ការបោះឆ្នោតជាតិលើកទីពីរ គិតតាំងពីនេប៉ាល់ បញ្ចប់សង្គ្រាមស៊ីវិល ប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ១៩ វិច្ឆិកានេះ ប៉ុន្តែក្តីសង្ឃឹមថានឹងបានឃើញនេប៉ាល់ចេញផុតពីវិបត្តិទ័លច្រកនយោបាយ និងអស្ថិរភាពមានតិចតួចណាស់។ ដំណើរការបោះឆ្នោតចាប់ផ្តើម ដោយរអាក់រអួ
ល គ្រាប់បែកច្នៃមួយគ្រាប់បានផ្ទុះនៅព្រឹកមិញ កណ្តាលរដ្ឋធានី កដ្ឋមណ្ឌូ (Katmandou) បណ្តាលឱ្យមានរបួសយ៉ាងហោចណាស់ ៣នាក់។ជាការបោះឆ្នោតជ្រើសរើសសមាជិកសភា ៦០១នាក់ មកពី ជាង១០០ គណបក្ស រួមមានគណបក្សជាអតីតពួកឧទ្ទាមម៉ៅនិយម (អ្នកផ្តួលរំលំរបបរាជានិយម) និងគណបក្សសមាជនេបាល់ ដែលជាគណបក្សឆ្វេងកណ្តាលនិយម។ ការរាប់សន្លឹកឆ្នោត នឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធស្អែក ប៉ុន្តែដោយហេតុត្រូវការពេលវេលាប្រមូលលទ្ធផលនៅតាមតំបន់ដាច់ស្រយាល លទ្ធផលបឋមនឹងអាចប្រកាសឱ្យដឹងនៅរវាងមួយសប្តាហ៍ទៀត។
ទាហាន ៥ម៉ឺននាក់ និងប៉ូលិស ១៤ម៉ឺននាក់ ត្រូវបានដាក់ពង្រាយពេញផ្ទៃប្រទេស ដើម្បីធានាសន្តិសុខក្នុងថ្ងៃបោះឆ្នោត ព្រោះអស្ថិរភាព ការបង្កប់ និងបំផ្ទុះគ្រាប់បែក បានកើតឡើងតាំងពីពេលឃោសនា។ រដ្ឋាភិបាលស្តីទី បានចេញបម្រាមផ្អាកមធ្យោបាយដឹកជញ្ជូនសាធារណៈ ហាមមិនឱ្យធ្វើចរាចរណ៍តាមរថយន្ត ម៉ូតូ ជាលក្ខណៈឯកជន។ បណ្តាជននេប៉ាល់ អញ្ជើញទៅបោះឆ្នោតដោយថ្មើរជើងទាំងអស់។
អស្ថិរភាពនយោបាយនៅនេប៉ាល់ បានបន្តកើតមានតាំងពីឆ្នាំ២០០៨មក ក្រោយពីរបបរាជានិយមបានរលំរលាយ។ ក្នុងរយៈពេល៥ឆ្នាំ នេប៉ាល់មានរដ្ឋាភិបាល៥ ដែលសុទ្ធសឹងតែអសមត្ថភាពមិនអាចតាក់តែងច្បាប់រដ្ឋធម្មនុញ្ញចេញសម្រាប់មកធ្វើជាគ្រិះរក្សាស្ថិរភាពនយោបាយជាតិបានសោះ។ ប្រទេសមហាយក្សជិតខាងពីរ គឺចិន និងឥណ្ឌាព្រួយបារម្ភខ្លាំង ព្រោះខ្លាចវិបត្តិអូសបន្លាយយូរនាំនេប៉ាល់ឱ្យក្លាយទៅជង្រុកលាក់ខ្លួនក្រុមឧក្រិដ្ឋជន ឬក្រុមសកម្មជនជ្រុលនិយម។
បើតាមអ្នកវិភាគ គណបក្សកុម្មុយនិស្ត -ម៉ាក្សលេនីន និងម៉ៅនិយម នឹងត្រូវនាំមុខ នៅក្នុងការបោះឆ្នោតថ្ងៃនេះ ប៉ុន្តែ ការបង្កើតរដ្ឋាភិបាលចម្រុះ និងការប្រមូលសំឡេងភាគច្រើន ២ភាគបី នៅក្នុងសភា សម្រាប់អនុម័តច្បាប់រដ្ឋធម្មនុញ្ញ ពិតជាជួបការលំបាកខ្លាំង និងរុញច្រានប្រទេសឱ្យជាប់គាំងនយោបាយទៀត៕