ចិន​បង្កើត​តំបន់​ហោះហើរ​យោធា​លើ​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន



ដោយ ឈាង បុប្ផា
ទីក្រុង​ប៉េកាំង​បាន​ប្រកាស​នៅថ្ងៃសៅរ៍នេះ ថា ខ្លួន​បាន​បង្កើត​តំបន់​​​​ហោះហើរ​យោធា​ ពីលើ​សមុទ្រ​ចិន​ខាងកើត ដែល​នឹង​ចាប់​មាន​សុពលភាព​ចាប់​ពី​ម៉ោង​១០​ព្រឹក ម៉ោងក្នុងស្រុក។ បន្ថែម​ពី​​ ដែន​
អាកាស​ដែល​ជាដែន​អធិបតេយ្យ​​របស់​ខ្លួន ប្រទេស​ចិន​បាន​បង្កើត​​តំបន់​ហោះហើរ​​យោធាថ្មី​ នៅពីលើ​សមុទ្រ​ចិន​ខាងកើត ដែល​លាត​សន្ធឹង​ពី​ជិត​ប្រទេស​កូរ៉េខាងត្បូង​ដល់​កោះតៃវ៉ាន់ ដោយ​រួម​បញ្ចូល​ផងដែរ ដែនអាកាស​នៃប្រជុំកោះ សេនកាគូ ឬ​ទៀវយូ​ដែល​ចិន​ទាមទារ​ពី​ជប៉ុន។
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ចិន វិធានការថ្មីនេះ​នឹង​មិន​ពាក់ព័ន្ធ​យន្តហោះ​ស៊ីវិល​ទេ។ ប៉ុន្តែផ្ទុយទៅវិញ រាល់​យន្តហោះ​យោធា​ដែល​ហោះ​ចូលក្នុង​ដែន​អាកាស​យោធា​ថ្មី​របស់​​ចិន ត្រូវ​គោរព​តាម​​ច្បាប់របស់​ចិន ពោល​គឺ​ត្រូវ​បញ្ជូន​ព័ត៌មាន​ទាក់ទង​នឹង​ការហោះហើរ គោលបំណង និង​បញ្ជាក់​ឈ្មោះ​ភ្លាមៗ​ទៅ​ក្រសួងការបរទេស​ ឬ អាកាសចរណ៍​ស៊ីវិល​ចិន​។

ប្រសិន​បើ​យន្តហោះ​ដែល​ហោះចូល​ក្នុង​តំបន់​ហោះហើរ​យោធា​ថ្មី មិន​ព្រម​គោរព​តាម​គោលការណ៍​របស់​ចិនទេ នោះ​ចិន​នឹង​ចាត់វិធានការ​យោធា ដោយ​ប្រមាញ់​ចេញ​ពី ដែន​អាកាស​របស់​ខ្លួន ឬ​ក៏បាញ់​ទម្លាក់ ប្រសិន​បើ​គេ​​វាយតម្លៃ​ថា ជាគ្រោះថ្នាក់សម្រាប់​​បូរណភាព​ទឹកដី​ចិន។

យោងតាម​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​ចិន ដែល​បាន​ផ្តល់​ចម្លើយ​នៅលើ​វិបសៃតិ៍​​របស់​ក្រសួង ចិន​ចាត់​វិធានការ​ថ្មីនេះ ដោយអនុវត្ត​សិទ្ធិការពារ​ដែល​ខ្លួនមាន​តែប៉ុណ្ណោះ គឺ​មិន​បាន​សំដៅ ឬ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ ហើយ​ក៏​មិន​បិទសិទ្ធិ​ក្នុង​ការហោះហើរដែរ។ តាម​អ្នកនាំពាក្យ​ដដែល បច្ចុប្បន្ននេះ តំបន់ហោះហើរ​យោធា​គ្របដណ្តប់​តែ​ទៅលើ​សមុទ្រ​ចិន​ខាង​កើត ប៉ុន្តែ មិន​ទាន់​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិនកំពុង​មាន​ជម្លោះ​ដណ្តើម​ដី​កោះ​​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​ចិន​បានបញ្ជាក់ហើយថា ចិន​​កំពុង​ពិចារណា និង​អាច​រៀបចំ​ដើម្បី​បង្កើត​តំបន់​ហោះហើរ​យោធា ថ្មី នៅពេល​ណា​ដែល​កាលៈទេសៈ​ផ្តល់ឲ្យ

ជប៉ុន និង​ចិន ឈ្លោះ​គ្នា​រហូត​ដណ្តើម​ដែនអាកាស
ដោយសារ ជម្លោះទឹកដី និង​ដើម្បី​សន្តិសុខ​ជាតិ​ខ្លួន មាន​ប្រទេស​មួយចំនួន​ដូចជា​អាមេរិក និង​ជប៉ុន​ជាដើម ​បាន​បង្កើត​តំបន់ហោះហើរ​យោធា​របស់ខ្លួន។ គេ​បង្កើត​តំបន់​ហោះហើរ​យោធា បន្ថែម​ពីលើ​ដែន​អាកាស​ដែល​ជាអធិបតេយ្យភាព​របស់ខ្លួន ដើម្បី​ចាប់​កំណត់សញ្ញា និង​តាមដាន​រាល់​យន្តហោះ​យោធា​ដែល​ហោះ​ទៅក្បែរ​ទឹកដី​របស់​គេ។ ប៉ុន្តែ បញ្ហា នៅត្រង់​ថា ​ផែនទី​ដែនអាកាស​យោធា​ថ្មី ដែល​ចិន​បានបង្កើត​ឡើង និង​ត្រូវ​ចូល​ជាធរមាន នៅថ្ងៃនេះ បាន​គ្រប​ពីលើ​តំបន់​ហោះហើរ​យោធា ដែល​ជប៉ុន​បាន​កំណត់​រួចទៅហើយ។ ផែនទី​ដែនអាកាស​ថ្មី​របស់​ចិន​បាន​បង្ហាញ​យ៉ាងច្បាស់​ថា តំបន់ហោះហើរ​យោធា​របស់ចិន​កំពុង​រំលោភ​ចូល​ទៅ​គ្របដណ្តប់ ត្រួតពីលើ​ ដែនអាកាស​យោធា​របស់​ជប៉ុន។ ប្រជុំ​កោះ សេនកាគូ ដែល​ចិន​ទើប​បាន​ បញ្ចូល​ទៅក្នុង​ដែនអាកាស​យោធា​របស់ខ្លួន តាមពិត​ស្ថិតនៅក្រោម​ការគ្រប់គ្រង​រដ្ឋបាល​របស់ជប៉ុន និង​ប្រាកដណាស់ស្ថិត​នៅក្នុង​ដែន​អាកាស​របស់​ជប៉ុន។


រហូតមកដល់​ពេលនេះ ភាគី​ជប៉ុននៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាងណា​ទៅនឹង​ផែនទី​តំបន់​ហោះហើរយោធា​ថ្មី​របស់​ចិន។ ប៉ុន្តែ ប្រាកដណាស់ថា ជប៉ុន​ពិតជាមិន​សប្បាយចិត្ត​នឹង​ផែនទី​ថ្មី​របស់​ចិន​ទេ។ សម្រាប់ជប៉ុន ពិតណាស់ ថា ជាការ​រំលោភ​ ព្រោះ​ចិន​បាន​កំណត់​ដែនអាកាស​របស់ខ្លួន ជាឯកតោ​ភាគី ដោយ​ជាន់​លើ​ដែន​អាកាស​របស់​ជប៉ុន។
ដោយសារ​ជម្លោះទឹកដី ចិន និង​ជប៉ុន​ មិន​ត្រឹម​ឈ្លោះ​គ្នា នៅលើ​​ទឹក ប៉ុន្តែ ពេលនេះ រហូត​ដល់​ដែន​អាកាសទៀត។ កាលពី​ពេលថ្មីៗនេះទៀត យន្តហោះ​ប្រមាញ់​របស់​ជប៉ុន​បាន​បណ្តេញ​យន្តហោះ​របស់​ចិន​ដែល​បាន​ហោះ​ទៅ​ឆ្វែល​ពី​លើ​ប្រជុំ​កោះ សេនកាគូ។ ក្រសួងការពារ​ជាតិ​ក៏ធ្លាប់​បាន​ព្រមាន​បាញ់​ទម្លាក់យន្តហោះ ដែលគេ​មិន​ស្គាល់​ប្រភព និ​ង​ដែល​​ហោះ​ពីលើប្រជុំកោះ​សេនកាគូ។

ទំនាក់ទំនង​ចិន និងជប៉ុន​កាន់តែធ្លាក់​ចុះដុនដាប ដោយសារ​តែ​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​សេនកាគូ ដែល​សំបូរ​ដោយ​​សម្បតិ្តធនធានធម្មជាតិ ត្រី និង​រ៉ែ ឧស្ម័ន។ ប្រទេស​មហាអំណាច​អាស៊ី​ទាំងពីរ​បាន​ដំឡើង​សរសៃក ដាក់​​គ្នា​កាន់តែខ្លាំង ចាប់តាំងពី​ឆ្នាំ២០១២ ប​ន្ទាប់ពី​ជប៉ុន​បាន​ប្រមូល​ទិញកោះបី ​ពី​ក្នុង​ចំណោមកោះ ប្រាំ របស់​ប្រជុំកោះ​សេនកាគូ​ពីឯកជន មក​ធ្វើ​ជាសម្បត្តិរដ្ឋ។ ចាប់តាំងពីពេលនោះមក ប្រទេស​ទាំងពីរ​តែងតែ​ប៉ះទង្គិច​គ្នា នៅផ្នែកការទូត បន្ទាប់ពី​នាវាល្បាត​របស់​ចិន​តែងតែ​ទៅបើក​ក្រវែល​ នៅ​ជិត​ប្រជុំ​កោះសេនកាគូ ដែល​ជប៉ុន​គ្រប់គ្រង។ រាល់លើក​នាវាល្បាត​ជប៉ុន​បាន​បើក​បណ្តេញ​កប៉ាល់​នេសាទ ឬ​ល្បាត​របស់​ចិន​ចេញពី​តំបន់​។ ហើយ​នៅមួយថ្ងៃ​មុន​ប្រកាស​បង្កើត​តំបន់​ហោះហើរ​យោធានេះទៀត នាវាល្បាត​របស់ចិន​ចំនួន​៤គ្រឿង​បាន​បើក​ចូល​ទៅមួយ​ភ្លែត នៅក្នុង​តំបន់​ទឹក​ក្បែរប្រជុំកោះ សេនកាគូ បន្ទាប់ពី​បាន​ចូល​ទៅ​ក្រវែល​ញយដង កាលពី​ខែ​កញ្ញា និង​តុលាកន្លងទៅ។

►សូមអាន៖ចិន-ជប៉ុន៖ ប្រវត្តិ​នៃ​ជម្លោះ​ប្រជុំកោះ​សេនកាគូ​ឬ​ទៀវយូ (Senkaku/Diaoyu) 

រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន លោក​Onodera ធ្លាប់​បាន​វាយតម្លៃថា ការផ្គើន​ ល្មើស​ចូល​មក​ក្បែរ​ប្រជុំកោះ​របស់​ជប៉ុន​ដោយ​នាវា​របស់​ចិន គឺ​ជាការគំរាមកំហែង​ដល់​សន្តិភាព និង​កំពុង​ធ្វើ​ឲ្យ​ចិន និង​ជប៉ុន​ឈាន​ចូល​ទៅក្នុ​ង​តំបន់​មួយ ដែល​ស្ថិតនៅ​ចន្លោះ សន្តិភាព និង​ស្ថានភាព​ប្រកាសអាសន្ន។


សម្រាប់​អ្នកជំនាញ​ដែល​ធ្វើការ​ទៅលើ​​ទំនាក់ទំនង នយោបាយ​របស់​ចិនមាន​គ្រោះថ្នាក់​ខ្លាំងណាស់ សម្រាប់​សន្តិសុខ​នៅ​អាស៊ី។ ប្រសិន​បើ​ចិន​ដាក់​អនុវត្ត​មែនទែន​ដែនអាកាស​យោធា​របស់ខ្លួន នោះ គេបារម្ភថា ​​មិនយូរ មិន​ឆាប់ ការផ្ទុះ​អាវុធ​ដាក់គ្នា​រវាងចិន​ជាមួយ​នឹង​​ជប៉ុន នឹង​កើតជាមិនខាន។ អ្នកជំនាញ​របស់​ចិន នៅសកលវិទ្យាល័យ​ប៉េកាំង​វិញ បាន​វាយតម្លៃថា ភាពតានតឹង​រវាង​ចិន និង​ជប៉ុន​នឹង​កើតមាន​យ៉ាង​ប្រាកដណាស់ នៅក្រោយ​ចិន​បង្កើត​តំបន់​ហោះហើរ​យោធា​ថ្មីនេះ ប៉ុន្តែ ចិន​មើល​ទៅ​នឹង​មិន​ខ្លាច​នឹង​ឈ្លោះ​ជាមួយ​ជប៉ុន ពីព្រោះ​ថា ជប៉ុន​នេះ បាន​គ្របសង្កត់​ចិន​អស់​ច្រើន​ឆ្នាំមកហើយ។ ហើយ​ចិន​គួរតែ​ងើបឈរ​ដើម្បី​រក្សា​ការពារ​ផលប្រយោជន៍​ទឹកដី​របស់ខ្លួន៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors