ជំនួប​ចរចា​លើក​ដំបូង​រវាង​រដ្ឋាភិបាល​ប៉ាគីស្ថាន​និង​​ពួកតាលីបង់



តំណាង​តាលីបង់​ មុន​ជំនួប​ចរចា​ជាមួួ​យ​តំណាង​រដ្ឋាភិបាល​ប៉ាគីស្ថាន
ដោយ អៀង សុខម៉ិញ
ការ​ចរចា​រវាង​រដ្ឋាភិបាលប៉ាគីស្ថាន​​ និង​ពួក​ឧទ្ទាម​តាលីបង់ បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ទី ៦ កុម្ភៈ​នេះ នៅ​ទី​ក្រុ​ងអ៊ីស្លាម៉ាបាត ដើម្បី​​​សាក​ល្បង​​បិទ​បញ្ចប់​អំពើ​ហិង្សា​ក្នុង​ប្រទេស​អូស​បន្លាយ​តាំង​ ពី​៧​ឆ្នាំ​មក។ ជា​ជំនួប​បឋម​ រៀប​ចំ​ឡើង​ដើម្បី​​​​កំណត់​បរិបទ​ផ្សេងៗ​ទាក់ទង​នឹង​ការ​ចរចាស្វែង​
រក​ សន្តិភាព។ ការចរចា​ដែល​ត្រូវ​បាន​លើក​ពេល​ជា​ច្រើន​លើក​ច្រើន​សា កំពុង​ប្រព្រឹត្ត​ទៅ​​​ក្នុង​​ពន្លក​​នៃ​ក្តីសង្ឃឹម​ច្រើន ប៉ុន្តែ​ការ​ស្វាគមន៍​នៅ​មាន​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ដដែល។មាន​ការ​យឺត​យ៉ាវពីរ​ថ្ងៃមែន ប៉ុន្តែ​នៅ​ទីបំផុត និង​ជា​លើកទី​មួយ គិត​ចាប់​តាំង​ពី​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន បាន​សម្រេច​ផ្តល់​សំណាង​ជា​ថ្មី​ដល់​ការ​ស្វែង​រក​សន្តិភាព​តាម​ផ្លូវចរចាមក ដែលមាន​​​ជំនួប​រវាង​អន្តរការី​តំណាង​​រដ្ឋាភិបាល​​និង​តំណាង​ពួក​ឧទ្ទាម​ អ៊ីស្លាម​ អាច​ប្រព្រឹត្ត​ទៅ​បាន។ ការ​ចរចា​បាន​គ្រោង​ធ្វើ​ដំបូង​ឡើយ​ថ្ងៃ​អង្គារ​ទី​៤ កុម្ភៈ ​តែ​ការ​​​ណាត់ជួប​គ្នានោះ ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ។ ហើយ​ភាគី​រដ្ឋាភិបាល​ប៉ាគីស្ថាន​អះអាង​ថា​គឺ​បណ្តាល​មក​ពី​ខាងពួក​តាលីបង់​។

​តាលីបង់ឬ​ពួក​ឧទ្ទាមTahreek-e-Taliban ប៉ាគីស្ថាន (TTP) បាន​រើ​រុះ​ប្រតិភូ​ នៅ​នាទី​ចុង​ក្រោយ ដោយ​ពេល​នេះ​មាន​តំណាង​ពីរ​នាក់​ជា​ប្រមុខ​សាសនា ប្រកាន់​ជំហរ​តឹង​រ៉ឹង ម្នាក់​ជា​មេ​ដឹកនាំ​ចលនា​ Jamaat-e-islami ជា​បក្ស​អ៊ីស្លាមនិយម។

រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាត របស់​លោក ណាវ៉ា ស្ហារីហ្វ ចង់​ឃើញ​មាន​ដំណោះស្រាយ​ជាមួយ​ពួក​តាលីបង់ តាម​ផ្លូវចរចា​ខ្លាំងណាស់ ព្រោះអំពើ​ហិង្សា​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់​ពាន់​នាក់។

តាំងពី​ខែ​វិច្ឆិកា រាល់​ទំនាក់​ទំនង​បឋម​ជាមួយ​នឹង​ពួក​ឧទ្ទាម​ត្រូវ​កាត់​ផ្តាច់​ទាំង​អស់ ពោល​គឺ​ក្រោយ​ពី​មេ​ដឹកនាំ​តាលីបង់​ម្នាក់​បាន​ស្លាប់​ដោយ​យន្តហោះ​គ្មាន​ មនុស្ស​បើក​ឌ្រូន​បាញ់​ចំ​មក។ ដូច្នេះ​ការ​ប្រកា​សឱ្យ​ដឹង​អំពី​ការ​ភ្ជាប់​ចំណង​ចរចា​ឡើង​វិញ ពិត​ជា​ក្តី​សង្ឃឹម​ថ្មីសម្រាប់​ប៉ាគីស្ថាន។ ប៉ុន្តែ​ខាង​តាលីបង់​ ហាក់​ដូច​ជា​​មិន​សូវ​ស្វាគមន៍ទេ ​និង​ហាក់​បាន​សម្តែង​ការ​​បែង​បាក់​គ្នា​ផង ជា​ពិសេស​ទៅ​លើ​ប្រសិទ្ធិភាព​នៃការចរចា។ ជាក់​ស្តែង​កាលពី​ខែ​មករា គ្រាន់​តែ​បាន​ឮការ​ប្រកាស​ចរចា​ជាមួយ​រដ្ឋាភិបាល​ភ្លាម ពួក​តាលីបង់​បាន​ស្វាគមន៍​ជាមួយ​នឹង​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ ស្លាប់មនុស្ស​អស់​៧នាក់។

ម្យ៉ាង​វិញ​ទៀត សំណើ​របស់​ភាគី​ទាំង​ពីរ មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ។ តាលីបង់​ទាមទារ​ឱ្យ​មាន​ច្បាប់​អ៊ីស្លាម Charia និង​ដាច់ខាត​មិន​ប៉ះពាល់​រដ្ឋធម្មនុញ្ញ ចំពោះ​រដ្ឋាភិបាល។ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ជានិច្ច​ដល់​​ជំនួប​ចរចា​មុនៗ ដែល​តែង​តែ​បិទ​បញ្ចប់​ទៅវិញ​​ដោយ​ភាព​បរាជ័យ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors