នៅប្រទេសលីបង់ នៅថ្ងៃអង្គារនេះ មានមនុស្សយ៉ាងហោច២៣នាក់ បានស្លាប់ និងជិត១៥០នាក់ទៀតរងរបួស ក្នុងភេរវកម្មផ្ទួនគ្នាពីរ នៅមុខស្ថានទូតអ៊ីរ៉ង់ ក្នុងក្រុងបេរូត។ ទីប្រឹក្សាវប្បធម៌ជនជាតិអ៊ីរ៉ង់ ជាអ្នកការទូតម្នាក់ផងដែរ
ដែលលឺថាស្លាប់កាលពីដំបូងនោះ នៅមានជីវិតនៅឡើយទេ។ ក្រុមឧទ្ទាមជីហាដមួយក្រុមដែលជាប់ពាក់ព័ន្ធនឹងបណ្តាញអ៊ីស្លាមនិកាយស៊ុននីតអាល់កៃដា បានចេញមុខប្រកាសថា ខ្លួនបានបង្កអំពើភេរវកម្មទាំងនេះ។ដោយឡែក អ៊ីរ៉ង់បានចោទអ៊ីស្រាអែល ថាបានផ្តួចផ្តើមអំពើភេរវកម្មនៅមុខស្ថានទូតខ្លួន។នៅថ្ងៃអង្គារនេះ នៅមុខស្ថានទូតអ៊ីរ៉ង់ ក្នុងក្រុងបេរូត ក្នុងភេរវកម្មទីមួយ ជនអត្តឃាតមួយរូបបានជិះម៉ូតូមួយគ្រឿង ធ្វើអោយម៉ូតូផ្ទុះឡើង។ តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការផ្ទុះម៉ូតូនេះ រថយន្តមួយគ្រឿងនៅ៣០ម៉ែត្រពីនោះ បានផ្ទុះឡើងផងដែរ។ យោងតាមអ្នកទទួលខុសត្រូវសន្តិសុខម្នាក់ អំពើភេរវកម្មទាំងពីរនេះ ប្រហែលជាចង់វាយប្រហារស្ថានទូតអ៊ីរ៉ង់នេះតែម្តង។ ជាសំណាងល្អ លោក ហ្កាន់ដាន់ហ្វារ រ៉ូកុង អាបាឌី ជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់នៅលីបង់ បានរួចផុតពីគ្រោះថ្នាក់នេះ។
ភេរវកម្មថ្ងៃអង្គារនេះ បានកើតឡើងនៅក្នុងសង្កាត់ បៀ ហាសាន ភាគខាងត្បូងក្រុង។ ទីនោះសំបូរដោយអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតរស់នៅ ហើយក៏ជាជម្រករបស់ក្រុមអេស្បូឡាស៊ីអ៊ីតផងដែរ។ ក្រុមអេស្បូឡា ជាក្រុមតស៊ូនៅស៊ីរី ជួយប្រធានាធិបតីស៊ីរី បាស្ហា អាល់ អាសាដ ប្រយុទ្ធក្រុមឧទ្ទាមស៊ីរី។ ហើយស៊ីរីនេះទៀតសោត ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។
អំពើភេរវកម្មទាំងនេះ ជាអំពើភេរវកម្មទី៣ហើយដែលបានវាយប្រហារជម្រកក្រុមអេស្បូឡា។ ក្រុមឧទ្ទាមជីហាដមួយក្រុមជាប់ពាក់ព័ន្ធនឹងបណ្តាញអ៊ីស្លាមនិកាយស៊ុននីតអាល់កៃដា បានចេញមុខប្រកាសក្នុងគេហទំព័រទ្វីតថឺ ថា ខ្លួនបានបង្កអំពើភេរវកម្មទាំងនេះ។ ក្រុមនេះបានព្រមានថា ដរាបណាក្រុមអេស្បូឡានិកាយស៊ីអ៊ីត បន្តការតស៊ូនៅស៊ីរី នោះអំពើភេរវកម្មនឹងនៅតែបន្តកើតមាននៅលីបង់ជានិច្ច។
បារាំងបានចេញមុខថ្កោលទោសអំពើភេរវកម្មទាំងពីរនេះ។ បារាំងបន្តគាំទ្រលីបង់ក្នុងការបង្រួបបង្រួមជាតិ រវាងអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីត និងស៊ីអ៊ីត។ ស៊ីរីក៏បានថ្កោលទោសអំពើភេរវកម្មនេះដែរ។ រដ្ឋាភិបាលស៊ីរីបានលើកឡើងថា ចំហាយប្រេងដុល្លារបានសាយភាយចេញពីគ្រប់សកម្មភាពភេរកម្មដែលវាយប្រហារ ស៊ីរី លីបង់ និងអ៊ីរ៉ាក់។ តាមរយៈការលើកឡើងនេះ រដ្ឋាភិបាលលោកអាសាដ ប្រហែលចង់សំដៅទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងកាតា ដែលជាប្រទេសគាំទ្រក្រុមឧទ្ទាម។
ដោយឡែក អ៊ីរ៉ង់បានទំលាក់ការទទួលខុសត្រូវទៅលើអ៊ីស្រាអែល ដោយចោទថា អ៊ីស្រាអែលបានផ្តួចផ្តើមអំពើភេរវកម្មនៅថ្ងៃអង្គារនេះ។ ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ៕