បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ គ្រោងចុះសួរសុខទុក្ខអ្នកជាប់ឃុំ២៣នាក់ ក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤។ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានអះអាងថានឹងនាំយកអំណោយខ្លះទៅជាមួយសមាជិកគ្រួសារជនជាប់ចោទ ទោះបីជាអាជ្ញាធរមិនអនុញ្ញាតឱ្យមន្ត្រីគណបក្សប្រឆាំងចូលជួបអ្នកទាំង២៣នាក់នោះ
ដោយផ្ទាល់ក៏ដោយ។ នេះជាបេសកម្មរបស់បក្សប្រឆាំង ដែលប្រធានសហភាពការងារកម្ពុជាមិនចូលរួមជាមួយ។បេក្ខជនតំណារាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនឹងទៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ដើម្បី«ចូលទៅសួរសុខទុក្ខពលរដ្ឋទាំង២៣នាក់ ដែលត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំ» នៅទីនោះ។ សេក្តីប្រកាសព័ត៌មាន កាលពីម្សិលមិញ បានឱ្យដឹងទៀតថាក្រុមគ្រួសារ និងសាច់ញាតិរបស់ពលរដ្ឋទាំង២៣នាក់នឹងរួមដំណើរជាមួយ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង។
ប៉ុន្តែ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ថា លោកមិនទាន់បានទទួលការអនុញ្ញាតពីប្រធានសាលាដំបូងរាជធានីភ្នំពេញ ឱ្យសមាជិកគណបក្សប្រឆាំង ចូលជួបលោក វ៉ន ពៅប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ចាន់ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ លោក ថេង សាវឿន ប្រធានបណ្តាញកសិករ និងបាតុករ២៣នាក់ទៀត ដែលត្រូវអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែមករានោះ នៅឡើយទេ។ លោក សុន ឆ័យ បានស្នើសុំចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនេះ តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី២៨ ខែមករា ជូនសាលាដំបូងរាជធានីភ្នំពេញ។
កន្លងទៅ ពោលគឺនៅថ្ងៃសុក្រ ទី២៤ ខែមករា លោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា ក្រៅពីគ្រួសារ និងមេធាវី អ្នកផ្សេងមិនអាចជួបពួកគេបានឡើយ ពីព្រោះករណីរបស់អ្នកជាប់ឃុំទាំងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ស្ថាប័នតុលាការ។
បើតាមលោក សុន ឆ័យ រហូតដល់ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនោះ ទោះបីជាប្រធានសាលាដំបូងមិនអនុញ្ញាតឱ្យក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចូលជួបអ្នកទាំង២៣រូបនោះដោយផ្ទាល់ក៏ដោយ ក៏លោកនៅតែដឹកនាំសមាជិកគណបក្សប្រឆាំងផ្សេងទៀតទៅទីនោះដែរ ដោយនាំយកទៅជាមួយនូវគ្រឿងឧបភោគ និងគ្រឿងបរិភោគ ដែលជាអំណោយសម្រាប់ជនជាប់ចោទទាំងនោះ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវឱ្យសាធារណជន អង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានចូលរួមក្នុងដំណើរនោះផងដែរ។ ប៉ុន្តែ ចំពោះលោក អាត់ ធន់ ដែលជាប្រធានសហភាពការងារកម្ពុជា និងដែលធ្លាប់បានព្យាយាម ជាមួយមេដឹកនាំសហជីពកម្មករមួយចំនួន ដើម្បីចូលជួបលោក វ៉ន ពៅ និងអ្នកឯទៀត នៅថ្ងៃទី២៤ ខែមករា មិនបានសម្រេចនោះ បានឱ្យដឹងនៅថ្ងៃនេះថា លោកនឹងមិនចូលរួមក្នុងដំណើររបស់សមាជិកគណបក្សប្រឆាំងនៅថ្ងៃនោះទេ ព្រោះ«វាជារឿងរបស់គណបក្សប្រឆាំង»៕
Labels:
ព័ត៌មានជាតិ