តុលាការ​អន្តរជាតិ​ច្បាប់សមុទ្រ​សំរេចអោយ​រុស្ស៊ី​ដោះលែង​អ្នកនាវា​អង្គការបរិស្ថាន​Greenpeace​



ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​សុក្រ​ម្សិលមិញ​ តុលាការ​អន្តរជាតិទទួលបន្ទុក​​ច្បាប់សមុទ្រ​បាន​ធ្វើការ​សំរេច​អោយរុស្ស៊ី​ដោះលែង​អ្នកនាវា​អង្គការ​បរិស្ថាន​​Greenpeace ចំនួន​២៨រូប រួម​នឹង​អ្នកសារព័ត៌មាន​​២រូប​ទៀត
អោយ​មាន​សេរីភាព​ឡើងវិញ។ គួររំលឹកថា កាលពី​ខែកញ្ញា រុស្ស៊ី​បាន​ស្កាត់ចាប់​នាវា​អង្គការ​​Greenpeace ​និង​ឃុំខ្លួន​អ្នកនាវា​ទាំងនេះ ដោយសារតែ​ពួកគេ​បានឡើង​ទៅកាន់​ស្ថានីយ​បូមប្រេង​របស់រុស្ស៊ី។ ម្សិលមិញ​នេះ សមាជិក​នាវា​ស្ទើរតែ​គ្រប់គ្នា​បាន​ត្រូវដោះលែង​ពី​ពន្ធនាគារ តាម​រយៈ​ការ​បង់ប្រាក់កក់​។

ប្រទេស​ហូឡង់​ដែលជា​ម្ចាស់ទង់ជាតិ​​​នាវា​អង្គការ​បរិស្ថាន​​Greenpeace ដែល​រុស្ស៊ី​បាន​ស្កាត់ចាប់​កាលពី​ខែកញ្ញា​នោះ បានទទួល​ជោគជ័យ​ក្នុង​ការ​ប្តឹង​ប្រឆាំង​រុស្ស៊ី។ នៅថ្ងៃ​សុក្រ​ម្សិលមិញ តុលាការ​អន្តរជាតិទទួលបន្ទុក​​ច្បាប់សមុទ្រ​បាន​​សំរេច​អោយរុស្ស៊ី​ដោះលែង​អ្នកនាវា​អង្គការ​បរិស្ថាន​​Greenpeace ២៨រូប រួម​នឹង​អ្នកសារព័ត៌មាន​​២រូប​ទៀត អោយ​មាន​សេរីភាព​ឡើងវិញ។ តុលាការ​ក៏បាន​​សំរេច​អោយ​រុស្ស៊ី​ប្រគល់​នាវា​នោះទៅ​អង្គការ​បរិស្ថាន​វិញផងដែរ។
​រដ្ឋាភិបាល​រុស្ស៊ីដែល​មិនបានចូលរួម​ក្នុង​សវនាការ​ជំនុំជម្រះ​រឿងក្តី​នេះ ​បាន​ប្រតិកម្ម​តបទៅវិញ​ថា ខ្លួន​មិនទទួលស្គាល់​សមត្ថភាព​តុលាការ​អន្តរជាតិ​ផ្នែកច្បាប់សមុទ្រ​នេះទេ ហើយ​ថែមទាំង​ថា តុលាការ​នេះបាន​រំលោភ​បូរណភាព​ដែនដី​រុស្ស៊ីទៀតផង។

គួររំលឹកថា កាលពី​ខែកញ្ញា រុស្ស៊ី​បាន​ស្កាត់ចាប់​នាវា​អង្គការ​​Greenpeace ​និង​ឃុំខ្លួន​អ្នកនាវា​៣០រូប ជាពលរដ្ឋ​មកពី​១៨ប្រទេស​ផ្សេងគ្នា។ ​ជនទាំងនេះ​បានឡើង​ទៅកាន់​ស្ថានីយ​បូមប្រេង​របស់រុស្ស៊ីនៅតំបន់​អាក់ទិច​ ដើម្បី​បរិហារ​បញ្ហា​បំពុលបរិដ្ឋាន​នៅទីនោះ។ រុស្ស៊ី​បាន​​ចោទ​ប្រកាន់​​ពួកគេ​ពីបទ​ប្លន់ជាក្រុម ក្រោយមក​ការចោទប្រកាន់​បានប្រែក្លាយ​ទៅជា​បទបំផ្លាញ​​ទ្រព្យសម្បត្តិ​រុស្ស៊ី​ទៅវិញ។ បទបំផ្លិចបំផ្លាញ​​​​នេះ អាច​អោយអ្នកនាវា​ទាំងនេះ ទទួលទោស​ជាប់ពន្ធនាគារ​ដល់​៧ឆ្នាំ។

ម្សិលមិញ​នេះ ក្នុង​ចំណោម​សមាជិក​នាវា​៣០នាក់ រុស្ស៊ី​បាន​ដោះលែង​សមាជិក​នាវា​២៩នាក់​​ ដោយ​សារពួកគេ​បាន​​​​បង់ប្រាក់កក់​ ក្នុង​ម្នាក់ៗប្រមាណ​៤ម៉ឺន៥ពាន់​អឺរ៉ូ។ ហើយ​នាវា​ក៏បាន​ប្រគល់​អោយ​អង្គការ​​​Greenpeace វិញដែរ តាមរយៈ​ការបង់ប្រាក់កក់​៣លាន​៦សែន​អឺរ៉ូ។ ប៉ុន្តែ​ សមាជិកនាវា​​ដែល​បាន​ដោះលែង​នោះ ​នៅតែ​ស្ថិត​ក្រោមការ​ចោទប្រកាន់របស់​រុស្ស៊ីដដែល។ ពួកគេ​អាចចាកចេញ​ពីទឹកដី​រុស្ស៊ីបាន ​លុះត្រាតែ​មានការ​សំរេច​ពីតុលាការ​រុស្ស៊ី ក្រុង​សាំងភីតឺស្បួរ Saint-Petersbourg។ ប៉ុន្តែ តុលាការ​​អន្តរជាតិ​ផ្នែកច្បាប់សមុទ្រ​បានទាមទារ​អោយពួកគេ​​ទាំងនោះ​ ​បាន​ចាកចេញ​ពី​រុស្ស៊ី៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors