Pages

Saturday, February 8, 2014

សេរីភាពសាសនា៖លោកប្រធានាធិបតី​អាមេរិក​អូបាម៉ា​ខោកក្បាល​ភូមា និង​ចិន

 
ដោយ គួច គន្ធារ៉ា

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​យល់​ឃើញ​ថា សេរីភាព​សាសនា​នៅ​ក្នុង​ពិភពលោក គឺ​ជា​កត្តា​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​សន្តិសុខ​អាមេរិកំាង។ លោក​អូបាម៉ា​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ពិធី​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ប្រចំា​ឆ្នំា​ដែល​រៀបចំ​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កុម្ភៈ។ នា​ឱកាស​នោះ​ដែរ លោក​អូបាម៉ា​ក៏​បាន​ឆ្លៀត​អំពាវនាវ​ប្រទេស​

ភូមា និង​ចិន​ឲ្យ​យក​ចិត្ត​ទុកបន្ថែម​ចំពោះ​រឿង​គោរព​សិទ្ធិសេរីភាព​សាសនា​នេះ។« ប្រវត្តិសាស្រ្ត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា បណ្តា​រដ្ឋ​ណា​ដែល​បាន​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្លួន ពិសេស​សេរីភាព​សាសនា សុទ្ធសឹង​ជា​រដ្ឋ​ដែល​ទទួល​បាន​សន្តិភាព​ពេញ​បរិបូណ៌ និង​ភាព​សំបូររុងរឿង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​នៅ​ក្នុង​ពិធី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ប្រចំាឆ្នំា​រៀបចំ​នៅ​ក្នុង​រដ្ឋសភា​ដែល​ភាសា​អង់គ្លេស​ហៅ​ថា « National Prayer Breakfast » កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កុម្ភៈ។ យោង​តាម​លោក​អូបាម៉ា បណ្តា​រដ្ឋ​ណា​ដែល​មិន​បាន​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ច្រើន​ជា​រដ្ឋ​ដែល​កំពុង​ជួប​អស្ថិរភាព​នយោបាយ និង​អំពើហិង្សា។ លោក​អូបាម៉ា​បាន​យល់​ឃើញ​ថា គឺ​សេរីភាព​សាសនា​នេះ​ឯង​ដែល​បាន​នំា​សន្តិសុខ​ឲ្យ​សហរដ្ឋអាមេរិក។

តែ​យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា អាមេរិក​បាន​បង្ខំ​ចិត្ត​ធ្វើ​ការ​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​សន្តិសុខ នោះ​បើ​ទោះ​បី​ជា​ប្រទេស​ទំាង​នោះ​មិន​បាន​យល់​ឃើញ​ដូច​អាមេរិក​ក៏​ដោយ។ ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​គូស​បញ្ជាក់​ថា អាមេរិក​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ការពារ​ច្បាប់សកល​មួយ​នេះ​ដើម្បី​ផលប្រយោជន៍​អាមេរិកំាង​នោះ​ទេ នោះ​បើ​ទោះបី​ជា​អាមេរិក​ដឹង​ថា វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ឡើយ។
 
 ករណី​ប្រទេស​ចិន លោក​អូបាម៉ា​បាន​អះអាង​ថា អាមេរិក​បាន​សហការណ៍​ជាមួយ​ប្រទេស​ចិន​នៅ​លើ​វិស័យ​ច្រើន​ណាស់ តែ​លោក​អូបាម៉ា​បាន​ព្យាយាម​សង្កត់​ធ្ងន់​ថា គ្រប់​កិច្ចសហប្រតិបត្តិការ​ទំាង​អស់​ជាមួយ​ចិន​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​គោរព​ច្បាប់សកល ពិសេស​គឺ​ការ​គោរ​សេរីភាព​សាសនា​របស់​អ្នកកាន់​សាសនា​គ្រឹស្ត សាសនា​ព្រះពុទ្ធ​នៅ​ទីបេ និង​សាសនា​អ៊ីស្លាម​របស់​ពួក Ouïghours។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ភូមា​ថេន សេន លោក​អូបាម៉ា​ក៏​បាន​អំពាវនាវ​មាន​ការ​គោរព​សិទ្ធិ​របស់​ក្រុម​ជនជាតិ​ភាគតិច​អ្នកកាន់សាសនា​គ្រឹស្ត និង​អ្នកកាន់សាសនាអ៊ីស្លាម។
 
 ក្រៅ​ពី​នោះ លោក​អូបាម៉ា​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សេរីភាព​សាសនា​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា និង​ស៊ូដង់។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ទេ​អំពី​កិច្ចព្រមព្រៀង​នយោបាយ​នៅ​ក្នុង​ជម្លោះ​ប្រទេស​ស៊ីរី​ដែល​ត្រូវ​តែ​ធានា​លើ​ការ​គោរព​សិទ្ធិសេរីភាព​សាសនា​របស់​ពួក​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ alaouites sunnites chiites និង​អ្នកកាន់សាសនា​គ្រឹស្ត។ ចុងក្រោយ លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ព្រមាន​ក្រុម ឬ​ជន​ណា​ដែល​បាន​ព្យាយាម​បង្ក​រឿង​ដោយ​យក​សាសនា​ធ្វើ​ជា​នុយ​ដើម្បី​ប្រយោជន៍​នយោបាយ ដូច​ករណី​ប្រទេស​អាហ្រ្វិកកណ្តាល​ជា​ដើម៕