Pages

Friday, February 7, 2014

កម្ពុជា​ប្រើប្រាស់​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ សម្រាប់​ការ​ប្រែ​ប្រួល​អាកាសធាតុ​

សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តីពី​ហិរញ្ញប្បទាន ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ថ្ងៃទី០៧កុម្ភៈ ២០១៤។
ដោយ សួង សុភារី
រហូត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​ប្រើ​ប្រាស់​ទឹក​ប្រាក់​អស់​ប្រមាណ​ជា ៣៣៨ លាន​ដុល្លា​ហើយ សម្រាប់​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ក្នុង​ស្រុក​ក្នុង​ចំណោម​ថវិកា​ដែល​កម្ពុជា​ទទួល​បាន​ជាង ៦៥៥ លាន​ដុល្លារ។ របាយការណ៍​នេះ​ត្រូវ​បាន​គេ​បង្ហាញ នៅ​ក្នុង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៧​កុម្ភៈ​នេះ។
តាំង​ពី​ឆ្នាំ ២០០៣ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ កម្ពុជា​បាន​ទទួល​ហិរញ្ញប្បទាន​សរុប ប្រមាណ​ជា ៦៥៥​លាន​ដុល្លា ដែល​ក្នុង​នោះ​ ៦៤​ភាគរយនៃ​ទឹក​ប្រាក់​នេះ គឺ​ជា​ជំនួយ​ឥត​សំណង ដែល​​បាន​មក​ពី​គម្រោង​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ក្នុង​ស្រុក​ចំនួន ៩៥ ​ និង​៣៦​ភាគរយ ជា​កម្ចី​សម្បទាន។ នេះ​បើ​យោង​តាម​របាយការណ៍ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តីពី​ហិរញ្ញប្បទាន ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី០៧​កុម្ភៈ​នេះ​។


​អ្នក​ចូលរួម​ប្រមាណជា ៧០នាក់ ​មក​ពី​តំណាង​រដ្ឋាភិបាល ក្រសួង​បរិស្ថាន សង្គមស៊ីវិល និង​ដៃ​គូ​ពាក់​ព័ន្ធនានា បាន​ពិភាក្សា អំពី​ប្រធានបទ​ក្តៅ​គគុក​មួយ​នេះ ក្រោម​ការ​រៀប​ចំ ដោយ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តី​ពី​កម្ពុជា។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​ស្តី​ទី វេទិកានៃអង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុងពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បាន​ទទួល​រង​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ និង​កាន់​តែ​ខ្លាំង​ឡើងៗ។ ជាពិសេស​ ក្នុង​ឆ្នាំ ២០១៣ កម្ពុជា បាន​ជួប​គ្រោះ​ទឹក​ជំនន់ និង​គ្រោះរាំងស្ងួត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ជីវិត​មនុស្ស​ចំនួន ១៦៨​នាក់ ដែល​ភាគច្រើនជា​កុមារ។ ក្នុង​នោះ​ផ្ទៃ​ដី​កសិកម្ម ក៏​ត្រូវ​បាន​ទទួល​ការ​បំផ្លាញ និង​ខូចខាត​ទាំងស្រុង​ផងដែរ។

លោក តឹក វណ្ណារ៉ា បាន​បន្តថា បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​នេះ គឺ​ជា​បញ្ហា​របស់​មនុស្ស​ជាតិ​ទាំងអស់​គ្នា ដូច្នេះ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ទាំងអស់​គ្នា​ដែរ។ លោកបន្តឲ្យដឹងថា កម្ពុជា បាន​ប្រើ​ប្រាស់ ទឹក​ប្រាក់​ចំនួន ៣៣៨​លាន​ដុល្លា ក្នុង​ចំណោម ទឹក​ប្រាក់​ហិរញ្ញាប្បទាន ចំនួន ៦៦៥​លាន​ដុល្លា ដែល​ប្រមែប្រមូល​បាន។ ចំនែក​ទឹក​ប្រាក់ ៣១៦​លាន​ដុល្លា ទៀត នឹង​ត្រូវ​ប្រើ​ប្រាស់ សម្រាប់​រយៈពេល ៧​ឆ្នាំ បន្ទាប់​ទៀត ពោល​គឺ​ពី​ឆ្នាំ ២០១៤ ដល់ ២០២០។

សូម​បញ្ជាក់ថា គោល​បំណង​សំខាន់នៃ​ការ​រៀបចំ​សិក្ខាសាលា​ស្តីពិ​ហិរញ្ញប្បទាន​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​កម្ពុជានេះ គឺ​ដើម្បី ចែក​រំលែក​បទពិសោធន៍ ​បញ្ហា​ប្រឈម ការ​អភិវឌ្ឍគោល​នយោបាយ និង​បង្ហាញ​ពី​លទ្ធផល​នៃ ការ​ស្រាវជ្រាវស្តីពី​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា៕