមនឹងការបាត់បង់ ដីធ្លីទីជម្រកយ៉ាងអយុត្តិធម៌បំផុត។ អាចនិយាយបានថាគ្រប់ការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធតែនាំមកនូវ ទុក្ខលំបាកដល់ប្រជាពលរដ្ឋកម្ពុជា ហើយអ្នកទទួលបានផលប្រយោជន៍ គឺលោក ហ៊ុន សែន និងក្រុមមន្ត្រីពុករលួយមួយក្តាប់តូច។ មានន័យថាជំនួយនិងប្រាក់កម្ចីពីប្រទេសចិនគ្រាន់តែជារូបភាពដើម្បី បិទបាំងសកម្មភាពដែលក្រុមហ៊ុនចិនកំពុងបំផ្លាញធនធាន ធម្មជាតិរបស់កម្ពុជាឱ្យរលាយសាបសូន្យតែប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ២០០៩រហូតមកមេដឹកនាំចិនហាក់ដូចជាធ្វើឱ្យមាន ទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន អនុប្រធានបក្សប្រជាជនកម្ពុជាដែលបញ្ហានេះធ្វើឱ្យមានការសង្ស័យថាលោក ហ៊ុន សែន បម្រើផលប្រយោជន៍ចិនបានល្អ។ ជាក់ស្តែងរដ្ឋាភិបាលចិនបានផ្តល់ជំនួយនិងប្រាក់កម្ចីឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ជាបន្តបន្ទាប់ ស្របពេលដែលក្រុមហ៊ុនចិនយ៉ាងច្រើនកំពុងដាក់ទុនវិនិយោគនៅកម្ពុជា។ សូម្បីតែគណបក្សប្រជាជនចាញ់ឆ្នោត ហើយលោក ហ៊ុន សែន ខំប្រឹងក្រាញអំណាចក៏មេដឹកនាំចិនគាំទ្រទង្វើគ្មានសេចក្តីអៀនខ្មាស របស់លោក ហ៊ុន សែន ដែរ។ ចំណុចនេះបានបង្ហាញឱ្យឃើញថាចិននៅតែការពារលោក ហ៊ុន សែន ដើម្បីឱ្យបម្រើផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួនឱ្យបាន យូរអង្វែងតទៅទៀត៕
ប្រភព៖មនសិការខ្មែរ Labels: ទស្សនៈសារព័ត៌មាន