Pages

Monday, November 25, 2013

តើ​​ថៃ​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​វិបត្តិ​ដូច​ឆ្នាំ​២០១០ ?!

ដោយ អៀង សុខម៉ិញ
សកម្មជន​បក្ស​ប្រជាធិបតេយ្យ ជា​បក្ស​ប្រឆាំង​ បាន​ទាមទារ​កាន់​តែ​ខ្លាំង​ឡើងៗ ឱ្យ​នាយក​រដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ចុះ​ចេញ​ពីតំណែង។ កម្លាំង​ និង​សម្ពាធ​បាតុកម្ម បាន​រីក​ធំធាត់​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​កណ្តាល​ក្រុង​បាងកក។​
បាតុករ បាន​ចូល​ទៅ​លុក​លុយ​ក្នុង​ក្រសួង​មួយ និង​គំរាម​ចូល​​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ផ្សេងៗ។ សន្ទុះ​ប្រឆាំង​​នា​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ ដែល​បាន​គេ​នឹក​ឃើញ​ដល់​វិបត្តិ​នយោបាយ​បង្ក​ឡើង​ព្រឹត្តិការណ៍​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ កាលពី​ឆ្នាំ​២០១០។តាំង​ពី​រសៀល​ថ្ងៃ​ចន្ទ​នេះ​មក​ សកម្មជន​បក្ស​ប្រឆាំង និង​បាតុករ​ បាន​នាំ​គ្នា​ចូ​ល​ទៅ​លុក​លុយ​ក្រសួង​ហិរញ្ញវត្ថុ​ ដោយ​ស្រែក​ជ័យឃោស “​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ប៉ះបោរ​ស៊ីវិល” !​ លោក​ ស៊ូថេប ថងស៊ូបាន មេ​ដឹកនាំ​ម្នាក់​របស់​បក្ស​ប្រជាធិបតេយ្យ បាន​ប្រកូក​ប្រកាស​​ឱ្យ​បុគ្គលិករដ្ឋ​ទាំង​អស់​បញ្ឈប់​ការងារ និង​គ្រោង​ចូល​លុក​លុយ​គ្រប់​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​ស្អែក​ ដើម្បី​បរិហារ​ប្រព័ន្ធ​ដឹក​នាំ​ប្រទេស​របស់​ត្រកូល​ស៊ីណាវ៉ាត់ (ថាក់ស៊ីន)។
 
ផ្លូវ​ថ្នល់​ក្រុង​បាងកក​ ដែល​ធ្លាប់​តែ​មាន​ចរាចរណ៍​កក​ស្ទះ​ ពេល​នេះ​ស្រឡះ​ថ្លេវ មាន​តែ​កម្លាំង​បាតុកម្ម​ និង​ ដុំ​ថ្ម​រប៉ាត់​រប៉ាយ​ដាក់​បាំង​ច្រក​ផ្លូវ​ចូល​​ស្ថាប័ន​​រដ្ឋាភិបាល​។ បាតុករ​ប្រមាណ​ពី​១៥ ទៅ​១៨​ម៉ឺន​នាក់ (បើ​តាម​អាជ្ញាធរ) ដែល​បាន​ប្រមូលផ្តុំ​គ្នា​តាំង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញមក កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីស្នាក់ការ​​ប៉ូលិស យោធា និង​ស្ថានីយ៍​ទូរទស្សន៍ ដោយ​មាន​​ផ្តល់​ផ្កា​កូលាប​ជូន​កង​កម្លាំង​សន្តិសុខ ជា​និមិត្ត​សញ្ញា​ថា​មានការ​គាំទ្រ​ពី​យោធា។ កម្លាំង​បាតុកម្ម​ផ្សេង​ទៀត​បាន​ញែក​ជា​ក្រុម​ បែក​ខ្ញែក​គ្នា​ចុះ​ដើរ​តាម​ផ្លូវ​ក្នុងក្រុង គ្រវី​ទង់ជាតិ ជាមួយ​នឹង​សម្រែក​យ៉ាង​ត្រកង​អឺងអាប់។
 
បាតុកម្ម​ដែល​បាន​រុញ​ច្រាន​ប្រទេស​ថៃ​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ​ រាជាណាចក្រ​ថៃ​អាស្រ័យ​រដ្ឋធម្មនុញ្ញ គឺ​បាតុកម្ម​ឆ្នាំ​២០១០ ដែល​កាលណោះ​ក្រុម​អាវក្រហម​ អ្នក​ស្មោះ​ស្ម័គ្រ​នឹង​​ថាក់ស៊ីន ជា​បង​ប្រុស​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ ដើម្បី​ទាមទារ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ អាប់ភីស៊ីត​ចុះ​ចេញ​ពី​តំណែង។ ឥឡូវ​ថ្ងៃ​នេះ ដល់​វេន​ក្រុម​បក្ស​ប្រឆាំង​ម្តង​ដែល​ចង់​ឃើញ​ការ​គាស់​​ឬសកាត់​គល់​ត្រកូល​ស៊ីណាវ៉ាត់​ចេញ​ពី​អំណាច​។ ប្រឈម​មុខនឹង​សម្ពាធ​សង្គម និង​ច្រ​ក​ចេញ​ដ៏​ចង្អៀត ​ ​លោកស្រី យីងឡាក់ នៅ​ចំពោះ​មុខ​អ្នក​កាសែត បាន​ច្រាន​ចោល​ នៅ​ថ្ងៃ​ចន្ទ​នេះ ការ​លាលែង​ចេញ​ពី​តំណែង ការ​រំលាយ​សភា។
 
​កំហឹង​និង​ភាព​ប្រេះ​ឆា​ជាតិ​បាន​ផ្ទុះ​ឆេះ​ឡើង​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​បានស្នើ​បង្កើត​ច្បាប់​លើក​លែង​ទោស ដែល​មាន​ន័យ​ស្មើ​នឹង​ការ​អាច​វិល​ត្រលប់​ចូល​ស្រុក​វិញ​របស់​ថាក់ស៊ីន ប៉ុន្តែ​ទោះ​បី​ព្រឹទ្ធសភា​បាន​ច្រាន​ចោល​ទៅ​ក្តី ក៏គ្រប់​គ្រាន់​សម្រាប់​ពន្លត់​​ភ្លើង​បាតុកម្ម​​ដែរ៕