ការកាប់​បំផ្លាញ​ព្រៃឈើ​អាម៉ាហ្សូន​បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ



ដោយ ឈាង បុប្ផា
តើគេ​ត្រូវ​បោះបង់​ចោល​ព្រៃឈើ​ដើម្បី​ការអភិវឌ្ឍន៍​ឬ​យ៉ាងណា? នយោបាយ​ប្រភេទនេះ​បាន​កើត​មាន​សឹង​នៅគ្រប់​ប្រទេស​កំពុង​អភិវឌ្ឍ។ ប្រទេស​ប្រេស៊ីល​ដែល​គ្រប់គ្រង​៦០ភាគរយ​នៃ​ព្រៃ​មហាសាល​អាម៉ាហ្សូន​ក៏​បាន​ចូល​ទៅក្នុង​គន្លងនេះដែរ។ 
កាលពី​សប្តាហ៍មុន អ្នកវិទ្យាសាស្រ្ត និង​អ្នកការពារព្រៃឈើ​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន បន្ទាប់​ពី​រូបភាព​ថត​បាន​ពី​ផ្កាយរណប​របស់​ក្រុមហ៊ុន​Google បង្ហាញថា ចំនួន​កាប់បំផ្លាញ​ព្រៃឈើ​បាន​កើនឡើង​២៨ភាគរយ ក្នុង​រយៈពេល​១ឆ្នាំចុងក្រោយនេះ។ ការកាប់បំផ្លាញព្រៃឈើ​ជា​ប្រភព​មួយ​នៃ​ការឡើង​កំដៅ​នៃភពផែនដី បន្ទាប់ពី​ផ្សែងពុល​ឧស្សាហកម្ម និង​ថាមពល។
ប្រេស៊ីល​ដែល​គេ​ធ្លាប់​ចាត់ថ្នាក់​ជាសិស្ស​ល្អ និង​គំរូ ​ក្នុង​ការអនុវត្ត​នយោបាយ​កាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ​ បាន​បាត់បង់​ការជឿទុកចិត្ត​ពី​អ្នកការពារ​បរិស្ថាន ទៅវិញ​នៅ​ឆ្នាំ​នេះ។ នោះក៏ព្រោះតែ សន្ទុះ​នៃការកាប់បំផ្លាញ​ព្រៃឈើ​បាន​កើនឡើង​វិញ​គួរ​ឲ្យ​កត់សំគាល់ ក្នុង​រយៈពេល​១​២​ខែ​ចុងក្រោយនេះ។ ក្នុង​រវាង​តែ​ពី​ខែ កក្កដា ឆ្នាំ ២០១២ ដល់​ខែ​សីហា ឆ្នាំ ២០១៣ ព្រៃឈើ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល ទំហំ​ជាង​៥ពាន់​គីឡូម៉ែត្រ​ក្រឡា​ត្រូវ​បាន​គេ​កាប់បំផ្លាញ។ ចំនួន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អាម៉ាហ្សូន​​បាន​កើនឡើង​ប្រមាណ​២៨ភាគរយ បើ​ប្រៀបធៀប​នឹង​​ឆ្នាំមុន។ នៅឆ្នាំ ២០១១ ទំហំ​ព្រៃឈើ​ដែល​រង​ការកាប់​បំផ្លាញ​​មាន​ប្រមាណ ៤ ៥៧១​គីឡូម៉ែត្រ​ក្រឡាតែប៉ុណ្ណោះ។ មិនមែន​តែ​ប្រេស៊ីល​ទេ ដែល​ស្គាល់​ការកាប់បំផ្លាញ​ព្រៃឈើ។ រូបភាព​ផ្តល់​ដោយ​ផ្កាយរណប​បាន​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​២០០០ ការកាប់​បំផ្លាញ​​ព្រៃឈើ​មាន​លក្ខណៈ​សកល ជាពិសេស នៅតំបន់​ត្រូពិក។ គេ​បាន​ប៉ាន់ប្រមាណ​ថា ទំហំ​​ព្រៃឈើ​ដែល​ស្មើ​នឹង​តារាង​បាល់ទាត់​ចំនួន​៥០ ត្រូវ​បាន​គេ​កាប់បំផ្លាញ ក្នុង​រយៈពេល​មួយនាទី។

កាលពី​ឆ្នាំ ២០០៩ កន្លងទៅ នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅ​ប្រទេស​ដាណាម៉ាក ប្រេស៊ីលដែលទារ​ជំនួយ​ថវិកា​ពី​ប្រទេស​អ្នកមាន​ ​ធ្លាប់​បាន​សន្យា​ថា នឹង​កាត់​បន្ថយ​ការ​កាប់បំផ្លាញ​ព្រៃឈើ​ឲ្យ​តិច​ជាង ៤ពាន់​គីឡូម៉ែត្រ​ក្រឡា ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ មើល​ទៅលើ​ស្ថានភាព​ជាក់ស្តែង ការសន្យា​របស់​រដ្ឋាភិបាល​ប្រេស៊ីល​នៅមិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ​ទេ នោះ​បើទោះបី​ជា ក្នុង​រយៈពេល​១០ឆ្នាំ​ចុងក្រោយនេះ ចំនួន​ព្រៃឈើ​ដែល​រង​ការកាប់​បំផ្លាញ នៅប្រេស៊ីល​បាន​ថយចុះ​គួរ​ឲ្យកត់សំគាល់​ដល់​ប្រមាណ ៨០ភាគរយ​ក៏ដោយ។

ហេតុអ្វីបាន​ជា​ទំនោរ​កាប់បំផ្លាញ​ព្រៃឈើ​កើតមាន​ឡើងវិញ នៅ​ប្រេស៊ីល? អ្នកការពារ​បរិស្ថាន​​បាន​លើកឡើង​មូលហេតុ​មួយ​ចំនួន ទាក់ទង​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​ប្រេស៊ីល​បច្ចុប្បន្ន។ ទីមួយ រដ្ឋាភិបាល​បាន​យល់​ព្រម​កែទម្រង់​ច្បាប់​ការពារ​ព្រៃឈើ​ កាលពី​ឆ្នាំ ២០១២ ទៅតាម​ការទាមទារ​របស់​ប្រជាកសិករ​ប្រេស៊ីល។ ច្បាប់​ព្រៃឈើ​ដែល​ធ្លាប់​តែតឹងតែង​បាន​បើក​ដៃ​ដល់​ប្រជាជន​ប្រេស៊ីល​កាប់ព្រៃឈើ​ដើម្បី​រុករាន​ធ្វើ​ចំការ។ ចំណី​អាហារ​ឡើងថ្លៃ​ បាន​លើក​ទឹកចិត្តផងដែរ​ដល់​​ប្រជាជន​ឲ្យ​កាប់បំផ្លាញព្រៃឈើ ដើម្បី​យក​ដី​ធ្វើ​ចំការ​កសិកម្ម។ ច្បាប់​នេះ​មិន​បាន​ចងកាតព្វកិច្ច​របស់​អ្នកកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ឲ្យ​ដាំដើមឈើ​ឡើងវិញ ហើយ​ក៏​មិន​បាន​កំណត់​​ទំហំ​ព្រៃ​ឧទ្យាន​ជាតិ​​ឲ្យ​បាន​ត្រឹមត្រូវ។ កំណែទម្រង់​ច្បាប់​ព្រៃឈើ​បាន​ចែង​ផងដែរ​ពីការលើកលែង​ទោស​ដល់​អ្នក​ដែល​បាន​កាប់បំផ្លាញព្រៃឈើ មុន​ឆ្នាំ ២០០៨ ប្រសិន​បើ​អ្នកទាំងនោះ​យល់ព្រម​ដាំដើមឈើ​ឡើងវិញ។ ច្បាប់​ព្រៃឈើ​ធូររលុង​រួម​ផ្សំ​ជាមួយ​ការស៊ុំ​គ្រលំ​ ពុករលួយ​របស់​ថ្នាក់ដឹកនាំ​​តាមខេត្ត​បាន​ជំរុញ​ឲ្យ​មាន​ការកាប់ព្រៃឈើ​យ៉ាងក្រាសក្រែល នៅ​តំបន់​អាម៉ាហ្សូន។

ទីពីរ​ទៀត គម្រោង​អភិវឌ្ឍន៍​នៅពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ក៏ចូលរួម​ចំណែក​នៅក្នុង​ការកាប់​​បំផ្លាញ​ព្រៃឈើ​ នៅ​ប្រេស៊ីល។ អ្នកបរិស្ថាន​របស់​អង្គការ​Green Peace បាន​ចង្អុល​ចំៗ​លើ​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​កាត់តំបន់​ព្រៃ​អាម៉ាហ្សូន និង​ការសាងសង់​តំបន់​វារីអគ្គិសនី​របស់​រដ្ឋាភិបាល​ថា ជាអ្នក​ទទួល​ខុសត្រូវ​លើ​ការកាប់បំផ្លាញព្រៃឈើនៅ​ប្រេស៊ីល។
 
លោក​លូឡា កាលក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​ ធ្លាប់​បាន​និយាយ​ថា លោក​មិន​ឲ្យ​ប្រជាជន​របស់លោក​ស្លាប់​ដោយ​អត់បាយ នៅក្រោមដើមឈើទេ។ ការអភិវឌ្ឍន៍​ចាំបាច់​ត្រូវតែ​មាន។ ប៉ុន្តែ តាម​អ្នកការពារ​បរិស្ថាន ការអភិវឌ្ឍន៍ ដែល​ប៉ះពាល់​ដល់​កម្រាស​ព្រៃឈើ​អាម៉ាហ្សូន ដែល​ជា​ជំរក​សត្វព្រៃ និង​ជីវចម្រុះ​ ជាសញ្ញា​មិន​ល្អ​ទាល់តែសោះ​។ ការកាប់​បំផ្លាញ​ព្រៃឈើ​មិន​ត្រឹម​តែ​ចូលរួម​ចំណែក​បង្ក​ផ្សែងពុល​ក្នុង​បរិយាកាស ជាពិសេស​ការដុត​ព្រៃ​ដើម្បី​​រានដី​ធ្វើ​ចំការតែប៉ុណ្ណោះទេ ប៉ុន្តែ វា​បាន​បំផ្លាញ​ព្រៃឈើ​ដែល​មាន​តួនាទី​​ស្រូប​ផ្សែង​ពុល​កាបូន ប្រមាណ ៤០​ភាគរយ ដែល​រោងចក្រ​ឧស្សាហកម្ម​បញ្ចេញ​ចោល​ទៅក្នុង​បរិយាកាស៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors