Pages

Thursday, February 6, 2014

កងទ័ព​អាកាស​អាមេរិក​ជួប​រឿង​អាស្រូវ​ជាថ្មី

លោក​Deborah Lee Jamesប្រធាន​កងទ័ពជើងអាកាស​ ចុះជួប​ជាមួយ​កងទ័ព​ជើងអាកាស​អាមេរិក កាលពីថ្ងៃ​ទី ២២​មករា ២០១៤។
ដោយ ឈាង បុប្ផា
កាលពី​ពាក់​កណ្តាល​សប្តាហ៍​មុន កងទ័ព​អាកាស​អាមេរិក​បាន​ព្យួរ​ផ្អាកការងារ​មន្រ្តី​ទទួល​បន្ទុក​មីស៊ីល​ នុយក្លេអ៊ែរ​ចំនួន​៩២​នាក់ បន្ទាប់ពី​គេ​បាន​រកឃើញ​ថា មន្រ្តីទាំងនោះ​មាន​ជាប់ពាក់ព័ន្ធ ឬ​បាន​បន្លំ លួចចម្លង ចម្លើយ​វិញ្ញាសា នៅក្នុង​ការប្រលង​ធ្វើ​តេស្ត​សមត្ថភាព​មួយ។ រឿង​អាស្រូវ លួចចម្លង​ចម្លើយ​វិញ្ញាសា របស់​មន្រ្តី​ទ័ព​អាមេរិក ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ពី​សមត្ថភាព​របស់​មន្រ្តី​ទ័ព ដែល​ត្រូវ​ទទួល​បន្ទុក​គ្រប់គ្រង និង​បញ្ជា​គ្រាប់មីស៊ីល​នុយក្លេអ៊ែរ​របស់​អាមេរិក។

មន្រ្តីទ័ព​អាមេរិក​មិន​អាច​រួចផុត​ពី​រឿងអាស្រូវ​ដែល​ត្រូវ​បាន​ គេរកឃើញ និង​យក​មក​បរិហារ​ជា​បន្តបន្ទាប់ នៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ។ អស់ពី​រឿង​អាស្រូវ​ពុករលួយ និង​ការលួច​ប្រើ​ថ្នាំញៀន​ក្នុង​ជួរកងទ័ព មន្ទីរបញ្ចកោណ​អាមេរិក​ត្រូវ​មក​ឈឺក្បាល​នឹង​រឿង​អាស្រូវ​ដែល​ជាប់ទាក់ទង​ យ៉ាងសំខាន់ នឹង​សមត្ថភាព​របស់​មន្រ្តី​ទ័ព​ជើងអាកាស​ដែល​ត្រូវ​ទទួល​បន្ទុក ថែរក្សា និង​បញ្ជាបាញ់​មីស៊ីល ដែល​មាន​ផ្ទុកក្បាល​គ្រាប់​នុយក្លេអ៊ែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន គឺ​ប្រធានកងទ័ព​ជើងអាកាស លោកស្រី Deborah Lee James ដែល​បាន​ប្រកាស​ប្រាប់​អ្នកកាសែត ពី​ការរកឃើញ​ក៏​មិន​គួរ​ឲ្យ​ជឿមួយ។ នោះគឺ​មន្រ្តី​ដែល​បន្ទុក​កាន់គ្រប់គ្រង​គ្រាប់មីស៊ីល​ដែល​គេ​សង្ស័យ ជាប់ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​លួចបន្លំ​ក្នុង​ពេល​ប្រលង​ធ្វើតេស្ត នៅមូលដ្ឋាន​ទ័ព ម៉ុងតាណា បាន​កើនឡើង ពី​៣៤​នាក់ ដល់​៩២នាក់។ មានន័យ​ថា មន្រ្តី​ជាង​ពាក់កណ្តាល​នៃ​មន្រ្តី​ទទួលបន្ទុក​គ្រាប់នុយក្លេអ៊ែរ​របស់​ អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​ម៉ុងតាណា បាន​លួច​បន្លំ​ក្នុងពេល​ប្រលង ឬ​បាន​ដឹង​ពីការ​លួចបន្លំ ប៉ុន្តែ​មិន​ព្រមរាយការណ៍​ទៅថ្នាក់លើ។

កាលពី​បីសប្តាហ៍មុននេះ កងទ័ព​ជើងអាកាស​អាមេរិក​បាន​ព្យួរ​ការងារ​មន្រ្តីនុយក្លេអ៊ែរ​អាមេរិក ចំនួន ៣៤​នាក់ បន្ទាប់​ពី​គេ​រកឃើញថា ពួកគេ​បាន​លួចបន្លំ ក្នុងពេល​ប្រលង​ធ្វើ​តេស្ត​សមត្ថភាព។ ការរកឃើញ​សកម្មភាព​លួចបន្លំ​របស់​មន្រ្តី​អាមេរិក កើតឡើង​ដោយ​ចៃដន្យ បំផុត ព្រោះថា ដំបូងឡើយ គេ​គ្រាន់តែ​ធ្វើ​ការស៊ើប​អង្កេត និង​ចាប់​បាន​មន្រ្តី​នុយក្លេអ៊ែរ​ដែល​បាន​ប្រើថ្នាំញៀន នៅកន្លែង​ធ្វើការ។ ប៉ុន្តែ នៅក្នុង​ស្រាវជ្រាវ និង​ចាប់ខ្លួន​មន្រ្តី​ដែល​ជាប់ចោទ​ពី​បទ​ប្រើថ្នាំញៀន ក្រុមអធិការកិច្ច បាន​រកឃើញ​ចម្លើយ​វិញ្ញាសារ​រួចជាស្រេច នៅក្នុង​ទូរស័ព្ទដៃ​របស់​មន្រ្តី​យាម​គ្រាប់​នុយក្លេអ៊ែរម្នាក់។ ការលួចបន្លំ និង​ការធ្វេសប្រហែល​នៅក្នុង​ការងារ​របស់​មន្រ្តី​ទ័ព​អាមេរិក​មិនមែន​មាន​ជា ​លើក​ទីមួយទេ។ រឿង​អាស្រូវ​លើកនេះ កើតមាន​ជាបន្តបន្ទាប់​ពីរឿង​អាស្រូវ​ខ្វះ​វិជ្ជាជីវៈ​របស់​មន្រ្តីកងទ័ព​ អាមេរិក។ កាលពី​ពេលថ្មីៗនេះ មន្រ្តី​ផ្កាយ​ពីរ​ម្នាក់​របស់​កងទ័ព​ជើងអាកាស​ម្នាក់​ត្រូវ​បាន​គេ​បណ្តេញ​ ចេញ​ពី​ការងារ ដោយសារ តែ​ប្រកាន់​ឥរិយាបទ និង​ប្រើគ្រឿងស្រវឹង នៅក្នុង​ការងារ។ កាលពី​ឆ្នាំ ២០០៨ អតីត​រដ្ឋមន្រ្តីការពារ​ជាតិ​បាន​បញ្ជាឲ្យ​គេ​​ផ្លាស់ប្តូរ​តួនាទី​មន្រ្តី​ ទ័ព​អាកាស​ពីរនាក់ ពីបទ​ធ្វេសប្រហែល​ដឹកជញ្ជូន​គ្រាប់ បេ ៥២ ​ដែល​មាន​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊េរ ហោះ​កាត់​ពីលើ​សហរដ្ឋអាមេរិក។
 
ហេតុអ្វីបាន​ជា​មន្រ្តី​កាន់គ្រាប់​នុយក្លេអ៊ែរ​ចាំបាច់​លួច​បន្លំ នៅក្នុង​ពេលប្រលង?

នៅ​ម៉ុងតាណា មូលដ្ឋាន​ស្តុក​គ្រាប់​មីស៊ីល ​មាន​ផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ ស្ថិតនៅ​ក្រោមដី ក្នុង​ជម្រៅ​៣០​ម៉ែត្រ។ ជារៀងរាល់ខែ មន្រ្តី​ទទួល​បន្ទុក គ្រប់គ្រង និង​បញ្ជា​គ្រាប់​មីស៊ីល​ត្រូវ​ប្រលង រំលឹក​សមត្ថភាព។ ពួកគេ​ត្រូវ​ចាំបាច់​ទទួល​បាន​ពិន្ទុ​ល្អ គឺ​ទទួល​ជោគជ័យ​ឲ្យ​បាន​៩០​ភាគរយ​ក្នុង​ការប្រលង។ ការរឹតបន្តឹង​សមត្ថភាព និង​ការទាមទារ​ខ្ពស់ ក្នុង​ពេល​ធ្វើតេស្ត​ប្រលង អាច​ជា​មូលហេតុ​មួយ​ដែល​ជំរុញ​មន្រ្តី​លួចបន្លំ នៅក្នុង​ពេល​ប្រលង។ តាម​លោកស្រី​ប្រធាន​កងទ័ព​ជើងអាកាស ការលួចចម្លង ចម្លើយវិញ្ញាសារ​គឺ​ជារឿង​មួយ​ដែល​មិន​អាចទទួល​យកបាន និង​ផ្ទុយ​ពី​សុចរិតភាព​របស់​មន្រ្តីដែល​ទទូល​បន្ទុក​យាមការពារ និង​បញ្ជា​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ទៅ​ត្រួតពិនិត្យ​នៅ​មូលដ្ឋាន​ទ័ព​ទាំងបី​ដែល​ រក្សា​គ្រាប់មីស៊ីល​នុយក្លេអ៊ែរ លោកស្រី​ប្រធាន​កងទ័ព​ជើងអាកាស​អាមេរិក​ទទួលស្គាល់​ថា បរិយាកាស​ធ្វើការ​របស់​មន្រ្តី​រក្សា​នុយក្លេអ៊ែរ​រុករាន​ដោយ​ជម្ងឺ​ តប់ប្រមល់ ស្ត្រេស និង​ការភ័យខ្លាច។ នៅក្នុង​ទីតាំង​ស្តុកទុក​គ្រាប់​មីស៊ីល​ដែល​មាន​ ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ​ដ៏ស្មុគស្មាញ មន្រ្តី​ទាំងឡាយ​ខ្លាច​មិន​បាន​ឡើង​តំណែង នៅពេល​ប្រលងធ្លាក់ និង​ព្រួយ​បារម្ភ​ពី​អនាគត​ការងារ​របស់ពួកគេ។ សឹងតែ​មន្រ្តី​ទូទៅ នៅ​មូលដ្ឋាន​រក្សា​គ្រាប់មីស៊ីល​អាមេរិក​ជួប​ការបាក់ទឹកចិត្ត។ ពួកគេ​បាក់ទឹកចិត្ត ដោយសារ​តែ​មូលដ្ឋានទ័ព​របស់​ពួកគេ មិន​បាន​ទទួល​ការចាប់អារម្មណ៍ ឬ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​មន្ទីរ​បញ្ចកោណ។ ជារួម ខុសពី​មុខជំនាញ​ទ័ព​​ផ្សេងទៀត ដែលរវល់ខ្លាំង ដោយសារ​សង្រ្គាម​នៅ​អ៊ីរ៉ាក់ និង​នៅ​អាហ្វហ្កានីស្ថាន មូលដ្ឋាន​ស្តុកគ្រាប់​មីស៊ីល​ដែល​មាន​ផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ​មិន​បាន ​បញ្ចេញ​មុខមាត់​របស់​ខ្លួន តាំងពី​សម័យ​សង្រ្គាម​ត្រជាក់។

គួរបញ្ជាក់ថា ម៉ុងតាណា ជា​មូលដ្ឋាន​ទ័ពមួយ ក្នុង​ចំណោម​មូលដ្ឋានទ័ព​សំខាន់​បី ដែល​មាន​តាំងទី គ្រាប់មីស៊ីល​បាញ់​រយៈ​ចម្ងាយឆ្ងាយ ចំនួន ៤៥០​ដើម​របស់​អាមេរិក ដែល​​ផ្ទុក​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ។ នៅក្នុងពេល​ដែល​មាន​ផ្ទុះ​រឿង​អាស្រូវ ដែល​ធ្វើ​ឲ្យ​គេ​ចោទសួរ​ពី​សមត្ថភាព​របស់​មន្រ្តី​រក្សា​មីស៊ីល ប្រធាន​កងទ័ព​ជើងអាកាស​អាមេរិក​បាន​បញ្ជាក់ថា រឿងអាស្រូវ​មិន​បានប៉ះពាល់​ដល់​សមត្ថភាព​របស់​កម្មវិធី​អាមេរិក ក្នុងផ្នែក​បាញ់​មីស៊ីល​រយៈចម្ងាយ​ឡើយ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក បាន​បញ្ជា​ឲ្យ​គេ​​សើរើ និង​រៀបចំ​កែតម្រូវ​ឡើងវិញ ការងារ​នៅ​មូលដ្ឋាន​ស្តុក​គ្រាប់មីស៊ីល​ដែល​មាន​នុយក្លេអ៊ែរ៕