ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ស្នើសុំ​ឲ្យ​បង្កើត​ម៉ាស៊ីន​សម្ងួត​ស្រូវ​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស



កសិករ កំពង់ឆ្នាំង ៦១០

ប្រជា​កសិករ​រស់​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេសាប កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការ​ភ្ជួរ​រាស់ និង​ស្ទូង​ស្រូវ​ប្រាំង​របស់​ខ្លួន។ ចំណែក​ប្រជា​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​ពី​តម្លៃ​ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សម្ភារៈ​កសិកម្ម​ឡើង​ថ្លៃ​ខ្ពស់ ក៏ប៉ុន្តែ​ស្រូវ​នៅ​តែ​លក់​មាន​តម្លៃ​ទាប។

ទោះ​ជា​យ៉ាង​ណា ពួក​គាត់​ចង់​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម និង​រដ្ឋាភិបាល គិតគូរ​បង្កើត​ឲ្យ​មាន​ម៉ាស៊ីន​សម្ងួត​ស្រូវ​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស ដើម្បី​ទទួល​ទិញ​ស្រូវ​សើម​ក្នុង​តម្លៃ​មួយ​សមរម្យ។
ការ​លើក​ឡើង​នេះ គឺ​ស្រប​ពេល​ដែល​ប្រជា​កសិករ​ជាច្រើន ចង់​ធ្វើ​ស្រូវ​ប្រាំង​ពីរ​ដង​ក្នុង​១​ឆ្នាំ ប៉ុន្តែ​អាច​ជួប​នឹង​បញ្ហា​ទឹក​ភ្លៀង​ជោកជាំ​នៅ​ចុង​រដូវ។
ចាប់​តាំង​ពី​ព្រលឹម​ស្រាងៗ គេ​ឃើញ​មាន​ប្រជា​កសិករ​ដែល​មាន​ដី​ស្រែ​ចម្ការ​នៅ​តំបន់​ទួល​អំពិល និង​តំបន់​កន្លងឥន ស្ថិត​នៅ​ក្រុង​កំពង់ឆ្នាំង បាន​នាំ​គ្នា​ភ្ជួរ​រាស់​ពង្រាប​ដី និង​ខ្លះ​កំពុង​តែ​ពង្រោះ​ស្រូវ​ប្រាំង​របស់​ខ្លួន នៅ​លើ​ផ្ទៃ​ដី​ដែល​ទឹក​ទន្លេ​ទើប​តែ​ស្រក​ផុត។
ទើប​ឡើង​ពី​រាស់​ពង្រាប​ដី អង្គុយ​ហូប​បាយ​នៅ​លើ​ភ្លឺ​ស្រែ​បណ្ដើរ ក្រឡេក​មើល​ទៅ​មើល​ផ្ទៃ​ដី​ដែល​ទើប​រាស់​រួច​បណ្ដើរ លោក ម៉ម វន មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ គ្រួសារ​របស់​លោក និង​ប្រជា​កសិករ​ជា​ច្រើន​ទៀត​និយម​ធ្វើ​ស្រូវ​ប្រភេទ​សូម៉ាលី សែន​ពិដោរ និង​អ៊ីអ៊ែរ​៥០៤ (ER 504) ឬ​ហៅ​ស្រូវ​ណាំខូងបូង ដែល​ជា​ប្រភេទ​អង្ករ​បាយ​រឹង ក៏ប៉ុន្តែ​រយៈពេល​នៃ​ការ​ទទួល​ផល គឺ ៣​ខែ​ដូច​ប្រភេទ​ស្រូវ​ប្រាំង​ដទៃ​ទៀត​ដែរ៖ «បើ​យើង​ធ្វើ​ដី​ធ្វើ​អី​ ពង្រាប​ឲ្យ​ស្មើ​ស្រួល​បួល​ទៅ ១​ហិកតារ​បាន​ប្រាំ ទៅ​ប្រាំមួយ​តោន​ដែរ យើង​ធ្វើ​ដី​ឲ្យ​ស្មើ​ទៅ​រួច​បាញ់​ថ្នាំ​កក់ ស្មៅ​អី​ណា៎»។
លោក​បញ្ជាក់​ថា នៅ​រដូវ​កាល​ចុះ​ធ្វើ​ស្រែ​ប្រាំង​ម្ដងៗ គ្រួសារ​របស់​លោក​មាន​ការ​ខ្វះខាត​ប្រាក់​ជា​ច្រើន​ម៉ឺន​រៀល ដើម្បី​ចំណាយ​ទៅ​ថ្លៃ​ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ថ្លៃ​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ជាង ៤០​ម៉ឺន​រៀល​ក្នុង​១​ហិកតារ។ បញ្ហា​នេះ បាន​បង្ខំ​ឲ្យ​គ្រួសារ​លោក​ខ្ចី​បុល ឬ​ចង​ការ​ប្រាក់​គេ ហើយ​នៅ​ក្រោយ​ការ​ច្រូត​កាត់ ទើប​យក​ស្រូវ​ទៅ​លក់​ដើម្បី​សង​គេ​វិញ។
ចំណែក​ប្រជា​កសិករ​ម្នាក់​ទៀត លោក គៀត ភារម្យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម គប្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ និង​សម្ភារៈ​ធ្វើ​កសិកម្ម​ខ្ពស់​ដែល​មិន​សមាមាត្រ​គ្នា​ទៅ​នឹង​តម្លៃ​ស្រូវ​ លក់​ចេញ​ត្រឹម ៨០០ ទៅ ៩០០​រៀល​ក្នុង​១​គីឡូក្រាម​នោះ។ លោក​បន្ត​ថា រដ្ឋ​ត្រូវ​តែ​ជំរុញ និង​លើក​ទឹក​ចិត្ដ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ផលិត​ស្រូវ​ប្រាំង​ឲ្យ​បាន​ ច្រើន​ដង​ក្នុង​១​ឆ្នាំ តាម​រយៈ​ការ​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ និង​មាន​ទទួល​ទិញ​ស្រូវ​សើម​ក្នុង​តម្លៃ​មួយ​សមរម្យ។ ដូច្នេះ ដើម្បី​ធានា​បាន​នូវ​បញ្ហា​នេះ រដ្ឋ​ត្រូវ​មាន​ម៉ាស៊ីន​សម្ងួត​នៅ​ក្នុង​ស្រុក៖ «យើង​ចង់​ឲ្យ​រដ្ឋាភិបាល ​គិតគូរ​បញ្ហា​ដូច​ជា​ធ្វើ​ស្រែ​ពីរ​ដង វា​ចំ​រដូវ​វស្សា ស្រែ​ប្រាំង ប៉ុន្តែ​ធ្វើ​២​ដង​ទៅ វា​ចំ​ពេល​រដូវ​ធ្លាក់​ភ្លៀង​ក្នុង​ខែ​៨ ខែ​អី​អ៊ីចឹង យើង​មិន​អាច​ហាល​ខ្លួន​ឯង​បាន​ទេ តែ​បើ​សិន​ជា​ស្រុក​យើង​មាន​ម៉ាស៊ីន​សម្ងួត​ធំៗ​អី​ទទួល​ទិញ​ស្រូវ​សើម ប្រជាជន​នៅ​តាម​ស្រុក​ភូមិ​ដែល​មាន​ស្រែ​ប្រាំង អាច​ធ្វើ​ពីរ​ដង​ហ្នឹង គេ​អាច​ធ្វើ​បាន​ហើយ នៅ​តំបន់​ទួល​អំពិល​ហ្នឹង ធ្វើ​បាន​ពីរ​ដង»។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រជា​កសិករ​នេះ ប្រធាន​ការិយាល័យ​សេដ្ឋសាស្ត្រ និង​កែលំអ​ដី​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ជា សុផុន មាន​ប្រសាសន៍​ថា ការ​បង្កើត​ម៉ាស៊ីន​សម្ងួត​ស្រូវ​ខ្នាត​ធំ គឺ​ជា​ផ្នែក​មួយ​ល្អ​សម្រាប់​ប្រជា​កសិករ ដើម្បី​ធានា​បាន​នូវ​តម្លៃ​ស្រូវ​សើម​ថ្លៃ​គ្រាន់​បើ ក៏ប៉ុន្តែ​វា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ដំឡើង​ម៉ាស៊ីន​ប្រភេទ​នេះ។ លោក​បន្ត​ថា បើ​អាច​ទៅ​រួច នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ត្រូវ​មាន​ម៉ាស៊ីន​យ៉ាង​ហោច​ចំនួន ៣​គ្រឿង​ដែរ ដើម្បី​ដាក់​នៅ​តាម​ស្រុក៖ «កន្លង ​មក​យើង​មិន​ដែល​បាន​ឮ​សូរ​ទេ ប៉ុន្តែ​យើង​គិត​ថា ក៏​ជា​ចំណុច​ល្អ​ដែរ​ប្រសិន​បើ​គាត់​មាន​សំណើ ប៉ុន្តែ​យើង​កំពុង​តែ​គិត​ថា តើ​ថវិកា​វា​ត្រូវ​ការ​កម្រិត​ណា ហើយ​ការ​សាងសង់​ម៉ាស៊ីន​សម្ងួត​ម៉ាស៊ីន​អី​ហ្នឹង វា​ទាមទារ​ឲ្យ​មាន​សហគមន៍ បាន​យើង​ទៅ​គ្រប់គ្រង​បាន។ តាម​រយៈ​រដ្ឋាភិបាល យើង​គិត​ថា បញ្ហា​សព្វថ្ងៃ​ហ្នឹង​ថវិកា​ហ្នឹង​ដូច​ថា​វា​មាន​កំណត់​ដែរ បើ​សិន​ជា​មាន​អង្គការ​ដៃគូ​គេ​មក​សហការ​ជាមួយ​ខាង​រដ្ឋាភិបាល អា​ហ្នឹង​ប្រហែល​ជា​អាច»។
លោក​បញ្ជាក់​ថា ខាង​មន្ទីរ​កសិកម្ម​មាន​បណ្ដាញ​របស់​ខ្លួន​នៅ​តាម​ស្រុក ដើម្បី​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​នៃ​ការ​ដាំដុះ​ដល់​ប្រជា​កសិករ ទៅ​តាម​តំបន់​ធ្វើ​ស្រូវ​ប្រាំង​សំខាន់ៗ​មួយ​ចំនួន និង​ណែនាំ​ឲ្យ​ពួក​គាត់​ប្រើប្រាស់​ស្រូវ​ពូជ​ចំនួន ១០​មុខ ដែល​ក្រសួង​ណែនាំ និង​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន ដូច​ជា​ប្រភេទ​ស្រូវ​អ៊ីអ៊ែរ​៦៦ (ER 66) ជាដើម ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រជា​កសិករ​ស្ទើរ ៩០% បែរ​ជា​ធ្វើ​ស្រូវ​ពូជ​ប្រភេទ អ៊ីអ៊ែរ​៥០៤ (ER 504) ឬ​ហៅ​ស្រូវ​ណាំខូងបូង​របស់​វៀតណាម ទៅ​វិញ។
ការ​ដែល​ប្រជា​កសិករ​ខ្មែរ​និយម​ធ្វើ​ពូជ​ស្រូវ អ៊ីអ៊ែរ ៥០៤ ឬ​ក៏​ណាំខូងបូង​របស់​វៀតណាម ដោយសារ​តែ​នៅ​រដូវ​ច្រូត​របស់​ពួក​គាត់​ម្ដងៗ​ក្រុម​ឈ្មួញ​វៀតណាម ចុះ​មក​ទិញ​ច្រើន​ក្នុង​តម្លៃ​ចាប់​ពី ៩៥០​រៀល ទៅ ១​ពាន់​រៀល​ក្នុង​១​គីឡូ​ក្រាម។ ទោះ​ជា​យ៉ាង​ណា ប្រជា​កសិករ​ទាំង​នោះ​មិន​សូវ​ធ្វើ​ស្រូវ​ពីរ​ដង​ក្នុង​១​ឆ្នាំ​ឡើយ ដោយ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា បញ្ហា​ទឹក​ភ្លៀង​ជោគជាំ​នៅ​ចុង​រដូវ ដី​ខ្សោះ​ជីជាតិ និង​បញ្ហា​សត្វ​ល្អិត ឬ​កណ្ដុរ​ស៊ី​បំផ្លាញ​ជា​ដើម។
មន្ត្រី​សម្រប​សម្រួល​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​នៃ​អង្គការ​សេដាក (CEDAC) លោក ឆុង សុផល ថ្លែង​ថា ការ​បណ្ដុះ​បណ្ដាល​របស់​ក្រសួង ឬ​មន្ទីរ​កសិកម្ម​ទៅ​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​ការិយាល័យ​នៅ​តាម​បណ្ដា​ស្រុក ​នានា​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ក៏ប៉ុន្តែ​ការ​បណ្ដុះបណ្ដាល​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​តាម​ដាន ឬ​អនុវត្ត​ជាក់​ស្ដែង ដើម្បី​ធានា​ឲ្យបាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​បណ្ដុះបណ្ដាល​ទាំង​នោះ។ ទោះ​ជា​យ៉ាង​ណា លោក​ថា រាជ​រដ្ឋាភិបាល​គួរ​តែ​កំណត់​តម្លៃ​ស្រូវ​មួយ​ជាក់​លាក់ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​ការ​ចំណាយ​របស់​កសិករ៖ «វា​ឡើង​ថ្លៃ​បើ​សិន​ជា ​យើង​សម្ងួត​បាន​ល្អ មាន​ន័យ​ថា ការ​ទុក​ដាក់​យើង​បាន​យូរ អ៊ីចឹង​ការ​ទិញ​របស់​គេ​ក៏​ទៅ​តាម​ហ្នឹង​ដែរ។ យើង​ធ្លាប់​ធ្វើ​កសិកម្ម​កន្លង​មក​ក៏​អត់​មាន​ម៉ាស៊ីន​ដែរ គាត់​ហាល​ដៃ​ហាល​អី​បាន​ល្អ អ៊ីចឹង​ពេល​ខ្លះ​វា​ទាក់ទង​នឹង​ភាព​ខ្ជិល​របស់​គាត់​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បន្ទោស​ខ្លាំង​ទៅ​លើ​តម្លៃ​ស្រូវ​វា​អត់​ស្មើ​ទៅ​ នឹង​ក្ដាត​ផលិតកម្ម។ សម្រាប់​ខ្ញុំ​ជា​អ្នក​បច្ចេកទេស ខ្ញុំ​គិត​ថា ម៉ាស៊ីន​សម្ងួត និង​ការ​ហាល​កណ្ដាប់​កន្លង​មក ដែល​គាត់​ធ្លាប់​ធ្វើ​វា​អត់​មាន​ជា​បញ្ហា​អី​ធ្ងន់ធ្ងរ​ដល់​គាត់​ទេ អ៊ីចឹង​គាត់​អាច​រួម​គ្នា​ធ្វើ​ក៏​បាន​ដែរ»។
ផ្ទៃ​ដី​ធ្វើ​ស្រូវ​ប្រាំង​របស់​ប្រជា​កសិករ​នៅ​ទូទាំង​ខេត្ត​ កំពង់ឆ្នាំង មាន​ចំនួន ២៤​ពាន់​ហិកតារ ក្នុង​នោះ​មាន​ជាង ៥០០​ហិកតារ ស្ថិត​នៅ​តំបន់​ទួល​អំពិល និង​កន្លងឥន នៃ​ក្រុង​កំពង់ឆ្នាំង។ ប្រជា​កសិករ​សង្ឃឹម​ថា ស្រូវ​ប្រាំង​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ ដោយសារ​តែ​នៅ​ឆ្នាំ​នេះ​មាន​ទឹក​ជំនន់​ធំ ដែល​ធ្វើ​ឲ្យ​ដី​ល្បាប់​ហូរ​ចាក់​ចូល​ក្នុង​ស្រែ​ពួក​គាត់​កាន់​តែ​មាន​ ជីជាតិ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors