និស្សិតមហាវិទ្យាល័យច្បាប់ និងកិច្ចការសារធាណៈនៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចូលរួមប្រកួតប្រជែងដើម្បីបង្ហាញពីជំនាញខាងមេធាវី និងចំណេះដឹងរបស់ខ្លួន ទាក់ទងនឹងច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ។ ការប្រកួតប្រជែងនេះ គឺជាផ្នែកមួយនៃការបណ្តុះបណ្តាល ដែលត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យា ហាឡូវេ នៃទីក្រុងឡុង ក្រោមការ
ឧបត្ថម្ភហិរញ្ញវត្ថុពីស្ថានទូតចក្រភពអង់គ្លេស។ និស្សិតផ្នែកច្បាប់ នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចំនួន ៦ក្រុម បានចូលរួមការប្រកួតប្រជែងក្នុងលំហាត់ប្រឹក្សាអតិថិជន ដោយផ្អែកលើករណីជាក់ស្តែងនៃអំពើហិង្សាក្នុងគ្រួសារ។ ការប្រកួតនេះធ្វើឡើងនៅថ្ងៃទី ០៦ ខែកុម្ភៈនេះ នៅឯសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយស្ថានទូតចក្រ ភពអង់គ្លេស ប្រចាំនៅកម្ពុជា សកលវិទ្យាល័យហាឡូវេនៃទីក្រុងឡុង និងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃនេះ។
លោក គង់ ផល្លក្សណ៍ ព្រឹទ្ធសាស្ត្រាចារ្យនៃមហាវិទ្យាល័យច្បាប់ និងកិច្ចការសាធារណៈ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការប្រកួតប្រជែងនេះ មានសារៈសំខាន់ណាស់ ក្នុងការកសាងជំនាញមេធាវី និងចំណេះដឹងរបស់និស្សិតស្តីពីច្បាប់ប្រចាំងអំពើហិង្សាក្នុង គ្រួសារ ក៏ដូចជា គូសបញ្ជាក់អំពីសីលធម៌ និងការទទួលខុសត្រូវខាងវិជ្ជាជីវៈសម្រាប់មេធាវីនៅកម្ពុជាទៅថ្ងៃ អនាគត។ ដូច្នេះ និស្សិតមិនត្រឹមតែរៀនពីសៀវភៅប៉ុណ្ណោះទេ តែពួកគេក៏ត្រូវរៀនអនុវត្តជាក់ស្តែងផងដែរ។
លោកបណ្ឌិត Bryony Mathew អនុប្រធានបេសកម្មនៃស្ថានទូតចក្រភពអង់គ្លេសក៏បានបញ្ជាក់ ដែរថា អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់ស្ថានទូតចក្រភព អង់គ្លេស គឺគាំទ្រការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋវ័យក្មេងនៅកម្ពុជា។ អាទិភាពមួយទៀតគឺកំណែទម្រង់ច្បាប់ តុលាការ និងនីតិរដ្ឋ។ លោកអះអាងថា ការឧបត្ថម្ភរបស់ស្ថានទូតអង់គ្លេសចំពោះវគ្គស្តីពីច្បាប់ប្រឆាំង អំពើហិង្សាក្នុងគ្រួសារ និងការប្រកួតប្រជែងចុងក្រោយនេះ គឺជាឧទាហរណ៍ដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា នៅកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ កុម្ភៈនេះ ហើយនៅថ្ងៃដំបូងនេះ មាននិស្សិតចំនួន២ ក្រុមបានទទួលជ័យជំនៈ ហើយនឹងឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័តនៅថ្ងៃស្អែកនេះ។ Labels: ព័ត៌មានជាតិ