នៅថ្ងៃព្រហស្បតិ៍ អាជ្ញាធរបារាំងបានកម្ទេចចោលនូវភ្លុកដំរី ចំនួន ៣តោន ដែលរឹបអូសបានមកពីទីផ្សារងងឹត។ ការកម្ទេចភ្លុកដំរីនៅបារាំងនេះ ដែលជាលើកដំបូងបង្អស់ នៅក្នុងតំបន់អឺរ៉ុប ត្រូវបានធ្វើឡើង ដើម្បីជាការដាស់សតិសាធារណជន ព្រមទាំងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ក្នុងការទប់ស្កាត់ការជួញដូរភ្លុកដំរី។ភ្លុកដំរីចំនួន ៣តោន ដែលត្រូវបានកម្ទេចចោល នៅថ្ងៃ
ព្រហស្បតិ៍នេះ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៃស្តុកភ្លុកដំរីសរុបប្រមាណជា ១៧តោន ដែលអាជ្ញាធរបារាំងបានរឹបអូសពីផ្សារងងឹត។ ការកម្ទេចភ្លុកដំរីនេះ ត្រូវបានធ្វើឡើងជាសាធារណៈ នៅក្បែរ Tour Eiffel កណ្តាលក្រុងប៉ារីស។
លោកនីកូឡា អ៊ុយឡូ (Nicolas Hulot) បេសកជនពិសេសរបស់លោកប្រធានាធិបតីហ្វ្រង់ស័រ ហូឡង់ ទទួលបន្ទុកការពារបរិស្ថាន ដែលបានចូលរួមក្នុងពិធីកម្ទេចភ្លុកដំរី នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា បារាំង គឺជាប្រទេសដំបូងគេបង្អស់ នៅក្នុងតំបន់អឺរ៉ុប ដែលបានធ្វើការកម្ទេចភ្លុកដំរីជាសាធារណៈ ក្នុងទ្រង់ទ្រាយធំបែបនេះ ហើយថា នេះគឺជាសារមួយបង្ហាញអំពីការប្តេជ្ញារបស់អាជ្ញាធរបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃដោយខុសច្បាប់។
អង្គការក្រៅរដ្ឋាភិបាលបារាំង ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីកម្ទេចភ្លុកដំរីនេះដែរ បាននាំគ្នាអបអរសាទរចំពោះវិធានការរបស់រដ្ឋាភិបាលបារាំង ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ក៏មានអង្គការខ្លះបានរិះគន់ផងដែរថា វិធានការត្រួតពិនិត្យរបស់គយបារាំង ទៅលើការជួញដូរភ្លុកដំរី នៅមានភាពទន់ខ្សោយនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសខ្លះ ដូចជា អង់គ្លេស ជាដើម ដែលចាត់តាំងឲ្យមានមន្រ្តីគយជាច្រើនឲ្យទទួលបន្ទុកតែខាងការ ត្រួតពិនិត្យរកភ្លុកដំរី។
ការប្រយុទ្ធប្រឆាំងនឹងការជួញដូរភ្លុកដំរីកំពុងតែក្លាយទៅជាអាទិភាព ចម្បងមួយរបស់សហគមន៍អន្តរជាតិ ដោយសារតែគេមើលឃើញថា ដំរី គឺជាប្រភេទសត្វ ដែលកំពុងតែប្រឈមមុខនឹងការស្លាប់ផុតពូជ ដោយការប្រមាញ់ដោយខុសច្បាប់ ជាពិសេស នៅក្នុងតំបន់អាហ្វ្រិក ហើយភ្លុកដំរីដែលបានពីការប្រមាញ់នៅអាហ្វ្រិក ច្រើនតែត្រូវគេនាំយកទៅលក់នៅក្នុងតំបន់អាស៊ី ជាពិសេស គឺនៅចិន ដែលជាទីផ្សារធំជាងគេបង្អស់ និងទីផ្សារដ៏ធំទីពីរ គឺថៃ។
កាលពីឆ្នាំ២០១៣កន្លងទៅនេះ ការកម្ទេចភ្លុកដំរីទាំងតោនៗត្រូវបានធ្វើឡើង នៅតាមបណ្តាប្រទេសមួយចំនួន រួមមាន ហ្វីលីពីន ឥណ្ឌា ហ្កាបុង កេនយ៉ា និងនៅសហរដ្ឋអាមេរិក។ កាលពីខែមករា ដើមឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ អាជ្ញាធរចិនក៏បានធ្វើការកម្ទេចចោលភ្លុកដំរីចំនួន ៦តោនផងដែរ។ ចំណែកអាជ្ញាធរហុងកុងវិញបានសន្យាថា នឹងកម្ទេចចោលភ្លុកដំរី ចំនួន ២៨តោន ដោយចាប់ផ្តើមធ្វើពីឆ្នាំ២០១៤នេះទៅ៕ Labels: ព័ត៌មានអន្តរជាតិ