ខ្លួន កាលពីថ្ងៃទី២ និងថ្ងៃទី៣មករា អាចនៅក្រៅឃុំ ឬក៏បន្តជាប់ឃុំឃាំងទៀត។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំរវាងមេដឹកនាំសហជីពកម្មករ និងសមាគម ចំនួន ១១ ស្ថាប័ន នៅព្រឹកថ្ងៃទី៦កុម្ភៈ។មេដឹកនាំសហជីពកម្មករ របស់លោក អាត់ ធន់ អ្នកស្រី ម៉ម ញឹម និងសមាគមរបស់លោក រ៉ុង ឈុន ជាដើម សរុបចំនួន ១១ ស្ថាប័ន បានជួបប្រជុំគ្នាជាថ្មី នៅព្រឹកថ្ងៃទី៦កុម្ភៈនេះ។ ជាកិច្ចប្រជុំ ដើម្បីពិភាក្សាលើបញ្ហាប្រាក់ឈ្នួលកម្មកររោងចក្រ និងគម្រោងធ្វើកូដកម្មតវ៉ាឡើងប្រាក់ខែកម្មករជាលើកទី២។
សម្រេចសម្រួលទៅ កិច្ចប្រជុំ បានសម្រេចថា រង់ចាំមើលសវនាការ នៅថ្ងៃទី១១កុម្ភៈ ដែលតុលាការសាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ របស់ក្រុមកម្មករ មេដឹកនាំសហជីព និងសកម្មជនសិទ្ធិមនុស្ស ទាំង ២៣ រូប។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថា កិច្ចប្រជុំរវាងមេដឹកនាំសហជីពកម្មករ និងសមាគមទាំង ១១ ស្ថាប័ន បានព្រមព្រៀងគ្នា ៧ ចំណុច រួមមាន៖ ទាមទារឲ្យដោះលែងបាតុករ ទាំង ២៣ នាក់ ដែលត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី២ និងថ្ងៃទី៣មករា ទាមទារឡើងប្រាក់ខែកម្មករ ឲ្យបានដល់ ១៦០ ដុល្លារ និងទាមទារឲ្យចាប់ជនដៃដល់មកផ្តន្ទាទោស និងផ្តល់សំណងដល់ជនរងគ្រោះ ពីការបង្ក្រាបបាតុកម្មដោយហិង្សា ជាដើម។
លោក រ៉ុង ឈុន បន្តថា សហជីពកម្មករ និងសមាគមទាំង ១១ ស្ថាប័ន នឹងធ្វើយុទ្ធនាការព្រមគ្នា ជាមួយសហជីពអន្តរជាតិ លើពិភពលោក នៅថ្ងៃទី១០កុម្ភៈ ដែលនឹងតវ៉ានៅមុខស្ថានទូតកម្ពុជា នៅបរទេស ដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង ២៣ នាក់។ នៅព្រឹកថ្ងៃចន្ទ ទី១០កុម្ភៈ ដើមសប្តាហ៍ក្រោយ សហជីព និងសមាគមទាំង១១ នឹងធ្វើសន្និសីទកាសែត ហើយដាក់ញត្តិទៅកាន់ស្ថាប័នពាក់ព័ន្ធ។ ញត្តិទាមទារ ៧ ចំណុចនោះ ជាលទ្ធផលនៃកិច្ចប្រជុំរបស់សហជីពកម្មករ និងសមាគមទាំង ១១ នៅព្រឹកថ្ងៃទី៦កុម្ភៈនេះ។
ការតម្លើងប្រាក់ខែកម្មកររោងចក្រ ត្រូវបានរដ្ឋាភិបាល សម្រេចជាផ្លូវការរួចហើយ។ គឺតម្លើងទាបបំផុតដល់ ១០០ ដុល្លារ ហើយចាប់អនុវត្តពីថ្ងៃទី១កុម្ភៈឆ្នាំ២០១៤ តទៅ។ លោក វង្ស សុវណ្ណ អគ្គលេខាធិការរង នៃគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា របស់ក្រសួងការងារ បានឲ្យដឹងថា គណៈកម្មការស្រាវជ្រាវប្រាក់ខែកម្មករ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ កំពុងដំណើរការសិក្សាស្រាវជ្រាវ ជា ជំហ៊ានៗ តែលោកមិនដឹងថា ត្រូវជួបប្រជុំតម្លើងប្រាក់ខែកម្មករជាថ្មី នៅពេលណាទេ។
ដោយឡែកសម្រាប់ករណីបាតុករទាំង ២៣ នាក់ ដែលត្រូវចាប់ឃុំខ្លួននោះ គឺលោក វង្ស សុវណ្ណ បានចាត់ទុកថា ជាសមត្ថកិច្ចរបស់តុលាការ ដែលមានឆន្ទានុសិទ្ធិ ថាត្រូវដោះលែង ឬក៏បន្តឃុំឃាំងជនសង្ស័យទាំងនោះ៕
Labels: ព័ត៌មានជាតិ