Pages

Thursday, February 6, 2014

លោក​ប៊ីល​ហ្គេត​លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​Microsoft

ពីឆ្វេង​ទៅស្តាំ៖ លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន, លោក​ Steve Ballmer អតីត​អគ្គនាយក​ និងលោក Satya Nadella អគ្គនាយក​ដែល​ទើប​នឹង​តែងតាំង​ថ្មី
ដោយ សេង ឌីណា
កាលពីថ្ងៃ​អង្គារ​ម្សិលមិញ ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ​ Microsoft បាន​ធ្វើការ​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី ក្នុង​ទ្រង់ទ្រាយ​ធំមួយ ដោយ​លោក​ប៊ីល ហ្គេត ស្ថាបនិក​ក្រុមហ៊ុន​បាន​លាឈប់​ពីតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល ហើយ​វិស្វករ​ដើមកំណើត​ឥណ្ឌា​ម្នាក់​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​ថ្មី​ របស់​ក្រុមហ៊ុន។ ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នេះ​ធ្វើ​ឡើង នៅ​ក្នុង​ពេល​ដែល Microsoft កំពុង​ស្វះស្វែង​រក​យុទ្ធសាស្រ្ត​ថ្មី ដើម្បី​តម្រូវ​តាម​ការ​វិវឌ្ឍ​នៃ​ទីផ្សារ​ទូរស័ព្ទដៃ។


លោក​ប៊ីល ហ្គេត មហាសេដ្ឋី វ័យ ៥៨ឆ្នាំ គឺ​ជា​អ្នក​ដែល​បាន​បង្កើត​ក្រុមហ៊ុន Microsoft ឡើង កាល​ពី​ឆ្នាំ​១៩៧៥ ហើយ​បាន​ដឹកនាំ​ក្រុមហ៊ុន​នេះ រហូត​ដល់​ឆ្នាំ ២០០០ ទើប​បាន​លាឈប់​ពីមុខ​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន ដោយ​រក្សា​ទុក​តែ​មុខ​តំណែង​ជា​ប្រធានក្រុមប្រឹក្សា​ភិបាល។ ចាប់ពីពេលនោះមក លោក​ប៊ីល ហ្គេត បាន​ចំណាយ​ពេល​ភាគច្រើន​របស់​លោក នៅ​ក្នុង​កិច្ចការ​មនុស្ស​ធម៌។
កាលពីថ្ងៃ​អង្គារ លោក​ប៊ីល ហ្គេត បាន​លាឈប់​ពី​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​មួយ​ទៀត ក៏ប៉ុន្តែ បាន​ទទួល​យក​មុខតំណែង​ថ្មី ជា​ទី​ប្រឹក្សា​បច្ចេកទេស ដែល​គេ​អះអាង​ថា ជា​មុខ​តំណែង​សកម្មជាងមុន​ក្នុងក្រុមហ៊ុន។ លោក​ប៊ីល ហ្គេត ខ្លួនឯង​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា ចាប់ពីពេលនេះ​ទៅ លោក​នឹង​ចំណាយពេលច្រើន​ជាងមុន នៅ​ក្នុងក្រុមហ៊ុន។

លោក John Thompson អតីត​ប្រធានក្រុមហ៊ុន Symantec បាន​ឡើង​មក​កាន់​តំណែង​ជា​ប្រធានក្រុមប្រឹក្សា​ភិបាល​​ជំនួស​លោកប៊ីល ហ្គេត។ ចំណែក​ឯ​តំណែង​ជា​អគ្គនាយក​វិញ​ក៏​មាន​ការ​ផ្លាស់ប្តូរ​ផងដែរ គឺ​លោក Satya Nadella វិស្វករ​កុំព្យូទ័រ វ័យ ៤៦ឆ្នាំ ដើមកំណើត​ឥណ្ឌា ត្រូវ​បានតែងតាំង​ជា​អគ្គនាយក​ក្រុមហ៊ុន ​Microsoft ជំនួស​លោក Steve Ballmer ដែល​ប្រកាស​លាឈប់ តាំង​ពី​ឆ្នាំ​ទៅមិញ។

ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​​ពេលនេះ ធ្វើឡើង នៅ​ក្នុង​ពេលដែល Microsoft កំពុង​ប្រឈមមុខ​នឹង​ការ​វិវឌ្ឍ​យ៉ាង​លឿន​បំផុត នៃ​ទីផ្សារ​កម្មវិធី​កុំព្យូទ័រ និង​ការកើនឡើង​នៃ​តម្រូវការ​ខាង​កម្មវិធី​ទូរស័ព្ទដៃ ដែល Microsoft ហាក់ដូចជា​​មាន​ការ​យឺតយ៉ាវ​ខ្លាំង​នៅឡើយ ធៀប​នឹង​គូប្រជែង ដូចជា Apple ។

លោក Satya Nadella អគ្គនាយកថ្មី​របស់ក្រុមហ៊ុន Microsoft បាន​ឲ្យដឹង​ថា យុទ្ធសាស្រ្តរបស់ Microsoft នៅពេលនេះ គឺ​ផ្តោត​ទៅលើ​សេវាកម្ម និង​ឧបករណ៍​ចល័ត ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន Apple។ ក្នុងចំណោម​នោះ អាទិភាព​ចម្បង​ជាងគេ គឺ​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទដៃ Nokia ដែល​ក្រុមហ៊ុន Microsoft នឹង​ចុះ​កិច្ចសន្យា​ទិញ​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

លោក​ប៊ីល ហ្គេត បើទោះបីជា​បាន​លាឈប់​ពី​មុខតំណែង​​ជា​ថ្នាក់ដឹកនាំ​​ ក្រុមហ៊ុន ​ក៏ប៉ុន្តែ ​នៅតែ​ជា​ម្ចាស់ភាគហ៊ុន​ច្រើន​ជាងគេ​របស់​ Microsoft។ ក្រៅពី​តំណែង​ជា​ ទីប្រឹក្សា​បច្ចេកទេស លោក​ប៊ីល ហ្គេត ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ផងដែរ៕