សាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានប្រកាសឲ្យដឹងថា សវនាការដើម្បីស្តាប់ទឡ្ហីករណ៍ផ្ទាល់មាត់អំពីវិសាលភាពនៃសំណុំរឿង ០០២ វគ្គ២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ កុម្ភៈខាងមុខនេះ។ នេះជាសវនាការ ដើម្បីត្រៀមរៀបចំមុននឹងឈានដល់អង្គសវនាការសំណុំរឿង ០០២ វគ្គ២ ជាផ្លូវការ។ អង្គសវនាការក៏នឹងស្តាប់សំណើរបស់មេធាវីការពារក្តីឲ្យលោក ខៀវ សំផន អំពីការបិទបញ្ចប់
សំណុំរឿង ០០២ វគ្គទី១ ផងដែរ។បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ សាលាក្តីខ្មែរក្រហមបានផ្តើមបន្តសវនាការរបស់ខ្លួនឡើងវិញ។ នៅថ្ងៃទី ១១ កុម្ភៈនេះ អង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការដើម្បីស្តាប់ទឡ្ហីករណ៍ផ្ទាល់មាត់អំពីវិសាលភាពនៃសំណុំរឿង ០០២ វបគ្គទី២ ។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃសុក្រទី ០៧ កុម្ភៈនេះ។
សវនាការនឹងបើកធ្វើចាប់ពីម៉ោង ៩ ព្រឹកដោយបើកឲ្យសាធារណជននិងបណ្តាញផ្សាយព័ត៌មានយ៉ាងទូលំទូលាយ។ នៅថ្ងៃដដែលនេះដែរ សវនាការក៏គ្រោងនឹងស្តាប់សំណើរបស់ក្រុមមេធាវីការពារក្តីរបស់លោក ខៀវ សំផន ដើម្បីបញ្ជាក់ថា សំណុំរឿង ០០២ វគ្គទី១ត្រូវបានបិទបញ្ចប់ជាស្ថាពរសិនមុននឹងចាប់ផ្តើមសវនាការលើភស្តុតាងសំណុំរឿង ០០២ វគ្គទី២ ។
លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានប្រាប់វិទ្យុបារាំងអន្តរជាតិថា សវនាការថ្ងៃទី ១១កុម្ភៈនេះគឺជាសវនាការដើម្បីអនុញ្ញាតឲ្យចៅក្រមបានដឹងអំពីវិសាលភាពនៃបទចោទ ក៏ដូចជាដឹងអំពីកាយសម្បទារនិងបញ្ញាស្មារតីរបស់ជនជាប់ចោទផងដែរ។ និយាយជារួមវាជាសវនាការដើម្បីត្រៀមរៀបចំ មុននឹងចាប់ផ្តើមអង្គសវនាការសំណុំរឿង ០០២ វគ្គទី២ ជាផ្លូវការ។ បើយោងតាមលោក ឌឹម សុវណ្ណារុំ ជនជាប់ចោទទាំងពីរ គឺ នួន ជា និង ខៀវ សំផន បានទទួលដីកាកោះឲ្យចូលសវនាការរួចហើយ ហើយអ្នកទាំងពីរក៏បានយល់ព្រមចូលខ្លួនទៅស្តាប់សវនាការនេះដែរ។
សូមបញ្ជាក់ថា សំណុំរឿង ០០២ មានជនជាប់ចោទដែលនៅរស់រានមានជីវិតចុងក្រោយតែពីរនាក់ប៉ុណ្ណោះគឺ បងធំទី២ នួន ជា និង អតីតប្រមុខរដ្ឋ ខៀវ សំផន។ ជនជាប់ចោទទាំងពីរដែលមានវ័យកាន់តែចាស់ជរាទៅហើយនោះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសន្ធិសញ្ញាក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ ។
ដើម្បីពន្លឿននីតិវិធី សាលាក្តីបានសម្រេចបំបែកសំណុំរឿងជាផ្នែកតូច។ សវនាការដើម្បីធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង ០០២ វគ្គទី១ បានឈានដល់ទីបញ្ចប់កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ ២០១។ សាលក្រមនៃសំណុំរឿងនេះត្រូវគេគ្រោងនឹងប្រកាសក្នុងអំឡុងត្រីមាសទី២នៃឆ្នាំ ២០១៤ នេះ៕